អ្នក​ល្មើស​ច្បាប់ចរាចរណ៍​មិនត្រឹមតែត្រូវពិន័យ​ដល់​ផ្ទះ ថែមទាំងអាច​ចេញ​​លើ​ហ្វេស​ប៊ុក​ទៀត​

  • 2019-12-05 02:49:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ក្រ​សួង​សាធារណការ​លើក​ឡើងថា​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​នឹងដាក់​ចេញ​វិធានការ​មួយចំនួន​ដើម្បី​ទប់​ស្កាត់​ការ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​គ្រោះ​ថ្នាក់​ចរាចរណ៍​។

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ក្រ​សួង​សាធារណការ កាលពី​យប់​មិញ​បាន​ដក​ស្រង់​ប្រ​សាសន៍​រដ្ឋមន្ត្រី​ក្រ​សួង​សាធារណការ និងជា​អនុប្រធានអចិន្ត្រៃយ៍គណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ឯកឧត្តម ស៊ុន ចាន់​ថុល មក​ចុះ​ផ្សាយ។ ប្រ​ភព​ខាង​លើ​បាន​សរសេរថា​ ​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​​ទិសដៅបន្តយុទ្ធនាការចែកមួក បំពាក់ផ្លាកសញ្ញា បិទចំណាំងផ្លាត ជួសជុល និងថែទាំផ្លូវ និងសកម្មភាព និងយុទ្ធនាការផ្សេងៗទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។

ប្រ​ភប​បន្តថា៖ «ការដាក់កាមេរ៉ាតាមផ្លូវដើម្បីចាប់រថយន្តដែលបើកបរលើសល្បឿនកំណត់ និងរំលោភច្បាប់ចរាចរណ៍ (នឹងត្រូវពិន័យដល់ផ្ទះ ព្រមទាំងផ្សព្វផ្សាយតាមហ្វេសប៊ុកដើម្បីបង្ហាញពីឥរិយាបថអាក្រក់ក្នុងការបើកបរ) ការល្បាតឆ្មក់ពេលយប់នៅតាមផ្លូវ ការដាក់ជញ្ជីងលើដងផ្លូវមុខរោងចក្រផលិតស៊ីម៉ងត៍់ (ជាពិសេសរោងចក្រស៊ីម៉ងត៍់ក្នុងខេត្តបាត់ដំបង) ការបិទយានដ្ឋានខុសច្បាប់ឱ្យអស់នៅដំណាច់ឆ្នាំនេះ នឹងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត»។

ប្រភព​សរសេរទៀតថា៖ «ជាមួយគ្នានោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយអនុវត្តច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន យករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងទៀងទាត់ ជាពិសេស សូមកុំខ្លាចប៉ូលិស ត្រូវខ្លាចច្បាប់ និងខ្លាចសេចក្ដីស្លាប់ខ្លួនឯង ទើបមិនមានគ្រោះថ្នាក់កើតឡើង»៕

អត្ថបទ៖ ជំនោរ

អត្ថបទថ្មី