Redmi លេងខ្លាំងហ្មង! លក់ទូរសព្ទ 5G អេក្រង់ 120Hz តម្លៃត្រឹម ២៨៥ដុល្លារ
- 2019-12-11 07:08:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Redmi លេងខ្លាំងហ្មង! លក់ទូរសព្ទ 5G អេក្រង់ 120Hz តម្លៃត្រឹម ២៨៥ដុល្លារ
ចន្លោះមិនឃើញ
ម៉ាកសញ្ញាដែលស្ថិតក្រោមដំបូលរបស់ Xiaomi គឺ Redmi បានបង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនម៉ូដែល Redmi K30 និង Redmi K30 5G ដែលជាស្មាតហ្វូនលំដាប់ថវិកាដ៏ខ្លាំងក្លាផុតលេខមួយនាពេលបច្ចុប្បន្ន។
K30 5G ជាស្មាតហ្វូនដំបូងប្រើប្រាស់ឈីប Snapdragon 765G ដែលមាននាំយកប្រព័ន្ធ 5G មកជាមួយ ធ្វើឲ្យវាជាស្មាតហ្វូនដំបូងរបស់ Redmi ដែលទ្រាំទ្រ 5G។
វាមានដំណើរការដោយ Android 10 ដែលប្រើស្បែក MIUI 11 និងជម្រើស ៤ ប្រភេទគឺ RAM ៦GB/ROM៦៤GB, RAM៦GB/ROM១២៨GB, RAM៨GB/ROM១២៨GB និង RAM៨GB/ROM២៥៦GB។
K30 5G គឺមានអេក្រង់ LCD ទំហំ ៦,៦៧ អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត ២៤០០x១០៨០ ភីកសែល និងមាន Refresh Rate ល្បឿន ១២០ Hz ដែលជាស្មាតហ្វូន Redmi ដំបូងមានវា។ អេក្រង់នេះមានចោះរន្ធដូចគ្រាប់ថ្នាំ ដែលផ្ទុកកាមេរ៉ា Selfie ទំហំ ២០MP និងកាមេរ៉ាវាស់ជម្រៅ ២MP។
នៅផ្នែកខាងក្រោយមានតម្រៀបកាមេរ៉ា ៤ គ្រាប់។ វាមានកាមេរ៉ាមេកម្រិត ៦៤MP (Sony IMX686), កាមេរ៉ា Ultrawide កម្រិត ៨MP (១២០ ដឺក្រេ), កាមេរ៉ា Macro កម្រិត ៥MP និងកាមេរ៉ាវាស់ជម្រៅ ២MP។
ស្មាតហ្វូននេះមានបំពាក់ប្រព័ន្ធបញ្ចុះកម្ដៅដោយចំហាយទឹក, មាន Bluetooth 5.1, មានថ្មទំហំ ៤៥០០ mAh និងសាកថ្មល្បឿនលឿន ៣០ វ៉ាត់ ហើយមានជម្រើសពណ៌បួនគឺខៀវ, ក្រហម, ស្វាយ និងពណ៌ស។
K30 មានការឌីហ្សាញដូចនឹង K30 5G ដែរ ដោយមានចំណុចខុសគ្នាបន្តិចបន្តួច។
K30 នេះប្រើឈីប Snapdragon 730G ដែលមិនទ្រាំទ្រសេវា 5G ឡើយ។ វាក៏មានកាមេរ៉ា Macro កម្រិតតូចត្រឹម ២MP និងទ្រាំទ្រការសាកថ្មល្បឿន ២៧ វ៉ាត់, មានប្រើ Bluetooth 5.0 និងមានជម្រើសពណ៌តែបីគឺ ខៀវ, ក្រហម និងស្វាយ។
Redmi K30 មានតម្លៃចាប់ពីប្រមាណ ២៣០ ដុល្លារ ចំណែក K30 5G វិញមានតម្លៃចាប់ពីប្រមាណ ២៨៥ ដុល្លារ ជាតម្លៃនៅប្រទេសចិន។ K30 នឹងមានលក់ចាប់ពីថ្ងៃទី ១២ ខែធ្នូ ហើយ K30 5G នឹងមានលក់នៅខែមករា ឆ្នាំ ២០២០៕
ចុចអាន ៖ ចប់ត្រឹមហ្នឹងហើយ Microsoft និយាយពាក្យលា ទៅកាន់ Windows Mobile ហើយ!