ប្រុសស្អាត ដេវីដ បង្កើតប្រវត្តិសាស្ត្រផ្ទាល់ខ្លួន ក្នុងមហោស្រពភាពយន្តជាតិលើកទី៦
- 2019-12-11 08:13:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសស្អាត ដេវីដ បង្កើតប្រវត្តិសាស្ត្រផ្ទាល់ខ្លួន ក្នុងមហោស្រពភាពយន្តជាតិលើកទី៦
ចន្លោះមិនឃើញ
តួឯកប្រុសក្នុងរឿង "ស្នេហាក្មេងៗ" លោក រ៉ុង សុភីដេវីដ បានបង្កើតប្រវត្តិសាស្ត្រផ្ទាល់ខ្លួនដោយឈ្នះបានជយលាភីលើកដំបូងបំផុតពីមហោស្រពភាពយន្តជាតិលើកទី៦ទើបបញ្ចប់ថ្មីៗ។ ជ័យជំនះរបស់លោកក៏ព្រមជាមួយសិល្បករខ្មែរមួយចំនួនទៀត ដែលបង្កើតប្រវត្តិសាស្ត្រថ្មីបំផុតរបស់ខ្លួនពីព្រឹត្តិការណ៍ខាងលើដែរ។
ដេវីដ បានឈ្នះជយលាភី ពានតួសម្ដែងបុរស ឆ្នើមប្រចាំឆ្នាំ ២០១៩ ស្របពេលដែលលោកមានបទពិសោធន៍តិចតួចនៅឡើយ ក្នុងនោះ ទើបតែចូលរួមសម្ដែងភាពយន្តលើកដំបូងបំផុតក្នុងរឿង "ស្នេហាក្មេងៗ" ឬ "Young Love" ហើយហើយរឿងនេះ ក៏បានចូលទៅប្រកួតដណ្ដើមជយលាភីលើកដំបូងបំផុតរបស់ខ្លួនក្នុងមហោស្រពភាពយន្តជាតិ។ ជាលទ្ធផលភាពយន្ត "ស្នេហាក្មេងៗ" មិនបានពានភាពយន្តឆ្នើមប្រចាំឆ្នាំនោះទេ ប៉ុន្តែក្រុមការងារផលិតរបស់ភាពយន្តបានឈ្នះពានមួយចំនួន។
ជាក់ស្ដែង លោក សុភីដេវីដ ឈ្នះពានតួសម្ដែងប្រុសឆ្នើមប្រចាំឆ្នាំដែលសូម្បីតែសាមីខ្លួនក៏នឹកស្មានមិនដល់។ ភ្លាមៗ តន្ត្រីករវិវត្តខ្លួនបន្ថែមមកជាតារាសម្ដែងរូបនេះ នៅលើវេទិកា បានគាំងនិយាយអ្វីមិនចេញ។ លោកថា លោករំភើបពេកនិយាយមិនចេញទេ គឺបានត្រឹមតែអរគុណចំពោះការស្រឡាញ់ទាំងឡាយ។
ផ្ដល់បទសម្ភាសន៍ក្រោយបញ្ចប់កម្មវិធី ដេវីដ ប្រាប់ថា ពេលនោះលោករំភើបខ្លាំងមិនដឹងថា យកពាក្យអ្វីមកនិយាយឲ្យសមនោះទេ។ "និយាយទៅខ្ញុំមិនគិតថា ខ្ញុំអាចទទួលលទ្ធផលល្អដូចនេះទេ ព្រោះខ្ញុំជាតន្ត្រីករទេ ប៉ុន្តែបានសាកចូលសម្ដែងភាពយន្តលើកដំបូង ក៏ទទួលបានលទ្ធផលនឹកស្មានមិនដល់ វាភាពយន្តខ្ញុំសម្ដែងដំបូង ចូលរួមក្នុងមហោស្រពនេះដំបូង ហើយឈ្នះជយលាភីនេះដំបូងទៀត និយាយទៅគឺរំភើបខ្លាំងមែនបង"។
រ៉ុង សុភីដេវីដ មានវ័យ ២២ឆ្នាំ ជាតន្ត្រីករក្នុងក្រុមតូច Small World Small Band(SWSB)។ លោកត្រូវបានជ្រើសរើសដោយកញ្ញា រិទ្ធី លម្អរពេជ្រ និងលោក ម៉ុង ម៉ានិត ដែលជាអ្នកនិពន្ធ និងដឹកនាំរឿង ឲ្យចូលសម្ដែងក្នុងរឿង "ស្នេហាក្មេងៗ" របស់ផលិតកម្ម កងចក្រភីកឈ័រ។ ជាលទ្ធផលក៏បានពានតារាសម្ដែងប្រុសឆ្នើមប្រចាំឆ្នាំតែម្ដង។
បើទោះជាចាប់ផ្ដើមជាមួយអាជីពជាតន្ត្រីករ ប៉ុន្តែលទ្ធផលខាងលើ ដេវីដ ឲ្យដឹងថា ទាំងនេះនឹងជួយឲ្យលោកលូកកាន់តែជ្រៅក្នុងអាជីពសិល្បៈ ពោលគឺការសម្ដែង ហើយនឹងអាចពង្រីកទៅដល់អាជីពផ្សេងទៀត ដូចជាដើរម៉ូដជាដើម ដោយសារតែលោកមានសក្ដានុពលលើរូបរាងជាស្រេច ក្នុងនោះលោកមានកម្ពស់ដល់ទៅ ១,៧៥ ម៉ែត្រ និងមានវ័យក្មេងថែមទៀត។
បន្ថែមពីនេះ លោកក៏ជាកីឡាករមួយរូបដែរ គឺជាកីឡាករតៃក្វាន់ដូ ដែលធ្លាប់ឈ្នះមេដាយមាសពីព្រឹត្តិការណ៍មួយចំនួនផង។ ដូច្នេះហើយ ចំណូលចិត្តរបស់លោក គឺចូលចិត្តប្រកួតប្រជែង(Challenging)។ “ខ្ញុំក៏ជាកីឡាករតៃក្វាន់ដូរដែរ អីចឹងហើយចូលចិត្តប្រកួត...ដូច្នេះទៅមុខ បើមានឱកាសក្នុងការចាប់យកអាជីពអីថ្មីបន្ថែមទៀត ខ្ញុំនឹងចាប់!”។ ដេវីដ ថ្លែង។
មិនត្រឹមតែ រ៉ុង សុភីដេវីដ ទេដែលបង្កើតកំណត់ត្រាថ្មីបំផុតលើកដំបូងសម្រាប់ខ្លួនឯង។ ប៉ុន្តែនៅមានសិល្បករជើងថ្មីច្រើនទៀតដែលសម្រេចបានសមិទ្ធផលដូចគ្នានេះ ក្នុងនោះរួមមាន រិទ្ធី លម្អរពេជ្រ និង ម៉ុង ម៉ានិត អ្នកនិពន្ធ សន ពិសិដ្ឋ វីនិច្ច វីរៈ សំណាង ប៉ាក នី វ៉ាន់ថា កញ្ញា វណ្ណៈ បរមី ជាដើមសុទ្ធតែសម្រេចបានលទ្ធផលអស្ចារ្យដំបូងបំផុតក្នុងអាជីពរបស់ខ្លួននៅក្នុងមហោស្រពភាពយន្តជាតិលើកទី៦នេះ ទៅតាមប្រភេទទេពកោសល្យរៀងៗខ្លួន៕