ទស្សនៈអ្នកបើកបរ និងការប្ដេជ្ញាគោរពច្បាប់ចរាចរណ៍
- 2019-12-30 07:23:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនៈអ្នកបើកបរ និងការប្ដេជ្ញាគោរពច្បាប់ចរាចរណ៍
ចន្លោះមិនឃើញ
ចាប់តាំងពីច្បាប់ចរាចរណ៍ផ្លូវគោក បានដាក់ចេញកាលពីឆ្នាំ ២០១៥មក ឃើញថា ការអនុវត្តបានប្រសិទ្ធភាពបានច្រើនគួរសម ប៉ុន្ដែភាពអសកម្មនៅតែបន្ដកើតមាននៅលើដងផ្លូវ។ មតិរិះគន់ក៏មានចំពោះការអនុវត្តច្បាប់របស់នគរបាល និងអ្នកប្រើប្រាស់ដងផ្លូវ។ ដូច្នេះពេញ១ឆ្នាំ ២០១៩ ដែលត្រៀមកន្លងផុតទៅឆាប់ៗនេះ អាចជាមេរៀនមួយសម្រាប់ឆ្នាំថ្មី។ តើឆ្នាំ ២០២០ ប្រជាពលរដ្ឋបានប្ដេជ្ញាធ្វើអ្វីខ្លះចំពោះបញ្ហាចរាចរណ៍? ក្នុងចំណោមអ្នកបើកបរ ១៥នាក់ ដែលSabay បានជួប ក្នុងនោះ Sabay បានសម្រង់៦ចំណុចផ្សេងៗគ្នា ដែលពួកគាត់បានឆ្លើយ និងប្ដេជ្ញាចិត្តក្នុងការគោរពច្បាប់ចរាចរណ៍ ឲ្យខានតែបាននៅឆ្នាំ ២០២០ ខាងមុខនេះ៖
១. ពាក់មួកសុវត្ថិភាព៖ កែទម្លាប់មិនល្អមួយចំនួន ដែលជិះម៉ូតូផ្លូវជិតៗ គិតថាមិនពាក់មួកសុវត្ថិភាព ងាកមកពាក់វិញ។ ទី១ គិតពីសុវត្ថិភាពខ្លួនឯង ទី២ គោរពច្បាប់ ទី៣ លើកតម្កើនសេចក្ដីថ្លៃថ្នូរជាតិសាសន៍ខ្មែរ។
២. មិនជិះបញ្ជ្រាស់៖ ធ្លាប់ម្ដងម្កាលនៅពេលជាប់ភ្លើងស្ដុបស្ទះចរាចរណ៍ម្ដងម្កាល រមែងចង់ជិះបញ្ជ្រាស់ ព្រោះតែប្រញាប់ចេញទៅធ្វើការ។ ផ្លាស់ប្ដូរលែងជិះបញ្ជ្រាស់រូតរះងើបពីព្រឹក ទៅធ្វើការឲ្យទាន់ និងមិនបំពានច្បាប់ចរាចរណ៍។
៣. មិនជិះហួសល្បឿនកំណត់៖ ២០២០ ផ្លាស់ប្ដូរទម្លាប់អាក្រក់មួយចំនួន ជាពិសេសការបើកបរលើដងផ្លូវ ដែលធ្លាប់ជិះហួសល្បឿនកំណត់នៅពេលចរាចរណ៍ស្ងាត់ ងាកមកគោរពច្បាប់ ដោយបើកបរប្រុងប្រយ័ត្ន។
៤. បើកបរមិនមានសារជាតិស្រវឹង៖ ខ្ញុំធ្លាប់ឆ្លងកាត់ដែរ ដែលចេញពីពីធីជប់លៀង ឬពិធីមង្គលការ បានសេពគ្រឿងស្រវឹងហើយបើកបរ ប៉ុន្ដែឆ្នាំថ្មីនេះ ផ្លាស់ប្ដូរឥរិយាបថមិនល្អនេះចោលដោយបើកបរគ្មានជាតិស្រវឹង បើកបរប្រុងប្រយ័ត្ន។
៥. គោរពភ្លើងស្ដុប និងស្លាកសញ្ញា៖ មិនចាំដល់ឆ្នាំថ្មី គឺចាប់ពីពេលនេះ គ្មានឡើយការចតលើគំនូសសញ្ញា និងភ្លើងលឿងហៀបក្រហម បង្កើនល្បឿន គឺគោរពច្បាប់ចរាចរណ៍ គោរពស្លាកសញ្ញា និងភ្លើងសញ្ញា ដែលមានចែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោក។
៦. ឈប់បន្ទោសអ្នកដទៃ តែចាប់ផ្ដើមពីខ្លួនយើង៖ សម្រាប់ខ្ញុំវិញ ខ្ញុំគិតថា កន្លងមកឃើញមានអ្នករិះគន់ច្រើនលើបណ្ដាញសង្គមអំពីបញ្ហាចរាចរណ៍ ប៉ុន្ដែការគោរពច្បាប់នៅលើដងផ្លូវហាក់មានមិនសូវដូចការបំពងសំឡេងលើបណ្ដាញសង្គម ដូច្នេះ ចាប់ពីពេលនេះ ផ្ដើមពីយើងម្នាក់ គោរពច្បាប់ចរាចរណ៍ឲ្យខានតែបាន ហើយបើរិះគន់ គឺក្នុងន័យស្ថាបនា៕
តើប្រិយមិត្តផ្សេងទៀតមានទស្សនៈដូចម្ដេចដែរ? ហើយប្ដេជ្ញាដូចម្ដេចដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា?