វីរ​កីឡា​ការិនី​ កែ​ ឡេង​ សម្លឹង​ឃើញ​អ្នកស្នង​ថ្វីដៃ​បណ្ដើរ​ៗហើយ

  • 2019-11-28 07:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ការ​ហ្វឹកហាត់​ និង​ចេញ​ទៅប្រកួត​ជា​មួយ​កន្លង​មក​ ខ្លា​ចាស់​ខាង​វិស័យ​ប៉េតង់​របស់​កម្ពុជា​ អ្នក​ស្រី​ កែ​ ឡេង​ សម្លឹង​ឃើញ​អ្នក​មាន​សមត្ថភាព​ល្អ​បណ្ដើរៗ​ហើយ​ ដើម្បី​ជំនួស​អ្នក​ស្រី​នៅ​ពេល​ខាង​មុខ​នេះ​គឺ​កីឡា​ការិនី​ ស្រៀង​ សុរ៉ាឃីម។​

វីរកីឡា​ការិនី កែ ឡេង​(កណ្ដាល)

ម្ចាស់​មេដាយ​មាស​ប៉េតង់​ពិភពលោក​៤សម័យ​ អ្នក​ស្រី​ កែ​ ឡេង​ បាន​ឲ្យ​ដឹង​ថា​ បើ​សុខភាព​នៅ​រឹងមាំ​ អំណោយ​ផល​នោះ​គឺ​អ្នក​ស្រី​អាច​នឹង​នៅ​ប្រកួត​តទៅ​មុខ​ទៀត​ ប៉ុន្តែ​បើ​សុខភាព​មិន​អំណោយ​ផង​ទេ​ ប្រហែល​អាច​ទៅ​ជា​គ្រូ​បង្វឹក​វិញ។​

ក្រុម​ស្ត្រីកម្ពុជា(B)

យ៉ាង​ណា​មិញ​ទាក់ទង​ទៅ​និង​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ជំនាន់​ក្រោយ​ខ្លា​ចាស់​ខាង​ប៉េតង់​រូប​នេះ​បញ្ជាក់​ថា​ សៀង​ សុរ៉ាឃីម​ គឺ​មាន​សមត្ថភាព​ល្អ​ មាន​ថ្វីដៃ​ជាង​គេ​ ដោយ​សារ​តែ​បទ​ពិសោធ​នៅ​ខ្ចី​ ទាំង​ការ​ហ្វឹកហាត់​ និង​ការ​ប្រកួត​ដូច្នេះ​ត្រូវ​ការ​ពេល​បន្ថែម​ទៀត​ទើប​អាច​មក​កាន់​តំណែង​របស់​អ្នក​ស្រី​បាន។​ ចំពោះ​ការ​ប្រកួត​យុវជន​ និង​ស្ត្រី​ពិភពលោក​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ​ ប៉ុន្តែ​ក្រុម​នារី​(B)​ និង​ក្រុម​យុវជន​ មិន​ទទួល​បាន​មេដាយ​អ្វី​នោះ ​គឺ​ដោយ​សារ​​ទាក់ទង​ទៅ​និង​បទ​ពិសោធ​នៅ​ក្មេង​ខ្ចី​ ពួកគេ​នឹង​ល្អ​នៅ​ពេល​ខាង​មុខ​ជា​មិនខាន​ តែត្រូវការ​ឆ្លងកាត់​ការ​ប្រកួត​ច្រើន​ទៀត​ ទើប​អាច​ប្រមូល​អារម្មណ៍​បាន​ល្អដូច​អ្នក​ស្រី​។​

សុរ៉ាឃីម ឈ្នះ​មេដាយ​មាស​ពាន​រង្វាន់សម្ដេច ស ខេង

រំលឹក​ដែរ​ថា​ វីរ​កីឡា​ការិនី​ កែ​ ឡេង​ ជា​ម្ចាស់​មេដាយ​មាស​ប៉េតង់​ពិភពលោក​៤សម័យ​ជាប់ៗ​គ្នា​ ដែល​មិន​ទាន់​មាន​កីឡា​ការិនី​ជាតិ​ និង​អន្តរជាតិ​ណា​​ធ្វើ​បាន​ដូច​នេះ​ឡើយ។​ គិត​មក​ដល់​ពេល​នេះ​អ្នក​ស្រី​មាន​អាយុ​៥៧​ឆ្នាំ​ហើយ។​ ចំពោះ​កីឡា​ការិនី​ សៀង​ សុរ៉ាឃីម​ វិញ​បើ​ទោះ​ជា​មិន​ឈ្នះ​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ប៉េតង់​ពិភពលោក​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ​មែន​ ប៉ុន្តែ​យុវតី​ម្នាក់​នេះ​ធ្លាប់​ឈ្នះ​មេដាយ​កម្រិត​អន្តរជាតិ​ប៉ុន្មាន​គ្រឿង​រួច​មក​ហើយ​​កន្លង​មក​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​