កីឡដ្ឋាន​ស្ដង់ដា​ត្រៀម​ស៊ីហ្គេម​នៅ​ខេត្ត​កំពង់​ស្ពឺ ​ចាប់​ផ្ដើម​បុក​គ្រឹះ​ហើយ​

  • 2019-12-16 02:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡដ្ឋាន​ស្ដង់ដារ​អន្តរជាតិ​មួយ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ​បាន​ចាប់​ផ្ដើម​បុក​គ្រឹះ​សាងសង់​ហើយ ​ក្រោម​វត្តមាន​របស់​ឯកឧត្ដម​ ហ៊ុន ម៉ានី​ តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពង់​ស្ពឺ​ផ្ទាល់​តែ​ម្ដង។

កីឡដ្ឋាន​មួយ​នេះ ​ស្ថិត​នៅ​ភូមិ​ តាម៉ុល ​សង្កាត់​ច្បារមន​ ក្រុង​ច្បារមន ​ខេត្ត​កំពង់ស្ពឺ​។ កីឡដ្ឋាន​នឹង​ត្រូវ​សាងសង់​លើ​ផ្ទៃ​ដី​ប្រមាណ​៤ហិចតា។ ឯកឧត្ដម​ ហ៊ុន ម៉ានី ​បាន​បញ្ជាក់​ថា​នេះ​ជា​កិត្តិយស​ថ្មី​មួយ​សម្រាប់​អ្នក​ខេត្ត​កំពង់​ស្ពឺ​ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​ក្នុង​ខេត្ត​នេះ។ វា​ក៏​ជា​ផ្នែក​មួយ​សម្រាប់​ជួយ​វិស័យ​កីឡា​នៅ​កម្ពុជា​ឈាន​ទៅ​មុខ​មួយ​កម្រិត​ទៀត​ដែរ ​នៅ​ពេល​ដែល​កីឡដ្ឋាន​នេះ​សាងសង់​រួច​រាល់។

មួយ​វិញ​ទៀត ​វា​ក៏​នឹង​ក្លាយ​ជា​កន្លែង​មួយ​សម្រាប់​កម្ពុជា ​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣​នា​ពេល​ខាង​មុខ​ផង​ដែរ។ ​មិន​ត្រឹម​តែ​កសាង​កីឡដ្ឋាន​នេះ​ទេ ​តាម​គម្រោង​នឹង​មាន​ការ​កសាង​អ្វី​ជា​ច្រើន​ទៀត​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ​ដើម្បី​កែ​ប្រែ​មុខ​មាត់​ខេត្ត​មួយ​នេះ ​កុំ​ឱ្យ​គេ​នៅ​តែ​និយាយ​ថា​ខេត្ត​កំពង់​ស្ពឺ​ជា​ខេត្ត​ទៅ​ហួស​មក​ហួស​ទៀត។

ចំពោះ​ថវិកា​នៃ​ការ​កសាង​វិញ ​ឯកឧត្តម ​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​កំពុង​សិក្សា​ថា​នឹង​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន។ ខណៈ​ដែល​ក្រុម​ហ៊ុន​ណាហ្គាវើល ​បាន​ផ្ដល់​ប្រាក់​២​លាន​ដុល្លារ ​និង​សប្បុរជន​ជា​ច្រើន​នាក់​ទៀត​ក៏​បាន​ចូល​រួម​ជួយ​ផង​ដែរ។ ​ឯកឧត្តម ហ៊ុន ម៉ានី ​ក៏​ប្រកាស​ឱ្យ​បង​ប្អូន​អ្នក​ខេត្ត​កំពង់​ស្ពឺ ​ចូល​រួម​ជួយ​គ្នា ​តិច​ក្ដី​ច្រើន​ក្ដី ​ដើម្បី​កសាង​កីឡដ្ឋាន​នេះ​ឱ្យ​បាន​ល្អ និង​រួច​រាល់​ទាន់​ពេល​វេលា​៕

អត្ថបទ៖ ប្រុស យុទ្ធ