ដើមឈើខូច និងមានហានិភ័យនៅប្រាសាទព្រះខ័ននឹងត្រូវកាត់ចេញ
- 2019-12-17 02:35:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមឈើខូច និងមានហានិភ័យនៅប្រាសាទព្រះខ័ននឹងត្រូវកាត់ចេញ
ចន្លោះមិនឃើញ
ក្រុមកាត់ក្រីមែកឈើ របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ក្រីមែកឈើ និងកាត់ដកហូតដើមឈើមានហានិភ័យខ្ពស់មួយចំនួន ស្ថិតនៅបរិវេណប្រាសាទព្រះខ័ន តាមផ្លូវចូលមុខរានហាលខាងជើង។
ដើមឈើទាំងនោះរួមមាន កាត់ដកហូតដើមស្រឡៅងាប់ ២ដើម មានអង្កត់ផ្ចិតទំហំ១១០ ស.ម កម្ពស់ ប្រហែល ៣៦ម៉ែត្រ ដុះជាប់ផ្លូវ និងនៅមុខរានហាលខាងជើង។ ដើមខ្នុរព្រៃងាប់ អង្កត់ផ្ចិតទំហំ៦០ ស.ម កម្ពស់ ប្រហែល ៣៦ម៉ែត្រ ដុះក្បែរកំពែងប្រាសាទផ្នែកខាងជើង។ កាត់ក្រីមែកដើមខ្នុរព្រៃរស់ចំនួន ១ដើម មានអង្កត់ផ្ចិតទំហំ៥០ ស.ម កម្ពស់ ប្រហែល១៨ម៉ែត្រ ដុះជាប់ផ្លូវច្រកចូលខាងជើងខាងក្រៅកំពែង។
បន្ថែមពីនេះ ក្រុមការងារកាត់ក្រីមែកឈើក៏បានពិនិត្យស្ថានភាពដើមឈើដុះទ្រេតជាប់ផ្លូវ មានមែកសាខានិងមានវល្លិ៍ច្រើនដុះគ្រប មានប្រព័ន្ធឬសខ្សោយ សណ្ឋានដីជ្រាយមិនហាប់ណែន ដែលអាចបង្កហានិភ័យទៅថ្ងៃមុខផងដែរ។ ក្នុងនោះបានកាត់ចេញពាក់កណ្តាលដើមស្រឡៅចំនួន ១ដើមអង្កត់ផ្ចិតទំហំ១០០ ស.ម កម្ពស់ ប្រហែល ៣០ម៉ែត្រ និងដើមឈើមួយចំនួនទៀតដែលមានស្ថានភាពដើមដុះទ្រេត ជាប់ផ្លូវ នៅមុខរានហាលខាងជើង មានប្រព័ន្ធឬសខ្សោយ(មានជំងឺ) តួដើមមានប្រហោងក្នុង និងប្រេះ។
ក្រុមការងារនៃនាយកដ្ឋានព្រៃឈើ បានចាប់ផ្តើមចុះអនុវត្តការងារនេះកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។ គោលបំណងសំខាន់នៃកិច្ចការទាំងនេះ គឺដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ទុកជាមុន ជៀសវាងបាក់ដួលរលំ ប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាប្រាសាទព្រះខ័ន និងកុំឱ្យបាក់ខូចខាតប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទជាដើម៕