នូ ស៊ឹប៖ ខ្ញុំ​មាន​សិទ្ធិ​អី​ឲ្យ​សមាគម​​កោះហៅ​សិល្បករ​ណា​មួយ​មក​អប់រំ!

  • 2020-01-11 03:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក នូ ស៊ឹប តារា​ចម្រៀង​ជើង​ចាស់ បាន​បញ្ចេញ​សារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ដោយ​លោក​លើក​ឡើង​ថា ដូច​ជា​លោក​នេះ តើ​មាន​សិទ្ធិ​អ្វី ដែល​អាច​បង្គាប់​ឲ្យ​សមាគម​សិល្បៈ​ឲ្យ​កោះ​ហៅ​សិល្បករ​ណា​ម្នាក់​មក​ធ្វើ​ការ​អប់រំ​បាន​នោះ។

ត្បិត​ថា មិន​បញ្ចេញ​ចំ​ឈ្មោះ​សិល្បករ​រូប​ណា​នៅ​ក្នុង​សាច់​រឿង ប៉ុន្តែ​តារា​ចម្រៀង​ជើង​ចាស់ បញ្ចេញ​សារ​បែប​នេះ បន្ទាប់​ពី​មុន​១​ថ្ងៃ មាន​សារព័ត៌មាន​ចុះផ្សាយ​ថា​លោក បាន​ស្នើ​ទៅ​សមាគម​សិល្បៈ​ឲ្យ​កោះ​ហៅ​នាយ ចឺម ដែល​មាន​រឿង​រ៉ាវ​ជាមួយ​នារី​ម្នាក់ រហូត​ដល់​គេ​វាយ​ឲ្យ​បែក​ក្បាល​នោះ មក​អប់រំ ព្រោះ​ថា សិល្បករ សីលធម៌​គឺ​សំខាន់​ណាស់។

យ៉ាង​ណា លោក នូ ស៊ឹប បាន​សម្ដែង​ការ​ហួស​ចិត្ត ក្រោយ​ឃើញ​ព័ត៌មាន​នោះ។ លោក​ថា មិន​ដឹង​ថា ព័ត៌មាន​នោះ​ចេញ​តាម​ប្រភព​នោះ​ទេ ត្បិត​ថា លោក​មិន​ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​លើ​ករណី​នេះ​ទេ ហើយ​បើ​លោក​ទៅ​និយាយ នៅ​កន្លែង​ណា​ផ្សេង​ក៏​លោក​មិន​ធ្លាប់​ដែរ។ "មែន​ទែន​ទៅ ខ្ញុំ​ស្ទើរ​មិន​ដឹង​រឿង ចឺម ផង ខ្ញុំ​បាន​ឃើញ​ព័ត៌មាន​គេ​បង្ហោះ ហើយ​ខ្ញុំ​ភ្ញាក់ អ្ហាក​ក្មួយ​ចឺម កើត​រឿង​អី ស្រាប់​តែ​ចៅ​របស់​ខ្ញុំ​វា​ស្រែក​ពី​លើ​ឡៅតឿ​ថា គេ​ថត​កុន​ទេ​តា​អើយ!”។

នាយ ចឺម ធ្វើ​ជា​យំ​លេង​ក្នុង​ថ្ងៃ​ការ​មិត្ត​សិល្បករ

ដូច្នេះ​ហើយ លោក បាន​បញ្ជាក់​ថា លោក​អត់​បាន​និយាយ​ទាល់​តែ​សោះ តែ​មិន​ដឹង​ថា យ៉ាង​ម៉េច​ស្រាប់​តែ​មាន​ព័ត៌មាន​សរសេរ​ចេញ​មក​បែប​នេះ ហើយ​ដាក់​ឈ្មោះ​របស់​លោក​ថែម​ទៀត។ លោក ទទួល​ស្គាល់​ថា លោក​ពិត​ជា​ធ្លាប់​ជា​តារា​ចម្រៀង​ឲ្យ​ហង្សមាស​តាំង​ពី​ម្ភៃ​ឆ្នាំ​មុន​មែន​ដូច​ការ​ចុះ​ផ្សាយ​មែន ប៉ុន្តែ​វា​គ្រាន់​តែជា​រឿង​អតីតកាល​ប៉ុណ្ណោះ។ ដោយ​ឡែក​រឿង​ផ្សេង​ទៀត​ពី​ការ​អធិប្បាយ​ដូច​ព័ត៌មាន លោក​ថា ពិត​ជា​មិន​បាន​និយាយ​មែន។

លោក​គ្រូ នូ ស៊ឹប លើក​ឡើង​ថា "សព្វ​ថ្ងៃ​រស់​ក្រោម​ដំបូល​ផ្ទះ​ជួល​បាន​ទទួល​ឧបត្ថម្ភ​ពី​សមាគម​សិល្បៈ​ផង​ពី​សប្បុរសជន​ផង​មាន​ពី​សិល្បករ​ជំនាន់​ក្រោយ​ៗ​ផង​ជួយ​ផ្ដល់​ជីវភាព​ដោយ​ក្ដី​សប្បុរស​ សួរ​ថា​តើ​ខ្ញំ​បាទ​ម្នាក់​នេះ​អាច​មាន​សិទ្ធិ​អី​នឹង​ស្នើ​អោយ​សមាគម​សិល្បៈ​កោះហៅ​សិល្បករ​ណា​មួយ​ក៏​ដោយ ដែល​ថា​ខុស​ក្រម​សីលធម៌​មក​អប់រំ​ទៅ​បាន... ខ្ញុំ​ខំ​ថែ​រក្សា​តែ​សុខភាព​ក្នុង​វ័យ​ជរា​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ"។

ម្ចាស់​បទ "ផ្កា​រោយ​មុន​រដូវ" ប្រាប់​ទៀត​ថា តាំង​ពី​បាន​ឃើញ​ព័ត៌មាន​ដែល​ផ្សាយ​ថា លោក​ស្នើ​ឲ្យ​សមាគម​សិល្ប់​ហៅ​នាយ ចឺម មក​អប់​រំ​នោះ​មក លោក​សម្រាកសម្រាន្ត​មិន​ដែល​បាន​លក់​ស្រួល​ឡើយ។ ដូច្នេះ​ហើយ ទើប​លោក​ដាច់​ចិត្ត​សរសេរ​ខ្លះ​ដូច​ខាង​លើ ទុក​ជា​ការ​បកស្រាយ និង​បន្សាប​ការ​យល់​ច្រឡំ​ទាំង​ឡាយ​ផង៕

អត្ថបទ៖ ស៊ុន ហួត

អត្ថបទថ្មី