មកដឹងពីរបៀបធ្វើមីនៅផ្ទះដោយខ្លួនឯង ញ៉ាំយ៉ាងឆ្ងាញ់ ហើយមិនបាច់ព្រួយពីសុខភាព

  • 2019-10-19 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់ធ្វើមីញ៉ាំដែរទេ? វាមិនស្មុគស្មាញទេ គ្រាន់តែធ្វើតាមវិធីសាស្រ្តដូចខាងក្រោម។ ធានាថាងាយៗ ហើយធ្វើញ៉ាំបាន មានរសជាតិឆ្ងាញ់ និងមិនប៉ះពាល់សុខភាពទៀតផង។ តែបើបរិភាគច្រើនពេល វាក៏មិនល្អដែរ។

ជាការពិតណាស់ មីកញ្ចប់ជាអាហារដែលពេញនិយម ស្រួលញ៉ាំ ស្រួលចម្អិន និងចំណាយពេលមិនយូរនោះទេ។ តែបើចេះធ្វើមីដោយខ្លួនឯង វាអាចជាការងាយស្រួលបន្ថែមទៀត ដែលអាចធ្វើជូនមនុស្សដែលយើងស្រលាញ់ ហើយបង្កើនភាពរីករាយដល់ខ្លួនឯងទៀតផង។

ការធ្វើមីដោយខ្លួនឯង អាចនឹងនឿយហត់ និងចំណាយពេលបន្តិច តែវាអាចជាឱកាសបង្កើតភាពស្ងប់ និងលំហែ ហើយជាពិសេសបានញ៉ាំមីស្នាដៃខ្លួនឯងទៀតផង។ សាកសួរខ្លួនឯងមើល៎ មួយជីវិតធ្លាប់ញ៉ាំមីស្នាដៃខ្លួនឯងប៉ុន្មានដង។

វីដេអូ​រៀបរាប់​ពី​ការធ្វើមីដោយខ្លួនឯង៖

តោះ មកសាកល្បងជាមួយវិធីសាស្ត្រងាយៗទាំងនេះ៖

  • សម្រាប់ដំណាក់កាលក្នុងការធ្វើមីស្រស់ដំបូង អ្នកត្រូវថ្លឹងម្សៅសំឡីល្មមតាមតម្រូវការ រួចរែងម្សៅ។ បន្ទាប់មក ត្រូវគោះពងមាន់លាយជាមួយទឹក អំបិល ប្រេងឆាចូលបន្តិច ហើយក្រឡុកឲ្យសព្វ។ ក្រោយមកយកល្បាយនោះ មកដាក់ចូលទៅក្នុងម្សៅ។

  • បន្ទាប់មកទៀត អ្នកត្រូវលញ់ម្សៅឲ្យចូលសព្វជាមួយនឹងល្បាយពងមាន់ ហើយផ្អាប់វាទុកប្រហែល៣០នាទីដើម្បីឲ្យម្សៅរីកមាឌ។

  • បន្ទាប់ពីផ្អាប់រួច ត្រូវលញ់ម្សៅដែលបានផ្អាប់ទុកម្ដងទៀតឲ្យទន់ស្វិតល្អ រួចយកមកកិនបន្លៀតឲ្យស្ដើងតាមដែលចង់បាន និងបាចម្សៅថែមបន្តិចពេលកិនបន្លៀតឲ្យស្ដើង ហើយបត់វាលើគ្នា និងកាត់ជាសរសៃៗ។

  • ក្រោយពីបត់វាលើគ្នានឹងកាត់ជាសរសៃៗរួច អ្នកត្រូវរៀបឆ្នាំងដាំទឹកឲ្យពុះហើយដាក់ប្រេងឆាប្រហែល ២កូនស្លាបព្រាកុំឲ្យវាស្អិត ហើយដាក់សរសៃមីដែលហាន់ហើយចូលក្នុងឆ្នាំង ចម្អិនប្រហែល៨ទៅ១០នាទីដើម្បីឲ្យឆ្អិនសព្វល្អ។

  • ពេលឆ្អិនហើយ ស្រង់សរសៃមីដាក់ក្នុងចានរួចបន្តក់ប្រេងឆាបន្តិចទៀត បន្ទាប់មកអ្នកអាចយកមីហ្នឹងធ្វើញ៉ាំជាមួយទឹកស៊ុប ឬឆាតាមចំណូលចិត្ត។ កុំភ្លេចសាកធ្វើញ៉ាំណា៎!

អត្ថបទ៖ សុខុន សុម៉ាភាវី