តារា​ប្រុស​រូប​សង្ហា ជា លាងឈែ បង្ហើប​ពី​តម្លៃ​ខ្លួន​ក្នុង​ឆ្នាំ ២០២០ សម្រាប់​គ្រប់​ប្រភេទ​រឿង

  • 2020-02-21 02:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ឈាន​ជើង​ចូល​ដល់​ឆ្នាំ ២០២០ ការងារ​បាន​សម្រុក​មក ដែល​គិត​ត្រឹម​ពេល​នេះ តារា​សម្ដែង​កូន​ចិន ជា លាង​ឈែ កាន់​តែ​ឡើង​ទីផ្សារ​ខ្លាំង ដោយ​ក្នុង​នោះ លោក​ក្រសោប​បាន​ជិត​១០​រឿង​ហើយ​គិត​ត្រឹម​ខែ​កុម្ភៈ​នេះ ស្រប​ពេល​ដែល​តម្លៃ​ខ្លួន​ទៀត​សោត ក៏​បាន​ច្រើន​ថែម​ទៀត​ផង។

តាម​ព័ត៌មាន​ដែល Sabay ទទួល​បាន ភាពយន្ត​ដែល​តារា​ប្រុស​ល្បី​ឈ្មោះ​រូប​នេះ ទទួល​បាន​មាន​ដូច​ជា​រឿង "ស្រោម​មុខ" កំពុង​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​បាយ័ន។ បន្ត​មក​ទៀត​មាន​រឿង "កូន​ប្រសា​អ្នក​មាន" របស់​ទូរទស្សន៍​ហង្សមាស កំពុង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ដូច​គ្នា រឿង​“ពិស​ឬស្យា" “រវាង​យើង" “គ្រាប់​បាល់​អង្រួន​បេះដូង" ។ ដោយ​ឡែក​រឿង​ដែល​លោក បាន និង​កំពុង​ថត​មាន​ដូច​ជា​រឿង "ទាសករ​លុយ" ជា​ដើម​ដែល​លោក​ថត​ឲ្យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥។

លោក​លើក​ឡើង​ថា ការងារ​ថត​ភាពយន្ត ពិសេស​ភាពយន្ត​ភាគ​សម្រាប់​ទូរទស្សន៍​តែ​ម្ដង គឺ​ថា​មាន​ការ​កើន​ឡើង​មែន​ទែន។ និយាយ​នេះ ជា លាង​ឈែ បញ្ជាក់​ថា មិន​មែន​និយាយ​ត្រឹម​ការងារ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​និយាយ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ភាគ​តែ​ម្ដង ដែល​លោក​បាន​កត់​សម្គាល់​ឃើញ​ថា មាន​ការ​កើន​ឡើង​ច្រើន​មែន​ទែន​នា​មួយ​រយៈ​ចុង​ក្រោយ ដែល​នេះ​ជា​សញ្ញា​ល្អ និង​រឹត​តែ​ល្អ​ថែម​ទៀត សម្រាប់​សិល្បករ​ដូច​ជា​លោក ព្រោះ​មាន​ការងារ​ធ្វើ​ច្រើន ចំណូល​ក៏​បាន​ក្រាស់ក្រែង​តាម​ហ្នឹង​ដែរ។

ដោយ​សារ​តែ​បែប​នេះ តារា​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ស្ទើរ​តែ​គ្រប់​ទូរទស្សន៍​ក្នុង​ស្រុក​ទៅ​ហើយ​ដែល​លោក​បាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​របស់​គេ​ឲ្យ​នោះ។ វិល​ទៅ​តម្លៃ​ពលកម្ម​វិញ លោក ឈែ បាន​បញ្ចេញ​ឲ្យ​ដឹង​ថា លោក​ទទួល​បាន​ចន្លោះ​ពី ៣-៤ពាន់​ដុល្លារ​សម្រាប់​ការ​សម្ដែង​រឿង​ភាគ ដែល​មាន​រយៈ​ពេល​ថត​ត្រឹម ១៥-២០​ថ្ងៃ។ ប្រសិន​បើ​ច្រើន​ថ្ងៃ​ជាង​នេះ តម្លៃ​ពលកម្ម​ក៏​កើន​ឡើង​ដែរ តាម​ការ​ចរចា និង​ព្រមព្រៀង​គ្នា។

ដោយ​ឡែក វិល​មក​រឿង​សម្រាប់​ដាក់​បញ្ចាំង​នៅ​រោងកុន​វិញ លាងឈែ ប្រាប់​ដែរ​ថា លោក​ស៊ី​ថ្លៃ​ប្រមាណ​ជាង ៣ពាន់​ដុល្លារ​ឡើង​ទៅ​ដូច​គ្នា និង​អាស្រ័យ​ទៅ​តាម​ពេល​វេលា​ថត​ក្នុង​១​រឿង ហើយ​តម្លៃ​ការងារ​ក៏​ប្រែ​ប្រួល​ទៅ​តាម​នោះ​ដែរ។

តម្លៃ​ខ្លួន​ខាង​លើ តារា​ប្រុស​រូប​សង្ហា​រូប​នេះ បញ្ជាក់ថា គឺ​ជា​តម្លៃ​ថ្មី ខណៈ​កាល​ពី​ឆ្នាំ​ចាស់ គឺ​មាន​ការ​ខុស​គ្នា​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ លោក​ថា មិន​មាន​គម្រោង​តម្លើង​ប្រាក់​ឈ្នួល​បន្ថែម​ទៀត​ទេ ប៉ុន្តែ​លោក​ចង់​បាន​ការងារ​ច្រើន​ថែម​ទៀត ព្រោះ​បើ​ការងារ​កាន់​តែ​ច្រើន ចំណូល​ក៏​កើន​ឡើង​ច្រើន​តាម​នោះ​ដែរ។ និយាយ​បែប​នេះ លោក​ថា ក្រៅ​ពី​ខ្សែ​ភាពយន្ត​ទាំង ៩​រឿង ដែល​លោក​បាន​ថត​ចប់ និង​កំពុង​ថត​ខាង​លើ មាន​ស្ថានីយ​ទូរទស្សន៍​បាន​ទាក់​ទង​មក​លោក​បន្ត​បន្ទាប់​ទៀត​ហើយ៕

អត្ថបទ៖ ស៊ុន ហួត

អត្ថបទថ្មី