ក្ដៅៗ! កាត់ទោសប្រហារជីវិត អតីតប្រធានាធិបតីប៉ាគីស្ថាន ពីបទក្បត់ជាតិ
- 2019-12-18 02:14:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! កាត់ទោសប្រហារជីវិត អតីតប្រធានាធិបតីប៉ាគីស្ថាន ពីបទក្បត់ជាតិ
ចន្លោះមិនឃើញ
អតីតប្រធានាធិបតីប៉ាគីស្ថានលោក Pervez Musharraf ត្រូវបានកាត់ទៅប្រហារជីវិតដោយកំបាំងមុខ ក្រោយត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ។
យោងតាមសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា តុលាការរដ្ឋធានី Islamabad បានផ្ដន្ទាទោសលោក Musharraf កាលពីថ្ងៃអង្គារពីបទរំលោភរដ្ឋធម្មនុញ្ញ ដោយបង្កើតច្បាប់ប្រកាសអាសន្នដោយខុសច្បាប់អំឡុងពេលលោកនៅកាន់អំណាច។ កាលពីឆ្នាំ ២០១៤ លោក Musharraf ត្រូវបានចោទប្រកាន់សរុបចំនួន ៥បទល្មើសរួមមានការបំផ្លាញ, លុបចោល និងផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់ប្រទេស, ការបណ្ដេញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេស និងការបង្កើតច្បាប់ប្រកាសអាសន្ន។
យ៉ាងណាមិញ មកទល់ពេលនេះ លោក Musharraf បាននិងកំពុងរស់នៅក្នុងប្រទេសឌូបៃ ក្រោយពេលដែលតុលាការប៉ាគីស្ថានអនុញ្ញាតឲ្យលោកធ្វើដំណើរទៅក្រៅប្រទេសក្នុងន័យព្យាបាលជំងឺ។ ប៉ុន្តែកាលពីដើមខែកន្លងទៅ អតីតប្រធានាធិបតីរូបនេះ បានចេញវីដេអូពីលើគ្រែក្នុងមន្ទីរពេទ្យដោយអះអាងថាលោកមិនដឹងរឿងអ្វីទាំងអស់ ហើយការចោទប្រកាន់ថាក្បត់ជាតិ គឺគ្មានមូលដ្ឋានច្បាស់លាស់។
គួរឲ្យដឹងថា លោក Musharraf បានក្ដោបក្ដាប់អំណាចយោធាដោយធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ ១៩៩៩ និងបានទទួលតំណែងជាប្រធានាធិបតីដឹកនាំប៉ាគីស្ថានកាលពីឆ្នាំ ២០០៨៕