មនុស្សតិចណាស់ទៅដល់ ទឹក​ធ្លាក់​៣២​ជាន់ តែបើទៅដល់ហើយ​ដឹងតែលង់សម្រស់មិនខាន

  • 2019-12-27 03:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំ​ក្បាល​ដំរី​ មាន​ទឹក​ធ្លាក់ ៣២ ជាន់​ ស្ថិត​នៅ​ក្នុង​ភូមិ​​ថ្មី ឃុំ​ទួល​ល្វា ស្រុក​ប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​មាន​សម្រស់​ស្រស់​ផូរផង់​លាក់​កំបាំង​ខ្លួន​កណ្ដាល​ព្រៃ​ ប្រៀប​ដូច​ត្បូង​មិន​ទាន់​ច្នៃ។ ត្បូង​មិន​ទាន់​ច្នៃ​សំដៅ​ដល់​សម្រស់​គ្រប់​យ៉ាង​នៅ​ធម្មជាតិ​ទាំង​អស់​ដែល​ធ្វើ​ឲ្យ​ផ្លូវ​ឡើង​ភ្នំ​មាន​ការ​លំបាក​ គឺ​ឡាន​មិន​អាច​បើកបរ​បាន​នោះ​ទេ​ ដោយ​ភ្ញៀវ​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​រយៈពេល​២​ម៉ោង ក្នុង​ចម្ងាយ​ផ្លូវ ៣ គីឡូម៉ែត្រ ទើប​ដល់​ទឹក​ធ្លាក់​ទី ៣០ ឬ ៣២។

 

32-water-fall-somank-phnom-9 លោក ពីង ផល្លា អ្នក​នាំ​ភ្ញៀវ​ប្រចាំ​ ម៉េម៉ូរីយ៉ា ផាឡេស

  នៅ​ក្នុង​អំឡុង​នៃ​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ភ្ញៀវ​ទាំងឡាយ​នឹង​រំលស់​អស់​ទុក្ខ​កង្វល់​ តាម​រយៈ​ការ​ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ​ពី​ព្រៃ​ភ្នំ ហើយ​នឹង​អាច​ឃើញ​ទិដ្ឋភាព​ នៃ​ការ​រស់​នៅ​របស់​អ្នក​ភូមិ និង​ដើម​ឈើ​ហូប​ផ្លែ រួម​ទាំង ដំណាំ​ផ្សេង​ៗ ដូចជា ដំឡូង​មី ចម្ការ​ទុរេន ចម្ការ​ស្វាយ តាង៉ែន ចេក ជាដើម។ ជាពិសេស​ពេល​ធ្វើ​ដំណើរ​ជិត​ដល់​គោល​ដៅ ភ្ញៀវ​ទេសចរណ៍​ទាំង​ឡាយ​នឹង​លាន់ឮ​ស្នូរ​ទឹកហូរ​រហឹម​ៗ​ពី​ដំណាក់​មួយ​​ទៅ​ដំណាក់​មួយ លាយឡំ​នឹង​សំឡេង​បក្សាបក្សី​​ រណ្ដំ​ត្រចៀក​ ប្រៀប​បាន​នឹង​កំពុង​ស្ដាប់​ភ្លេង​បែប​ធម្មជាតិ​រុញច្រាន​ទុក្ខ​កង្វល់​របស់​ប្រិយមិត្ត​រសាត់​ចេញ​ពី​ខ្លួន​ប្រាណ។

  រមណីយដ្ឋាន​ទឹក​ធ្លាក់​ ៣២ ជាន់ ត្រូវ​បាន​អ្នក​ភូមិ​ប្រៀប​ប្រដូច​ទៅ​នឹង​កូន​ក្រមុំ​ ឬ​ត្បូង​មិន​ទាន់​ច្នៃ ព្រោះ​អ្វី​ៗ​ នៅ​ស្រស់​ស្អាត​ទាំង​អស់​នៅ​មិន​ទាន់​មាន​ការ​កែ​ច្នៃ ដោយ​នៅ​សេសសល់​ព្រៃ​ឈើ​​ច្រើន និង ទឹក​ធ្លាក់​ត្រជាក់​ស្ទើរ​តែ​អាច​ក្លា​សេ​ភេសជ្ជៈ​យ៉ាង​ត្រជាក់​មិន​ចាញ់​ទឹក​កក​ឡើយ។

  លោក ពីង ផល្លា អ្នក​នាំ​ភ្ញៀវ​ប្រចាំ​ ម៉េម៉ូរីយ៉ា ផាឡេស បាន​ប្រាប់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" ​ថា រមណីយដ្ឋាន​នេះ មាន​លក្ខណៈ​ពិសេស​គឺ​នៅ​សល់​ព្រៃ​ឈើ​ច្រើន ហើយ​អ្នក​ភូមិ​ប្រកប​របរ​ធ្វើ​ចម្ការ ដោយ​បាន​ដាំ​ដំណាំ​ហូប​ផ្លែ​នៅ​តាម​ផ្លូវ​ជាច្រើន ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ធ្វើ​ដំណើរ​មិន​ហត់​នឿយ រួម​ផ្សំនឹង​ភាព​រួសរាយ​រាក់ទាក់​របស់​អ្នក​ភូមិ​ផង​ដែរ។ "អ្នក​ភូមិ​នៅ​ទី​នេះ​រួសរាយ​ខ្លាំង​ណាស់ នៅ​ពេល​ឃើញ​ភ្ញៀវ​ដើរ​ឆ្លង​កាត់​រមែង​ស្រែក​សួរ ហើយ​ជួន​កាល​ពួកគាត់​ឲ្យ​ផ្លែ​ឈើ​ញុំា​ហ្រ្វីៗ​ក៏​មាន"។

 

ទស្សនា​វីដេអូ

 

អ្នក​នាំ​ភ្ញៀវ​រូប​នេះ បាន​រៀបរាប់​ទៀត​ថា រៀងរាល់​ថ្ងៃ​ចុង​សប្ដាហ៍ ឬ ថ្ងៃ​បុណ្យ​ទាន​ធំៗ គឺ​មាន​ភ្ញៀវ​មក​ទស្សនា​នៅ​ទី​នេះ​ប៉ុន្ដែ​ភាគច្រើន​គឺ​ក្រុម​និស្សិត ឬ ភ្ញៀវ​បរទេស​ ដែល​ចូល​ចិត្ត​មក​ទស្សនា​បែប​ផ្សងព្រេង​រុករក​របស់​ធម្មជាតិ។

  លោក ពីង ផល្លា បាន​សម្ដែង​ក្ដី​សង្ឃឹម​ថា រមណីយដ្ឋាន​ទឹក​ធ្លាក់​ ៣២ ជាន់​នេះ នឹង​មាន​ការ​កែ​ច្នៃ​តិចតួច ជាពិសេស​ការ​ស្ថាបនា​ផ្លូវ ដើម្បី​បង្ក​លក្ខណៈ​​ងាយ​ស្រួល​ដល់​ភ្ញៀវ​គ្រប់​ប្រភេទ​អាច​មក​ទស្សនា​ រមណីយដ្ឋាន​​ទឹក​ធ្លាក់ ៣២ ជាន់​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៧គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​មួយ​នេះ៕

  32-water-fall-somank-phnom-1

  32-water-fall-somank-phnom-14

  32-water-fall-somank-phnom-2

  32-water-fall-somank-phnom-3

  32-water-fall-somank-phnom-4

  32-water-fall-somank-phnom-6

  32-water-fall-somank-phnom-10

  32-water-fall-somank-phnom-11

  32-water-fall-somank-phnom-12

  32-water-fall-somank-phnom-13

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា