រថយន្ត Lexus RX ស៊េរី​ឆ្នាំ២០២០ ផ្លាស់​ប្ដូរ​ច្រើន

  • 2019-12-19 07:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ត្រកូល RX ស៊េរី​ឆ្នាំ​២០២០ ក្រុមហ៊ុន​ជប៉ុន Lexus បាន​បង្ហាញ​ចំនួន​២​ម៉ូដែល​រួមមាន RX និង​ RXL ដោយ​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​ទាំង​ផ្នែក​ខាងក្រៅ ខាងក្នុង និង​បច្ចេកវិទ្យា​ផ្សេងៗ ធ្វើ​ឱ្យ​រថយន្ត​ទាំងនេះ ទទួល​បាន​​ការ​កែប្រែ​កាន់​តែ​ទំនើប។

រថយន្ត Lexus RX កៅអី​៣ជួរ​ស៊េរី​ឆ្នាំ​២០២០ ​មាន​ភាព​ឆើតឆាយ និង​ទាក់ទាញ តាម​រយៈ​ការ​បើកបរ​ដ៏​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ Driving Dynamics។ ប្រព័ន្ធ​នេះ​ពេល​បើកបរ វា​នឹង​នឹង​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ជាច្រើន ពោល​គឺ​​បូម​ ​​ប៉ុង​​ និង​ហ្រ្វាំង​របស់​វា ​នឹង​ធ្វើ​ការ​ជាមួយ​គ្នា ដោយ​បន្ទាប​ខ្លួន​ទាប​ឬ​ខ្ពស់ ​​តាម​ស្ថានភាព​ផ្លូវ​។

មិន​តែ​ប៉ុណ្ណោះ​វា​ត្រូវ​បាន​កែប្រែ​ប្រព័ន្ធ Multimedia System និង​មាន​បន្ថែម​ប្រព័ន្ធ​សុវត្ថិភាព​ស្តង់ដារ ហើយ​ថែម​ទាំង​បញ្ចូល Apple CarPlay® សម្រាប់​ទូរស័ព្ទ iPhone ដើម្បី​សម្រួល​ដល់​ការ​ប្រើប្រាស់​របស់​ភ្ញៀវ​។

ម៉ូដែល Lexus RX ស៊េរី​ឆ្នាំ ២០២០ ទាំងអស់​មាន​លក្ខណៈ​ពិសេស​ទាន់សម័យ ដោយ​​ផ្នែក​ខាង​ក្រៅ​ ​ខាងមុខ និង​ខាង​ក្រោយ ត្រូវ​បាន​កែ​លម្អ និង​ការ​រចនា​កង់​ថ្មី​ស្តង់ដារ ១៨ អ៊ីញ។ ចង្កៀង​មុខ​អំពូល LED បីជាន់ ក៏​ត្រូវ​បាន​រចនា​ឡើង​វិញ​ ខណៈ​ខាង​ក្នុង​អតិថិជន​អាច​ប្រើ​បាន​នូវ​អេក្រង់​ Touch Screenទំហំ ១២,៣ អ៊ីញ ភ្ជាប់​ជាមួយ​ឧបករណ៍​បញ្ជា​ពី​ចម្ងាយ​។

យ៉ាងណា​នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​ខ្លះ​ៗ​ប៉ុណ្ណោះ ហើយ​រថយន្ត​​ Lexus RX ស៊េរី​ឆ្នាំ ២០២០ ដំណើរការ​ដោយ​ម៉ាស៊ីន​សាំង V6 ទំហំ ៣៥០០ សេសេ​នេះ បានចាប់​ផ្ដើម​សង្វាក់​ផលិតកម្ម នៅ​ត្រីមាស​ទី៣ ឆ្នាំ​២០១៩​។

សូម​បញ្ជាក់​ផង​ដែរ​ថា អត្ថបទ​នេះ​មិន​សំដៅ​លើ​ម៉ូដែល​ណាមួយ​ឡើយ ព្រោះប្រិយមិត្ត​ដឹង​ហើយ Lexus RX មាន​ច្រើន​រួមមាន Lexus RX 330, RX 350, RX 400h ជាដើម៕

ប្រភព៖ Netcarshow   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី