រក​​បាន​រាប់​ពាន់​បែប​នេះ ទើប​នាយ តាក់ស៊ី រលាស់​ខ្លួន​បាន​យ៉ាង​លឿន​ពី​ស្ថានភាព​តោកយ៉ាក!

  • 2020-02-28 03:05:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ដែល​មាន​ជំងឺ​ប្រចាំ​កាយ លោក រឿង សារ៉េត ហៅ​នាយ​តាក់ស៊ី បាន​រលាស់​ខ្លួន​ចេញ​ស្ថានភាព​ក្រ​លំបាក និង​អត់​លុយ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ប្រចាំខែ បាន​យ៉ាង​លឿន។ នេះ​ក៏​ព្រោះ​តែ​លោក​មាន​ឱកាស​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ឡើង​វិញ តាម​រយៈ​សកម្មភាព​សម្ដែង​របស់​លោក​ជាមួយ​ក្រុម​កំប្លែង​លោក វិច ទ័រ ប្រចាំ​នៅ​ស្ថានីយ៍ទូរទស្ស C T N។

នាយ តាក់ស៊ី បញ្ជាក់​ថា នា​ពេល​នេះ នាយ​អាច​រក​ចំណូល​បាន​ច្រើន​គួរ​សម​ ពោល​គឺ​ខ្ទង់​ពាន់​ដុល្លារ​ដែរ​ក្នុង​១​ខែ។ ឥឡូវ​ខ្ញុំ​លែង​លំបាក​ខ្លាំង​ដូច​មុន​ទៀត​ទេ ទាំង​សុខភាព និង​ប្រាក់​ចំណូល​ប្រចាំ​ខែ។ ខ្ញុំ​អាច​រក​ចំណូល​បាន​មិន​ក្រោម​៣០០០​ដុល្លារ​ឡើយ​ក្នុង​១​ខែ...ឥឡូវ​ខ្ញុំ​កំពុង​សន្សំ​លុយ​បន្ថែម..."។

តួលេខ​ប្រាក់​ចំណូល​នេះ នាយ តាក់ស៊ី បញ្ជាក់​ថា មួយ​ផ្នែក គឺ​បាន​ពី​ការងារ​ជាប់​លាប់ជា​តារា​កំប្លែង​នៅ​ស៊ី​ធីអិន ប៉ុន្តែ​ការងារ​នេះ នាយ​សុំ​សិទ្ធិ​មិន​ប្រាប់​តួលេខ​ពិត​ប្រាកដ។ ដោយ​ឡែក​ចំនូល​ផ្សេង​ៗ​ទៀត​ នាយ​អាច​រក​បាន​ពី​ការ​សម្ដែង​រឿង ស្ប៉ត​ពាណិជ្ជកម្ម និង​​ការ​ដើរ​លេង​នៅ​កម្មវិធី​ខាង​ក្រៅ​មួយ​ចំនួន​ទៀត។

យ៉ាង​ណា នាយ​ថា ចំណូល​ពី​ស៊ីធីអិន គឺ​ជា​ចំណែក​ធំ និង​ជាប់​លាប់​ទៀត។ ដូច្នេះ​ហើយ លោក រឿង សារ៉េត ហៅ​នាយ​តាក់ស៊ី សម្ដែង​ការ​ដឹង​គុណ​ចំពោះ​លោក វ៉ិច ទ័រ ដែល​ព្រម​ទទួល​​យក​រូប​លោក​ចូល​សំដែង​ឡើង​វិញ។ បច្ចុប្បន្ន​ប្រភពចំណូលធំរបស់លោក​ គឺបានពីការសម្ដែង​ក្នុង​កម្មវិធី៖"ផ្ទះ​លោក​តា""បាន​មើល​បាន​សើច" និង​កម្មវិធី​"ពីរ​គ្រួសារ"។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩ នាយ​តាក់ស៊ី ធ្លាប់​លាឈប់​ពី​អាជីព​កំប្លែង  ហើយ​រត់ទៅ​បួស​ជា​សង្ឃ​ដោយ​ប្ដេជ្ញា​ថា​នឹង​បួស​បម្រើ​ព្រះពុទ្ធសាសនា​អស់​មួយ​ជីវិត។ ប៉ុន្ដែ​ដោយ​បួស​ជា​សង្ឃ​ត្រូវ​តម​បាយ​ល្ងាយ ហើយ​ឆាន់​ភេសជ្ជៈ​ជំនួស​រាល់​ថ្ងៃ ទើប​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​រហូត​ដល់​៨០០ បង្ករ​ឲ្យ​ស្ថានភាព​ជំងឺ​របស់​ព្រះអង្គ​កាន់តែ​ធ្លាក់​ដុនដាប។

ក្រោយ​មក​ព្រះអង្គ​ក៏​សម្រេច​លាចាក​សិក្ខាបទ​វិញ ដើម្បី​មាន​ឱកាស​មើល​ថែ​ពី​សាច់ញាតិ និងពិនិត្យ​ព្យាបាល​ដិតដល់​ពី​គ្រូពេទ្យ​ជំនាញ។

ភ្លាម​ៗ​ក្រោយ​លា​ចាក​សិក្ខាបទ ហើយ​ស្ថានភាព​ជំងឺ​ទឹកនោម​ផ្អែម​ធ្ងន់ធ្ងរ​ផង​នោះ លោក​ខ្វះខាត​លុយ​ព្យាបាល និង​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​យ៉ាង​ខ្លាំង ប៉ុន្ដែ​ដោយ​លោក វ៉ិច ទ័រ អាណិត​ក៏​ទទួល​ឲ្យ​ចូល​លេង​កំប្លែង​ឡើង​វិញ រហូត​ដល់​សព្វថ្ងៃ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត