មិនដឹងមានសង្សារតាំងពីអង្កាល់ ស្រាប់តែ ស្រីនិច្ច ព្រលយចង់រៀបការឆ្នាំក្រោយទៅហើយ
- 2019-12-17 01:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនដឹងមានសង្សារតាំងពីអង្កាល់ ស្រាប់តែ ស្រីនិច្ច ព្រលយចង់រៀបការឆ្នាំក្រោយទៅហើយ
ចន្លោះមិនឃើញ
តួស្រីក្នុងរឿង "ស្រទន់មន្តស្នេហ៍" កញ្ញា ស៊ឹម ស្រីនិច្ច ថ្មីៗនេះ បានព្រលយឲ្យអ្នកគាំទ្រនាងដឹងថា នាងទំនងជាគ្រោងចូលរោងការនៅឆ្នាំក្រោយនេះហើយ។ ដំណឹងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយសារតែកន្លងមក គេមិនធ្លាប់លេចលឺថានាងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសណាម្នាក់ឡើយ។
ស្រីនិច្ច បានព្រលយពីបញ្ហានេះ ក្រោយពីបានឃើញអ្នកដទៃគ្រោងនឹងរៀបចំជីវិតគូនៅឆ្នាំ ២០២០ បន្តបន្ទាប់។ ដូច្នេះហើយ នាងថា នាងក៏ទំនងជាបញ្ចប់ភាពនៅលីវរបស់នាងនៅក្នុងឆ្នាំថ្មីខាងមុខនេះដែរ។ តារាស្រីវ័យក្មេងរូបនេះសរសេរនៅលើបណ្ដាញសង្គមរបស់នាងផ្ទាល់ថា "Next years គេជូនពរអោយជីវិតគេជួបគូល្អៗក្នុងឆាកជីវិត តែសម្រាប់ខ្ញុំ Next years យកប្តីតែម្តងខ្ចិលលាក់ទៀតណាស់ខ្លាចបាប"។
សរសេរមិនខ្លីមិនវែងនេះ បានធ្វើឲ្យប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ ប៉ុន្តែអ្នកខ្លះក្នុងចំណោមនោះ ក៏មិនជឿទាំងស្រុងដែរ ព្រោះយល់ថា ស្រីនិច្ច គ្រាន់សរសេរលេងប៉ុណ្ណោះ។ ប៉ុន្តែអ្នកផ្សេងទៀតយល់ថា តួឯកស្រីក្នុងរឿងនិយាយពីជីវិតរបស់ឯកឧត្តម ទៀ បាញ់ រូបនេះ មិនលេងនោះទេ ពិសេសគេចាប់អារម្មណ៍ត្រង់ពាក្យថា "ខ្ជិលលាក់ទៀតណាស់ខ្លាចបាប"។
ជុំវិញបញ្ហានេះ សាមីខ្លួនបានឆ្លើយប្រាប់ Sabay ថា នាងមិនបានលេងសើចទេ ពោលគឺអ្វីដែលនាងបានសរសេរនៅលើហ្វេសប៊ុករបស់នាង គឺជាការពិត។ នាងឆ្លើយតបនឹងសហការី Sabay ថា "ចាសបង...ពិតមែន"។ ស្រីនិច្ច បានបង្ហើបទៀតថា នាងបានមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់ហើយ ដូច្នេះហើយ ទើបនាងហ៊ានសរសេរសារដូចប្រិយមិត្តបានឃើញ។
បែបនេះក្ដី តារាស្រី សុំសិទ្ធិមិនអធិប្បាយបន្ថែម ឬក៏លម្អិតពីគូស្នេហ៍របស់នាង ដោយសារតែនាងមិនទាន់ចង់បើកបង្ហាញអត្តសញ្ញាណគូស្នេហ៍ថា គេឈ្មោះអ្វី អាយុប៉ុន្មាន ជាសិល្បករឬក៏សាមញ្ញជននោះទេ។ ក្រៅពីនេះ សូម្បីតែថា ពួកនាងបានសេពគ្នាតាំងពីពេលណា ដោយរបៀបណា ក៏នាងសុំមិនអធិប្បាយនាពេលនេះដែរ។
កញ្ញា ស៊ឹម ស្រីនិច្ច គឺជាតារាស្រីកំពុងពេញនិយមមួយរូប ក្រោយពីនាងទើបបានប្រឡូកសិល្បៈរយៈពេលខ្លីប៉ុណ្ណោះ។ នាងត្រូវបានគេស្គាល់ច្រើនបន្ទាប់ពីបានចូលរួមសម្ដែងក្នុងរឿងភាគទូរទស្សន៍ "ស្រទន់មន្តស្នេហ៍"។ បន្តបន្ទាប់មកទៀតនាង ក៏ចាប់បានតំណែងតួឯកក្នុងរឿងជាច្រើនទៀត ក្នុងនោះត្រូវបានលោក ខាំ ភូរិ ជ្រើសរើសឲ្យសម្ដែងជាតួឯកស្រីក្នុងរឿងខ្សែភាពយន្តខ្នាតធំនិយាយពីប្រវត្តិពិតរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនាពេលបច្ចុប្បន្នថែមទៀតផង៕