ផលិត​សាច់​មិនទាន់​តម្រូវការ​ទីផ្សារ ក្រ​សួង​កសិកម្ម​ដាក់ចេញ​វិធានការ​ប៉ុន្មាន​ចំណុចនេះ

  • 2019-10-31 07:07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងកសិកម្ម​បានដាក់ចេញនូវចក្ខុវិស័យសម្រាប់អភិវឌ្ឍវិស័យផលិត​កម្មសត្វ ដើម្បីប្រែក្លាយផលិតកម្មសត្វទៅជា​បែបទំនើប មានលក្ខណៈប្រកួតប្រជែង មាន​ការ​ចូល​រួម​ និង​ធន់នឹងការប្រែប្រួលអាកាសធាតុ ប្រកប​ដោយ​​និរន្តរភាព ដោយ​ថា​ដើម្បី​ឲ្យ​មាន​ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ និង​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​។

ក្នុង​សិក្ខា​សាលា​ស្ដីអំពី ការលើកស្ទួយការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភនៅកម្ពុជា កាលពី​ព្រឹក​មិញ រដ្ឋ​មន្ត្រី​ក្រ​សួង​កសិកម្ម ឯកឧត្តម វ៉េង សាខុន លើក​ឡើថា​បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកវិស័យកសិកម្មជាវិស័យសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

(រូបភាព៖ ហ្វេស​ប៊ុក​ឯកឧត្តម វ៉េង សាខុន)​

ឯកឧត្តម​បន្តថា​៖ «ទោះជា​យ៉ាងណា យើងទទួលស្គាល់ថា​ ការអភិវឌ្ឍផលិតកម្មសត្វ ការស្រាវជ្រាវ ការអភិវឌ្ឍពូជ សត្វ និងការផ្តល់សេវាបច្ចេកទេស​នៅមាន​កម្រិត ​ការអភិវឌ្ឍខែ្សច្រវាក់ផ្គត់ផ្គង់មិនទាន់ឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារ ខ្វះការវិនិយោគលើការកែច្នៃផលិត​ផលសត្វ​ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រដល់ការផលិត ការកែច្នៃ និងទីផ្សារ តម្លៃអគ្គិសនីនៅខ្ពស់ ការធ្លាក់ចុះកម្លាំងពលកម្ម ស្របពេលនឹងបញ្ហាប្រឈមនានាដែលអាចកើតមានឡើងជាយថាហេតុ ដោយសារឥទ្ធិពលនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និង​ឌីជីថលភាវូបនីយកម្ម»។

ឯកឧត្តម​ឲ្យ​ដឹងទៀតថាងាក​មក​ប្រព័ន្ធផលិតកម្មសត្វ ភាគច្រើនជាផលិតកម្មខ្នាតតូច ដែលតែងតែទទួលរងនូវផលប៉ះពាល់ជាអវិជ្ជមានពីបាតុភូតធម្មជាតិ ការរាលដាលនៃជំងឺឆ្លងសត្វផ្សេងៗក៏បានដាក់បន្ទុកធ្ងន់ធ្ងរដល់ការអភិវឌ្ឍវិស័យកសិកម្មផងដែរ។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ ឯកឧត្តមថា​ក្រសួងបានដាក់ចេញនូវចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍វិស័យផលិត កម្មសត្វ ដើម្បីប្រែក្លាយផលិតកម្មសត្វបែបទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ។

ការ​កើន​ចំណូលនេះគឺ​តាមរយ: ជំរុញកំណើនផលិតកម្មសត្វឱ្យកើនបីភាគ​រយ​ក្នុង​មួយ​​ឆ្នាំ ដោយបង្កើនផលិតផលសាច់ពី ២៤០ពាន់តោននៅឆ្នាំ២០១៩ ដល់២៧០ពាន់តោននៅឆ្នាំ២០២៣ និងអត្រា​ភាគ​រយ​នៃការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មកើនពី១៩ភាគរយ​ នៅឆ្នាំ២០១៧ ដល់ ៣០ភាគរយ​ នៅឆ្នាំ២០២៣ និង​ជំរុញការចិញ្ចឹមគោពូជកូនកាត់ឲ្យបានប្រមាណ៣០ភាគរយ​នៅឆ្នាំ២០២៣៕

អត្ថបទ៖ ទូច សុខា