សប្បាយ​មែន! ពិធី​គម្រប់​ខួប​ទី ៣០​ នៃ​អនុសញ្ញា​ស្ដី​ពី​សិទ្ធ​កុមារ​ នាំ​ដំណឹង​ល្អៗ​ជា​ច្រើន​ក្នុង​ឆ្នាំ​នេះ

  • 2019-11-21 10:11:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារ​ទូទាំង​ពិភព​លោក​ សុទ្ធ​តែ​ត្រូវ​ការ​ការពារ​ និង​ទទួល​បាន​សិទ្ធ​គ្រប់គ្រាន់​ក្នុង​ការ​រស់​នៅ​។ នេះ​ជា​មូល​ហេតុ​ដែល គ្រប់​ប្រទេស​គួរ​តែ​​បង្កើត​សិទ្ធ​ដើម្បី​ធ្វើ​ការ​គាំពារ​ដល់​កុមារ។ ជាក់ស្ដែង​ អនុសញ្ញា​ស្ដី​​ពី​សិទ្ធិ​កុមារ​របស់​អង្គការ​សហប្រជាជាតិ បាន​ឈាន​ដល់​ខួប​ទី​៣០​ឆ្នាំ​ នៅ​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ។ កម្មវិធីនេះ​ប្រារព្ធឡើង និង​មាន​​ភាគី​ពាក់ព័ន្ធ​សំខាន់​ៗ​ បាន​មក​ជួបជុំ​គ្នា​នៅ The Factory Phnom Penh ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។

អនុសញ្ញា​នេះ​ធ្វើឡើងក្នុងគោលបំណង​ធានា​ថាកុមារ​​​គ្រប់រូប​មាន​សិទ្ធិ​ទទួល​បាន​ការ​ថែទាំ​សុខភាព ការអប់រំ លេងកម្សាន្ត ការ​ការពារ ការ​ចូលរួម​ផ្នែក​សង្គម និង​នយោបាយ។ អនុសញ្ញា​នេះ​កំណត់​និយមន័យ​ថា មនុស្ស​គ្រប់រូប​ក្រោម​អាយុ​១៨​ឆ្នាំ ជា​ម្ចាស់​នៃ សិទ្ធិ​មនុស្ស ហើយ​ត្រូវ​ទទួល​បាន​កិច្ច​ការពារ និង​ការ​ផ្ដល់​អំណាច​ដើម្បី​ឱ្យ​សិទ្ធិ​ទាំង​នេះ​ក្លាយ​ជា​ការពិត។

តួយ៉ាង​ប្រទេស​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដី​ពី​សិទ្ធ​កុមារ​តាំង​ពី​​ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ១៩៩២។ កុមារា និង​កុមារី​ជាង ៩៧% បាន​ចុះ​ឈ្មោះ​ចូលរៀន​ថ្នាក់​បឋមសិក្សា ​ជា​អត្រា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ អត្រា​ស្លាប់​របស់​ទារក និង​កុមារ​ក្រោម​អាយុ ៥ឆ្នាំ បាន​ធ្លាក់​ចុះ​ជាង ៧០% ហើយ​លទ្ធភាព​ទទួល​បាន​ប្រភព​ទឹក​ស្អាត​បាន​កើន​ឡើង បី​ដង ចាប់​តាំង​ពី​ឆ្នាំ១៩៩០ មក។

ប៉ុន្តែ​មិន​មែន​កុមារ​គ្រប់​​រូប​សុទ្ធ​តែ​ទទួល​បាន ភាព​ប្រសើរ​នោះ​ទេ​។ នៅ​មាន​កុមារ​ជា​ច្រើន​ដែល​នៅ​តែ​មាន​ភាព​ខ្វះ​ខាត​ ដោយ​សារ​ជីវភាព​គ្រួសារ និង​នៅ​តាម​តំបន់​​និមួយៗ​។

ការ​ប្រារព្ធ​ពិធី​នេះ គឺ​ជា​ការ​ចាប់ផ្ដើម​ និង​រៀប​ចំ​រួមគ្នា​ដោយ សហភាព​អឺរ៉ុប យូនីសេហ្វ អង្គការ Save the Children ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) និង​អង្គការ Child Right Now។

លោក​ជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា " ឆ្នាំ២០១៩នេះ គឺ​ជា​ខួប​ទី ៣០ នៃ​អនុសញ្ញា​ស្ដី​ពី​សិទ្ធ​កុមារ​របស់​អង្គការ​សហការ​ប្រជាជាតិ​ដែល​ជា​សន្ធិសញ្ញា​សិទ្ធ​មនុស្ស​ទទួល​បាន​សច្ចាប័ន​ច្រើន​ជាង​គេ​បំផុត"។

លោកស្រី គ្រី​ស្ទៀន ម៉ុន​ឌ័រតេ តំណាង​យូនីសេហ្វ​ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា “យូនីសេហ្វ មាន​មោទនភាព​ដែល​បាន​ធ្វើ​ជា​ដៃ​គូ​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​គាំទ្រ​វឌ្ឍនភាព​ឆ្ពោះ​ទៅ​រក​ការ​បំពេញ​ ​​សិទ្ធិ​កុមារ​គ្រប់​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកស្រី​ អេ​លី​ហ្សា​ប៊ែត ភៀស នាយិកា​ប្រចាំ​ប្រទេស​អង្គការ Save the Childrenបាន​លើក​ឡើង​ថា៖ "ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ​គឺ​ជា​ឱកាស​ដែល​យើង​អាច​ឆ្លុះ​បញ្ចាំង​ពី​លទ្ធផល​សម្រេច​បាន​ក្នុង​កិច្ច​ការពារ​សិទ្ធ​កុមារ​ក្នុង​ប្រទេស​កម្ពុជា​ និង​បង្កើត​អនាគត​មួយ​ដ៏​ល្អ​ប្រសើរ​សម្រាប់​មនុស្ស​គ្រប់រូប​ក្នុង​រយៈពេល​ ៣០​ឆ្នាំ​កន្លង​ទៅ​នេះ។

ព្រឹត្តិការណ៍​នេះ បាន​ផ្ដល់​សិទ្ធ​គ្រប់យ៉ាង​ដើម្បី​កុមារ​គ្រប់រូប​ មាន​សកម្ម​ភាព​កម្សាន្ត​ជា​ច្រើន​សម្រាប់​កុមារ និង​ក្រុម​គ្រួសារ​របស់​ពួកគេ ដូចជា ៖ ទស្សនា​ការ​ប្រគំតន្ត្រី​ផ្ទាល់ និង​ការ​សម្ដែង​នានា​ដោយ Dj ណាណា MC សុខ សេរី អង្គការ​ Tiny Toones អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ និង​អង្គការ​ដទៃ​ផ្សេងទៀត៕