ទីបំផុត! អ៊ីរ៉ង់យល់ព្រម ប្រគល់ប្រអប់ខ្មៅរបស់យន្ដហោះដែលខ្លួនបាញ់ធ្លាក់ ទៅឲ្យអ៊ុយក្រែន

  • 2020-01-20 02:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​អ៊ីរ៉ង់ បាន​អះអាង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ខ្លួន​បាន​រៀប​ចំ​បញ្ជូន​ប្រអប់​ខ្មៅ​នៃ​យន្ដហោះ​ដែល​មីស៊ីល​បាញ់​ធ្លាក់ ទៅ​ឲ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​ហើយ។

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Tasnim ឲ្យ​ដឹង​ថា​អាជ្ញាធរ​បាន​រៀប​ចំ​អ្នក​ជំនាញ​មក​ពី​ប្រទេស​បារាំង, កាណាដា និង​សហរដ្ឋអាមេរិក ដើម្បី​ត្រួត​ពិនិត្យ​ទិន្នន័យ និង​ម៉ាស៊ីន​ថត​សំឡេង​ពី​យន្ដហោះ​ដឹក​អ្នក​ដំណើរ​អ៊ុយក្រែន​ដែល​ត្រូវ​យោធា​អ៊ីរ៉ង់​ច្រលំ​បាញ់​កាល​ពី​ថ្ងៃ​ទី ៨​ខែ​មករា​កន្លង​ទៅ។ យ៉ាង​ណា​មិញ គេ​នៅ​មិន​ទាន់​ដឹង​ថា​ប្រអប់​ខ្មៅ​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​អ៊ុយ​ក្រែន​ពេល​ណា​នោះ​ទេ ដោយ​រង់​ចាំ​ការ​ត្រួត​ពិនិត្យ​ពី​អ្នក​ជំនាញ​សិន។ ប៉ុន្តែ​ច្បាស់​ណាស់​ថា ប្រអប់​ខ្មៅ​នឹង​មិន​ត្រូវ​បាន​បើក​ក្នុង​ប្រទេស​អ៊ីរ៉ង់ ហើយ​បញ្ជូន​បន្ដ​ទៅ​កាន់​ប្រទេស​បារាំង។

គួរ​ឲ្យដឹង​ថា ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់ បាន​កើត​ឡើង​ក្រោយ​ពេល​ដែល​អ៊ីរ៉ង់​បាញ់​មីស៊ីល​ដាក់​មូលដ្ឋាន​ទ័ព​អាមេរិក​ពីរ​កន្លែង​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​ជា​ការ​សង​សឹក​អាមេរិក​ដែល​សម្លាប់​ឧត្ដមសេនីយ៍​កំពូល​របស់​ខ្លួន។ អ៊ីរ៉ង់ បានទទួលស្គាល់កំហុសរបស់ខ្លួន ដោយនិយាយថាវាជា "កំហុសរបស់មនុស្ស" ដោយសារតែយន្តហោះ បានហោះជិតនឹងប្រព័ន្ធការពារ ដែលបង្កឲ្យមានការបាញ់មីស៊ីលដោយចៃដន្យ។ បើតាមសេចក្តីថ្លែងការណ៍យោធាមួយ បានបញ្ជាក់ថា ការបាញ់ប្រហារនេះគឺ “ដោយអចេតនា” ប៉ុណ្ណោះ។

ទោះ​យ៉ាង​ណា​ក៏​ដោយ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​អ៊ីរ៉ង់​កាន់​តែ​ធ្លាក់​ចូល​ជ្រៅ​ទៅ​ក្នុង​វិបត្តិ​អន្ដរជាតិ និង​ត្រូវ​ប្រឈម​មុខ​ជាមួយ​ការ​ខឹង​សម្បារ​ពី​ប្រជាពលរដ្ឋ ដោយ​ពួកគេនាំ​គ្នា​ចេញ​មក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទូទាំង​ប្រទេស និង​ទាមទារ​ឲ្យ​មេដឹក​នាំ​កំពូល​អ៊ីរ៉ង់​លោក Ayatolla Ali Khamenei ចុះ​ចេញ​ពី​តំណែង​ហើយ​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការ​បាញ់​ទម្លាក់ ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ទៀត​ផង៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ រ័ត្ន