វីរុសកូរ៉ូណា ៖ ការសម្អាតទូរសព្ទគឺមានប្រសិទ្ធភាពជាងម៉ាសមុខទៅទៀត
- 2020-02-17 04:27:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរុសកូរ៉ូណា ៖ ការសម្អាតទូរសព្ទគឺមានប្រសិទ្ធភាពជាងម៉ាសមុខទៅទៀត
ចន្លោះមិនឃើញ
ការលាងសម្អាតទូរសព្ទ និងលាងដៃជាទៀងទាត់គឺជាវិធីដ៏ល្អប្រសើរមួយក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងនៃវីរុសកូរ៉ូណា គឺល្អប្រសើរជាងការពាក់ម៉ាស។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី កាលពីថ្ងៃពុធ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរីលោក Kenneth Mak និយាយក្នុងសន្និសីទកាសែតកាលពីពុធថា មិនមានភស្តុតាងបញ្ជាក់ថាវីរុសកូរ៉ូណាអាចឆ្លងតាមរយៈបរិយាកាសនោះទេ ដែលមានន័យថាការពាក់ម៉ាសមិនមែនជាវិធីសាស្ត្រការពារដ៏មានប្រសិទ្ធភាពបំផុតនោះទេ។
លោកបានបន្ថែមថាកិច្ចការដែលរឹតតែសំខាន់បំផុតគឺការលាងសម្អាតទូរសព្ទដៃរបស់ខ្លួន។ សារព័ត៌មាន The Straits Times បានសម្រង់សម្ដីរបស់លោក Kenneth ដូចនេះថា ៖ "ត្រូវប្រុងប្រយ័ត្នចំពោះរបស់ដែលអ្នកឧស្សាហ៍ប៉ះ។ របស់ដែលអ្នកឧស្សាហ៍ប៉ះជាញឹកញាប់គឺទូរសព្ទ ដូចនេះការពាក់ម៉ាសមិនមែនជារឿងសំខាន់ជាងគេនោះទេ។”
គួរដឹងថាទូរសព្ទគឺស្ថិតនៅក្នុងចំណោមរបស់កង្វក់ៗដែលមនុស្សកាន់កាប់ ដោយសារវាត្រូវបានកាន់ជាញឹកញាប់ និងការដែលមនុស្សនាំវាចូលទៅបន្ទប់ទឹកជាមួយ ដែលអាចប្រមូលមេរោគជាច្រើន។ កាន់តែធ្ងន់ធ្ងរគឺទូរសព្ទទាំងនេះ កាន់តែជិតភ្នែក ច្រមុះ និងបបូរមាត់ ជាចំណុចសំខាន់ដែលវីរុសកូរ៉ូណាអាចឆ្លងចូលខ្លួនប្រាណមនុស្ស។
ការសិក្សារបស់អ្នកវិទ្យាសាស្ត្រជាច្រើនផ្សេងគ្នាបានរកឃើញថាស្មាតហ្វូនមានផ្ទុកមេរោគច្រើនជាងចានបង្គន់ទៅទៀត។ ផ្អែកតាមការសិក្សាកាលពីឆ្នាំ ២០១៨ មួយដែលធ្វើឡើងដោយអ្នកស្រាវជ្រាវបួននាក់មកពីវិទ្យាស្ថាន Massachusetts ការសម្អាតទូរសព្ទដោយប្រើឧបករណ៍សម្អាតទូរសព្ទតាមកម្មរស្មី UV ជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់មេរោគ។
ការសិក្សាបាននិយាយថាការប្រើប្រាស់អាល់កុលក៏ជាវិធីសាស្រ្តមានប្រសិទ្ធភាពមួយដែរ ដែលវិធីសាស្ត្រនេះអាចធ្វើបានដោយខ្លួនឯងនៅឯផ្ទះ ដោយលាយទឹក (៦០%) ជាមួយអាល់កុលសម្រាប់ជូត (៤០%) រួចហើយយកជូតទូរសព្ទដោយប្រើប្រាស់កំណាត់ទន់, ដុំសំឡី ឬសំឡីត្បាល់។ សារព័ត៌មាន Cnet បានលើកឡើងថាមិនគួរប្រើប្រាស់របស់មួយចំនួនដើម្បីសម្អាតទូរសព្ទនោះឡើយ ដែលរួមមានទឹកលាងកញ្ចក់បង្អួច, ទឹកលាងចង្ក្រាន, ទឹកសម្អាត Make-Up, សាប៊ូលាងដៃ, សាប៊ូលាងចាន និងទឹកខ្មេះ៕