រឿង ២យ៉ាងរបស់ប្រជាជនជប៉ុនធ្វើឲ្យនិស្សិតខ្មែរម្នាក់ចាប់អារម្មណ៍ខ្លាំង
- 2019-12-23 04:20:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ២យ៉ាងរបស់ប្រជាជនជប៉ុនធ្វើឲ្យនិស្សិតខ្មែរម្នាក់ចាប់អារម្មណ៍ខ្លាំង
ចន្លោះមិនឃើញ
លោក ឌួង កុលវាសនា និស្សិតជាប់អាហារូបករណ៍ រដ្ឋាភិបាលជប៉ុនបានប្រាប់ពីអារម្មណ៍ពេលទៅបន្តការសិក្សានៅប្រទេសជប៉ុនថា «តែងតែជាក្ដីស្រមៃរបស់ខ្ញុំតាំងពីរៀននៅវិទ្យាល័យមកម្ល៉េះ ហើយពេលនេះខ្ញុំបានមកសិក្សានៅទីនេះ ក៏ដោយសារតែអាហារូបករណ៏របស់ប្រទេសជប៉ុន ដែលមានឈ្មោះថា Mext Scholarship។ ការមករស់នៅទីនេះតែម្នាក់ឯង ឆ្ងាយពីក្រុមគ្រួសារនិងមិត្តភក្តិ មានការលំបាកក៏ពិតមែន ប៉ុន្តែវាបានផ្ដល់ឱកាសឱ្យខ្ញុំ ប្រកួតប្រជែងនឹងខ្លួនឯង និងបង្កើតមិត្តភាពថ្មីៗថែមទៀត»។
លោក ឌួង កុលវាសនា **«ថានៅពេលដែលខ្ញុំមកដល់ទីក្រុងតូក្យូភ្លាម អ្វីៗគ្រប់យ៉ាងវាប្លែកខ្លាំង ហើយខ្ញុំត្រូវការពេលពីរទៅបីខែ ដើម្បីសម្របខ្លួនតាមបរិយាកាសរស់នៅ ដ៏ថ្មីមួយនេះ»។ មានរឿងពីរយ៉ាងដែលខ្ញុំចាប់អារម្មណ៍ពី ប្រទេសជប៉ុនគឺ ទីមួយជនជាតិជប៉ុនគឺជាមនុស្សដែលខិតខំធ្វើការខ្លាំង ហើយពួកគេមានការគោរពគ្នាទៅវិញទៅមក ទោះបីជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។ រឿងទីពីរនោះគឺ ការធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែងទៀតនៅក្នុងទីក្រុងតូក្យូ**។
លោកបន្តថា វាមានភាពងាយស្រួលនិងធានាសុវត្ថិភាព មិនថាធ្វើដំណើរតាមរថភ្លើងឬក៏រថយន្តក្រុង យើងអាចជិះវាបានសឹងតែពីគ្រប់ទីកន្លែង នៅក្នុងទីក្រុងដ៏ធំមួយនេះ។ បន្ថែមពីលើនេះ រដ្ឋាភិបាលជប៉ុនបានធ្វើឱ្យកាន់តែងាយស្រួលថែមទៀត សម្រាប់សិស្ស និស្សិត និងអ្នកធ្វើការ ដោយផ្ដល់តម្លៃសមរម្យជាងមុនសម្រាប់ពួកគេ។
លោកបានបន្ថែមថា បច្ចុប្បន្នលោកកំពុងសិក្សាភាសាជប៉ុន នៅសាលាភាសាមួយដែលស្ថិតនៅក្នុង ទីក្រុងតូក្យូ។ លោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់ទាំងអស់ តែងតែជួយគាំទ្រមិនថាលោកមានបញ្ហាអ្វីក៏ដោយ។ ភាសាជប៉ុនគឺជាភាសាមូយដែលពិបាករៀន ប៉ុន្តែរៀនវាជាមួយនិងពួកគេ បានធ្វើឲ្យដំណើររៀនមួយនេះប្រែក្លាយទៅជាសប្បាយ និងមិនសូវពិបាកដូចមុន។ ក្រៅពីនេះ កាលពីរដូវក្ដៅឆ្នាំនេះបានចូលរួមកម្មវិធីផ្លាស់ប្ដូរ ជាមួយនឹងក្រុមគ្រួសារជនជាតិជប៉ុន ហើយពួកគេបានផ្ដល់ការស្នាក់នៅដ៏ល្អមួយសម្រាប់លោក និងធ្វើឲ្យលោកមានអារម្មណ៍ថាដូចជាសមាជិកក្រុមគ្រួសារម្នាក់ផងដែរ។
លោកក៏បានបញ្ជាក់ថា ពួកគេហាក់ដូចជាមានចំណាប់អារម្មណ៏ខ្លាំង និងចង់ដឹងថែមទៀតអំពីវប្បធម៌របស់ប្រទេសដទៃទៀត ហើយពួកយើងបានជជែកលេងជាមួយគ្នា និងចែករំលែកអំពីវប្បធម៌គ្នាទៅវិញទៅមកយ៉ាងច្រើន។ ក្នុងអំឡុងពេលនេះ ខ្ញុំបានស្វែងយល់បន្ថែមអំពីវប្បធម៌ជប៉ុន និងជីវិតរស់នៅប្រចាំថ្ងៃរបស់ជនជាតិជប៉ុន ដែលជាអ្វីដែលខ្ញុំមិនអាចរៀនពីសាលាបាន ។
សរុបសេចក្ដីមកលោកបានប្រាប់ថា ការរស់នៅក្នុងប្រទេសជប៉ុន គឺជាបទពិសោធន៍មួយថ្មី ដែលលំបាក និងសប្បាយក្នុងពេលតែមួយ ហើយខ្ញុំនឹងរង់ចាំមើលថាមានអ្វីនឹងកើតឡើងនៅពេលខាងមុខទៀត៕
រូបភាព៖ ស្ថានទូតជប៉ុននៅកម្ពុជា