ហេតុផលដែលអ្នកប្រើ Galaxy S9 គួរឡើងស៊េរីទៅ Galaxy S20

  • 2020-02-17 03:06:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ Galaxy S9 ដែល​បាន​រំលង​ស្មាតហ្វូន​ Galaxy S10 កាល​ពី​ឆ្នាំ​មុន ពេល​នេះ​គួរ​តែ​ពិចារណា​ប្ដូរ​ស៊េរី​ទៅ​កាន់​ Galaxy S20 ជា​ជំនាន់​ចុង​ក្រោយ​បំផុត។ ត្បិត​ថា​ Galaxy S9 នៅ​តែ​មាន​សមត្ថភាព​ខ្លាំង​លើ​ផ្នែក​មួយ​ចំនួន ប៉ុន្តែ​​​ឈ្មោះ​​ជា​ស្មាតហ្វូន​កំពូល​របស់​វា​បាន​រំលង​បំផុត ហើយ​ Galaxy S20 មាន​លក្ខណៈ​សម្បត្តិ​ជា​ច្រើន​ល្អ​លើស​វា។

១. អេក្រង់​ធំ តួ​ខ្លួន​កាន់​តែ​តូច​

Samsung បាន​បន្ត​កាត់​បន្ថយ​​ស៊ុម​អេក្រង់​ស្មាតហ្វូន​របស់​ខ្លួន​ក្នុង​រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចាប់​តាំង​ពី Galaxy S9 មក។ វិមាត្រ​តួ​ខ្លួន​ធៀប​នឹង​អេក្រង់​​កាន់​តែ​ប្រសើរៗ​ឡើង រហូត​មក​ដល់ Galaxy S20 មាន​អេក្រង់​ ៦,២ អ៊ីញ ប៉ុន្តែ​មាន​រូបរាង​តូច​ជាង Galaxy S9+ ដែល​មាន​អេក្រង់ ៦,២ អ៊ីញ ស្រដៀង​គ្នា។ ​​​ ២. Refresh Rate នៃ​អេក្រង់

Galaxy S20 ជា​ស្មាតហ្វូន Samsung ដំបូង ដែល​មាន​ Refresh Rate ខ្ពស់​ជាង ៦០Hz។ S20, S20+ និង S20 Ultra សុទ្ធ​តែ​មាន​អេក្រង់​ដែល​មាន Refresh Rate ១២០Hz ដែល​ផ្ដល់​ផល​ប្រយោជន៍​មួយ​ចំនួន​ធៀប​នឹង​អេក្រង់​ចាស់។

៣. កាមេរ៉ា​ដែល​ល្អ​ប្រសើរ​ជាង​ឆ្ងាយ

វា​គឺ​ជា​ផ្នែក​មួយ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លាំង​បំផុត​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ Galaxy S9 បាន​ប្រកាស​ចេញ​ពេល​ដែល Samsung វិវត្តន៍​ពី​ការ​ប្រើ​កាមេរ៉ា​មួយ​គ្រាប់ មក​ប្រើ​កាមេរ៉ា​ច្រើន​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ។ ពេល​នោះ Galaxy S9 មាន​កាមេរ៉ា​ ១គ្រាប់ ចំណែក Galaxy S9+ មាន​កាមេរ៉ា​ភ្លោះ។

ដោយ​ឡែក​មក​ដល់ Galaxy S20 វិញ​គឺ​សម្រាប់​ប្រភេទ Galaxy S20 និង S20+ គឺ​មាន​កាមេរ៉ា​មេ​ទំហំ ១២MP, កាមេរ៉ា​ Ultra Wide ទំហំ ១២MP, កាមេរ៉ា Telephoto ទំហំ ៦៤MP អាច​ Zoom Optical បាន​ ៣ដង និង Zoom Digital បាន ៣០ដង។ នៅ​លើ Galaxy S20+ មាន​បន្ថែម​ Sensor វាស់​ជម្រៅ ToF មួយ​គ្រាប់​ទៀត​ផង​ដែរ។

ចំណែក Galaxy S20 Ultra ខុស​ពី​ពីរ​ប្រភេទ​ទៀត ដែល​កាមេរ៉ា​មេ​មាន​កម្រិត ១០៨MP, កាមេរ៉ា Telephoto មាន​កម្រិត ៤៨MP អាច​ Optical Zoom បាន ១០ដង និង​ Digital Zoom បាន ១០០ដង, កាមេរ៉ា​ Ultra Wide ទំហំ ១២MP និង​មាន Sensor វាស់​ជម្រៅ ToF ផង​ដែរ។

៤. ថ្ម​ទំហំ​កាន់​តែ​ធំ និង​សាក​ថ្ម​កាន់​តែ​លឿន

ខណៈ​ដែល S9 និង S9+ មាន​ថ្ម​ទំហំ ៣០០០ mAh និង ៣៥០០mAh នោះ នៅ​លើ​ Galaxy S20, S20+ និង S20 Ultra មាន​ថ្ម​ទំហំ​ដល់ ៤០០០ mAh, ៤៥០០ mAh និង ៥០០០ mAh ឯណោះ។

Galaxy S20 ទាំង​បី​​មាន​ថាមពល​ថ្ម​ធំ ហើយ​ក៏​មាន​សមត្ថភាព​សាក​ថ្ម​លឿន​ដែរ។ Galaxy S9 ទាំង​ពីរ​អាច​សាក​ថ្ម​ល្បឿន ១៥ វ៉ាត់​ដោយ​ប្រើ​ខ្សែ ដែល​វា​ស្មើ​នឹង​ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​របស់ Galaxy S20 ទាំង​បី។ ចំពោះ​ការ​សាក​ដោយ​ប្រើ​ខ្សែ​វិញ Galaxy S20 និង S20+ សាក​បាន ២៥ វ៉ាត់ ចំណែក S20 Ultra បាន​ដល់​ទៅ ៤៥ វ៉ាត់។

៥. មាន​ RAM ធំ ដំណើរ​ការ​កម្មវិធី​ក្នុង​ពេល​តែ​មួយ​បាន​កាន់​តែ​ច្រើន

RAM នៅ​លើ S9 និង S9+ មាន​ទំហំ​ត្រឹម ៤GB និង ៦GB ដែល​ទំហំ​នេះ​គឺ​​អស្ចារ្យ​ហើយ​សម្រាប់​ប៉ុន្មាន​ឆ្នាំ​មុន។ ចូល​ដល់​ម៉ូដែល​ឆ្នាំ ២០២០ ត្រកូល Galaxy S មាន​ RAM ចាប់​ពី ៨GB ដល់ ១៦GB ឯណោះ។

៦. ការ​ទ្រាំទ្រ​នឹង Android OS

ចុង​ក្រោយ​ជា​ហេតុផល​សំខាន់​ដែរ គឺ Galaxy S9 និង S9+ នឹង​អាច​​ប្រើ​ប្រាស់​បាន​ត្រឹម​ប្រតិបត្តិការ​ Android 10 ប៉ុណ្ណោះ ក្រោម​គោលការណ៍​របស់ Samsung ដែល​ផ្ដល់​ជូន​ការ​អាប់ដេត OS ធំៗ​ពីរ​ដង​​សម្រាប់​ទូរសព្ទ​កំពូល​របស់​ខ្លួន។

ដូច​នេះ​ការ​​អាប់ដេត​ដែល Galaxy S9 ទទួល​បាន​នា​ពេល​នេះ​គឺ​ត្រឹម​ការ​អាប់ដេត​ជួសជុល​ចន្លោះ​ប្រហោង​ផ្នែក​សុវត្ថិភាព ចំណែក​ Galaxy S20 ធានា​ថា​​យ៉ាង​ហោច​ណាស់​នឹង​អាច​អាប់ដេត​​​ឡើង​​ដល់​ Android 12 ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត៕

​​​

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង