សិស្ស​ក្រីក្រ ៩​នាក់​បាន​រៀន​ជំនាញ​ជួស​ជុល​រថយន្ត ២ឆ្នាំ​មិន​អស់​លុយ​នៅ​សាលា JVC

  • 2019-11-27 06:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត Toyota បាន​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ក្រី​ក្រ​ចំនួន ៩នាក់​បន្ថែម​ទៀត​​ដើម្បី​រៀន​ជំនាញ​បច្ចេកទេស​យានយន្ត​នៅ​ក្នុង​សាលា​បច្ចេកទេស JVC ដ៏​ល្បី​មួយ​ក្នុង​ប្រទេស​កម្ពុជា​​ដោយ​ផ្ដល់​ទាំង​ថ្លៃ​សិក្សា ស្នាក់​នៅ និង​ប្រាក់​ប្រចាំ​ខែ​មួយ​ចំនួន​ទៀត​រយៈពេល ២ ឆ្នាំ។

លោក​ឧកញ៉ា គង់ នួន​ប្រធាន​ក្រុមហ៊ុន Toyota បាន​ថ្លែង​ថា​នេះ​ជា​ជំនាន់​ទី ៨​ហើយ​ដែល​ក្រុម​ហ៊ុន​បាន​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ក្រី​ក្រ និង​អបអរ​ការ​បញ្ចប់​ថ្នាក់​អាហារូបករណ៍​ជំនាញ​បច្ចេកទេស​ជួសជុល​រថយន្ត សិស្ស​ជំនាន់​ទី ៦។

លោក​ឧកញ៉ា គង់ នួន​ប្រធាន​ក្រុមហ៊ុន Toyota

លោក បន្ត​ថា​ការ​ផ្ដល់​អាហារូបករណ៍​នេះ គឺ​ដើម្បី​ជួយ​ដល់​សិស្ស​ក្រី​ក្រ​ដែល​គ្មាន​លទ្ធភាព​បង់​ថ្លៃ​សិក្សា​រៀន​បន្ត​ថ្នាក់​បរិញ្ញាប័ត្រ​រង ឬ​បរិញ្ញាប័ត្រ ដើម្បី​ឲ្យ​ពួក​គេ​មាន​ឱកាស​ទទួល​បាន​ចំណេះដឹង ចំណេះ​ធ្វើ និង​ជំនាញ​ពាក់​ព័ន្ធ​នឹង​បច្ចេកទេស​យានយន្ត ក្នុង​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ផ្នែក​បច្ចេកទេស​ឲ្យ​កាន់​តែ​សំបូរ​បែប​។

ចំណែក​នាយក​សាលា​បច្ចេកទេស JVC លោក ស៊ឹម សារិន្ទ ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សិស្ស​ដែល​ទើប​បាន​ជាប់​អាហារូបករណ៍ និង​បញ្ចប់​ក៏​ដោយ​ត្រូវ​ខិត​ខំ​ព្យាយាម​រៀន​សូត្រ​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​ឪកាស​ទៅ​សិក្សា ឬ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ព្រោះ​ថា​បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​នៅ​ប្រទេស​ជប៉ុន​ជា​ច្រើន​បាន​នឹង​កំពុង​ស្វែង​រក​អ្នក​មាន​ជំនាញ​ជួស​ជុល​រថយន្ត​នេះ​ដើម្បី​ទៅ​ធ្វើ​ការ​បន្ថែម។

លោក ស៊ឹម សារិន្ទ នាយក​សាលា​បច្ចេកទេស JVC

លោក​ក៏​បាន​បញ្ជាក់​ថា តាំង​ពី​សង្គ្រាម​បាន​បញ្ចប់​ទៅ កម្ពុជា​សឹង​តែ​រក​អ្នក​ជំនាញ​ផ្នែក​បច្ចេក​ទេស​ជួស​ជុល​រថយន្ត​នេះ ទើប​តែ​ខាង​ជប៉ុន​ផ្ដល់​ជំនួយ​និង​អ្នក​ជំនាញ​ពីរ​នាក់​ផ្នែក​បច្ចេកទេស​បង្រៀន​នៅ​សាលា​រដ្ឋ ទើប​ចេះ​តែ​បន្ត​ដុះ​ដាល​អ្នក​ជំនាញ​ផ្នែក​នេះ​ត​រហូត​មក។

គូស​បញ្ជាក់​ដែរ​ថា គិត​មក​ដល់​ឆ្នាំ​សិក្សា​ជំនាន់​ទី ៨នេះ Toyota បាន​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​សរុប​ចំនួន ៧៩នាក់​ហើយ​ដែល​ក្នុង​នោះ​មាន​សិស្ស​ជំនាន់​ទី១ ចំនួន ១៦នាក់ ជំនាន់​ទី ២ ចំនួន ១០នាក់ ជំនាន់ទី៣ ចំនួន ១០នាក់ ជំនាន់​ទី ៤ ចំនួន ១០នាក់ ជំនាន់​ទី ៥ ចំនួន ៩នាក់ និង​ជំនាន់​ទី ៦ ចំនួន ១១ នាក់​ដែល​ទើប​​តែ​ប្រឡង​បញ្ចប់​ការសិក្សា​កាល​ពី​ខែ​សីហា​កន្លង​ទៅ រួម​ជា​មួយ​សិស្ស​ជំនាន់​ទី ៧ មាន​ចំនួន ១៣នាក់​ដែល​កំពុង​បន្ត​ការ​សិក្សា​នៅ​សាលា។

ក្រុមសិស្ស ជំនាន់​ទី ៨ដែល​ទទួល​បាន​អាហារូបករណ៍ពី​ក្រុមហ៊ុន Toyota

សម្រាប់​ឆ្នាំ​នេះ Toyota បាន​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ក្រី​ក្រ​ចំនួន ៩​នាន់​បន្ថែម​ទៀត រួម​មាន៖ ថ្លៃ​សិក្សា ការ​ស្នាក់​នៅ និង​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ប្រចាំ​ខែ ដែល​មក​ពី​ខេត្ត​ផ្សេង​ៗ​ដូច​ជា ខេត្ត​ស្ទឹង​ត្រែង កំពត តាកែវ កណ្ដាល កំពង់​ឆ្នាំង រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។

អាហារូបករណ៍​របស់ Toyota រៀន​ជំនាញ​បច្ចេកទេស​ជួសជុល​រថយន្ត​នេះ​ សម្រាប់​សិក្សា​រយៈពេល​​ពីរ​ឆ្នាំ មាន​រួម​បញ្ចូល​ទាំង​ថ្លៃ​សិក្សា ថ្លៃ​ស្នាក់​នៅ ប្រាក់​ឧបត្ថម្ភ និង​ឧកាស​ការងារ​ក្នុង​ក្រុមហ៊ុន​តូយ៉ូតា​​​ផង​ដែរ៕

សិស្សជំនាន់​ទី ៧​ដែល​បាន​បញ្ជប់​ការសិក្សា

ចុចអាន៖

អត្ថបទ៖ ម៉េងងី