ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន៖ ព្រឹត្តិការណ៍ទេសចរណ៍ជិត ២០ នឹងរៀបចំនៅសៀមរាប-អង្គរក្នុងឆ្នាំនេះ

  • 2020-02-24 15:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលគ្រោងនឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍តូចធំជិត ២០ កម្មវិធី នៅគោលដៅទេសចរណ៍សៀមរាប-អង្គរ នាអំលុងឆ្នាំ២០២០នេះ ដើម្បីជំរុញឱ្យមានចលនាទេសចរកាន់តែច្រើនទៅកាន់ខេត្តសៀមរាប និងសំដៅទាក់ទាញកំណើនទេសចរបរទេសមកកាន់កម្ពុជាផងដែរ។

ថ្លែងក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រៅពីព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់​ប្រាប់ថា ក៏នៅមានព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡាមួយចំនួនទៀត ដោយលោកបានបង្ហើបថា ព្រឹត្តិការណ៍ទេសចរណ៍ទាំងនោះ នឹងត្រូវបង្ហាញលម្អិតនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក្រសួងទេសចរណ៍បានបង្កើតក្រុមការងារពិសេសមួយរួចមកហើយ ដើម្បីចុះអនុវត្តការងារសំខាន់ៗមួយចំនួន ក្នុងនោះមានដូចជា​ការបណ្ដុះបណ្ដាលបំប៉នសមត្ថភាពដល់បុគ្គលិក ឬកម្មករនិយោជិតបម្រើការតាមសណ្ឋាគារមួយចំនួន ដែលទទួលរងការប៉ះពាល់នៅខេត្តសៀមរាប ការរៀបចំកញ្ចប់​ទស្សនកិច្ច និងដំណើរទស្សនកិច្ចទេសចរណ៍ទៅកាន់សៀមរាប-អង្គរ ការបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍សៀមរាប-អង្គរ ក៏ដូចជាវិស័យទេសចរណ៍​ជាតិទាំងមូល។

តាមការបញ្ជាក់របស់ឯកឧត្តម ថោង ខុន ចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយនឹងសប្បាយរីករាយជាមួយដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាប ខណៈដែលកម្ពុជាបានធានាអះអាងថា «ខ្លួននៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់នូវភាពកក់ក្ដៅ»

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ម្ចាស់ ឬនិយោជកនៅតាមសណ្ឋាគារ ផ្ទះសំណាក់ទាំងឡាយនៅខេត្តសៀមរាប សូមមានការបន្ធូរបន្ថយថ្លៃស្នាក់នៅជូន​ដល់ភ្ញៀវ​ទេសចរ​គ្រប់គ្នា ចំណែកឯក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ក៏សូមកុំយកចំណេញលើការរៀបចំសេវាកម្មកញ្ចប់ទស្សនកិច្ចពីភ្ញៀវច្រើនពេក ខណៈដែលរាជរដ្ឋាភិបាល​ក៏កំពុងដាក់​ចេញនូវគោលនយោបាយលើកទឹកចិត្តនានាដល់ផ្នែកឧស្សាហកម្មទេសចរណ៍ផងដែរ៕

ប្រភព និងរូបភាព៖ ក្រសួងទេសចរណ៍