អ្នកហោះទៅបាងកកឆ្នាំក្រោយ អាចប្រើអ៊ីនធឺណិតល្បឿនលឿន 5G បានហើយ

  • 2019-11-26 06:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ខែ​ឧសភា ឆ្នាំ ២០២០ ប្រព័ន្ធ​អ៊ីនធឺណិត​ 5G នឹង​ដាក់​ពង្រាយ​ឲ្យ​មាន​ការ​ប្រើប្រាស់​ផ្លូវការ​នៅ​ឯ​អាកាសយានដ្ឋាន​ធំៗ​ទាំង ២ របស់​ប្រទេស​ថៃ​នៅ​ឯ Don Mueang និង Suvarnabhumi។ នេះ​បើ​តាម​សារព័ត៌មាន Bangkok Post ​បាន​ចុះ​ផ្សាយ។

និយតករ​នៃ​ក្រសួង​ទូរគមនាគមន៍​របស់​ថៃ​បាន​និយាយ​ថា​អាកាសយានដ្ឋាន​ទាំង​ពីរ​ក៏​ជា​តំបន់​មួយ​ដែល​មាន​ប្រើប្រាស់​អ៊ីនធឺណិត​ល្បឿន​លឿន​ 5G មុន​គេ​បង្អស់។

នេះ​គ្រោង​តាម​ផែនការណ៍​បាន​កំណត់​ដែល​នៅ​ថ្ងៃ​ទី ២៧ វិច្ឆិកា​នេះ គណៈកម្មាធិការ​ជាតិ​ផ្សព្វផ្សាយ NBTC ក៏​នឹង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​និយតករ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៦ ក្នុង​ប្រទេស​ថៃ ស្រប​ពេល​ការ​ការ​អនុវត្ត​ដេញ​ថ្លៃ​ចេញ​អាជ្ញាប័ណ្ណ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៦ ​កុម្ភៈ ឆ្នាំ ២០២០។

អគ្គលេខាធិការ​ NBTC លោក Takorn Tantasith មាន​ប្រសាសន៍​ថា៖ "អាកាសយានដ្ឋាន​ទាំង​ពីរ​នេះ​នឹង​បម្រើ​សេវា​អ៊ីនធឺណិត 5G ទៅ​កាន់​ភ្ញៀវ​ទេសចរ​ដែល​ធ្វើដំណើរមក​កាន់​ប្រទេស​ថៃ"។ ជាង​នេះ​បច្ចេកវិទ្យា​ 5G ក៏​នឹង​ដើរ​តួ​យ៉ាង​សំខាន់​ទៅ​ក្នុង​ដំណើរការ​នៃ​សកម្មភាព​មួយ​ចំនួន​នៅ​អាកាសយានដ្ឋាន មាន​ដូច​ជា​ប្រព័ន្ធ​ស្កេន​ផ្ទៃ​មុខ ផ្នែក​សន្តិសុខ ផ្នែក​មន្ទីរពេទ្យ និង​ការ​ដឹកជញ្ជូន​ប្រកប​ដោយ​ភាព​ឆ្លាតវៃ៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា