មហោស្រពភាពអន្តរជាតិ-កម្ពុជា ឆ្នាំនេះ មានរឿងច្រើនណាស់សម្រាប់ទស្សនា រឿងខ្លះល្បីខ្លាំងនៅអន្តរជាតិថែមទៀត
- 2020-03-05 09:29:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហោស្រពភាពអន្តរជាតិ-កម្ពុជា ឆ្នាំនេះ មានរឿងច្រើនណាស់សម្រាប់ទស្សនា រឿងខ្លះល្បីខ្លាំងនៅអន្តរជាតិថែមទៀត
ចន្លោះមិនឃើញ
Cambodia Film Commision និងមជ្ឈមណ្ឌលបុប្ផាណា បានប្រកាសពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១០ ដែលគ្រោងនឹងបើកនៅសប្ដាហ៍ក្រោយ ដោយអ្នករៀបចំបានអះអាងថា ឆ្នាំនេះ កើនចំនួនភាពយន្តច្រើនជាងឆ្នាំមុនៗ ហើយភាពយន្តទាំងនោះ ខ្លះជារឿងដែលល្បីខ្លាំងនៅបរទេសថែមទៀត
តាមតួលេខក្នុងសន្និសីទសារព័ត៌មានព្រឹកមិញ មហោស្រពនេះ នឹងដាក់បង្ហាញភាពយន្តដល់ទៅ ១៥៧ ចំណងជើង មកពី៤៤ប្រទេស និងត្រូវបានបែងចែកជាភាពយន្តខ្នាតធំ ខ្នាតខ្លី ភាពយន្តឯកសារ និងភាពយន្តជីវចល។ តួលេខនេះ លោក Cedric Eloy ប្រធានមហោស្រពភាពយន្តអន្តរជាតិ-កម្ពុជា បានឲ្យដឹងថា បានកើនឡើងច្រើនបើធៀបនឹងបណ្ដាឆ្នាំចាស់ ក្នុងកើនទាំងភាពយន្តបរទេស ទាំងភាពយន្តក្នុងស្រុក។
ប្រធានមហោស្រពជនជាតិបារាំង បានឲ្យដឹងបន្ថែមទៀតថា ក្នុងចំណោម១៥៧ចំណងជើងនោះ ភាពយន្តមកតំបន់អាស៊ីអាគ្នេយ៍មានចំនួនសរុប ៤៧ចំណងជើង ក្នុងនោះសម្រាប់តែភាពយន្តក្នុងស្រុកមានចំនួន ២៦ចំណងជើង កើនប្រមាណ ២០%ធៀបនឹងឆ្នាំចាស់។ នេះជាសញ្ញាណល្អ ដែលលោកថា មហោស្រពភាពយន្តអន្តរជាតិ កម្ពុជា បានជួយមួយផ្នែកដល់ឧស្សាហកម្មភាពយន្តក្នុងស្រុក ទៅតាមផែនការវែងឆ្ងាយដើម្បីលើកកម្ពស់ឧស្សាហកម្មភាពយន្តជាតិ។
“និយាយតែរឿងរោងកុន កាលពីការចាប់ផ្ដើមដំបូងនៅឆ្នាំ ២០១០ យើងពិបាកនឹងរកកន្លែងសម្រាប់ដាក់បញ្ចាំងភាពយន្តរបស់មហោស្រព ប៉ុន្តែឥឡូវយើងមានរោងភាពយន្តជាច្រើន ក្នុងតាមតួលេខគឺមានប្រមាណជាង ១០០អេក្រង់ទៅហើយ ហើយបើគិតពីផលិតផលភាពយន្តវិញ ឆ្នាំដំបូងយើងរកភាពយន្តសម្រាប់ដាក់ក្នុងមហោស្រពស្ទើរមិនបាន ប៉ុន្តែសម្រាប់ឆ្នាំទី១០នេះ ចំនួនភាពយន្តមានច្រើនហួស រហូតដល់យើងពិបាកក្នុងការសម្រេចជ្រើសរើសថាភាពយន្តគួរត្រូវយកមកដាក់ក្នុងមហោស្រពថែមទៀត។"។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត បានឯកភាពចំពោះការលើកឡើងដែលថា មហោស្រពភាពយន្ត គឺចំណែកដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់ឧស្សាហកម្មភាពយន្តជាតិ។ ដូច្នេះហើយ ទើបក្រសួងវប្បធម៌តែងតែជួយគាំទ្រមហោស្រពទាំងឡាយរហូតមក។ ជាក់ស្ដែងមិនត្រឹមតែជួយគាំទ្រផ្នែកស្មារតី ប៉ុន្តែក្រសួងនៅបានជួយជាថវិកាថែមទៀតសម្រាប់មហោស្រពភាពយន្តអន្តរជាតិ កម្ពុជាលើកទី១០នេះ។
ក្រៅពីនេះ ប្រធាននាយកដ្ឋានវ័យក្មេង បញ្ជាក់ថា ក្រសួងនៅមានផែនការរៀបចំ និងគាំទ្រមហោស្រពភាពយន្តមួយចំនួនទៀត ដែលនឹងមានជាហូរហែពីពេលនេះ រហូតដល់ចុងឆ្នាំ ២០២០នេះទៀត។ លោកលើកឡើងថា មហោស្រពភាពទាំងឡាយ គឺជាកន្លែងកៀរគរ និងបញ្ជូនមនុស្សបន្ថែមទៅកាន់រោងកុន ហើយក៏កន្លែងសម្រាប់ផលិតករបង្កើតទំនាក់ទំនងជាមួយផលិតករបរទេស ដែលយកភាពយន្តរបស់គេមកចូលមហោស្រពដែរ។
ដូច្នេះហើយ លោកថា ត្បិតតែចំនួនរោងកុនកើនឡើង ជាសញ្ញាណល្អសម្រាប់ឧស្សាហកម្មភាពយន្តក្នុងស្រុក ប៉ុន្តែលោកនៅតែលើកទឹកចិត្តឲ្យផលិតករខ្មែរ បង្កើនការទំនាក់ទំនង ក៏ដូចកិច្ចសហប្រតិបត្តិការជាមួយផលិតករបរទេសទៀត តាមរយៈមហោស្រព ប្រយោជន៍ដើម្បីបើកទីផ្សារឲ្យភាពយន្តបន្ថែមពីលើទីផ្សារក្នុងស្រុក។ ដូច្នេះហើយ ជាគោលការណ៍ គឺក្រសួងគាំទ្ររាល់មហោស្រពភាពយន្តទាំងអស់គ្នានៅក្នុងស្រុក។
ដូចបានបញ្ជាក់ពីខាងលើ ភាពយន្តទាំង ១៥៧ ចំណងជើង ដែលមានក្នុងមហោស្រពភាពយន្តអន្តរជាតិ កម្ពុជា ត្រូវបានចែកទៅតាមប្រភេទភាពយន្តដូចជា ប្រភេទភាពយន្តឆ្លុះបង្ហាញពីបម្រែបម្រួលអាកាសធាតុ បរិស្ថាន(Beautiful Planet) ភាពយន្តបែបភ័យរន្ធត់ (Scary World) បង្ហាញពីភាពយន្តបង្កប់រឿងរ៉ាវអាថ៌កំបាំង និងរន្ធត់ផុតលេខនៅអាស៊ី។ ប្រភេទពិភពពណ៌ចម្រុះ(Colorful World) ភាពយន្តបង្ហាញពីទស្សនវិស័យប្លែកៗគ្នាជុំវិញបញ្ហាយេនឌ័រ។
និយាយពីភាពយន្តក្នុងស្រុកដែលមានក្នុងមហោស្រពមាន ភាពយន្តរឿង "រសាត់អណ្ដែត" “នាឡិកាដាស់វិញ្ញាណ" “ស្លាបប្រផេះ" និងរឿង “សុបិនកាលីហ្វ័ញ៉ា" ជាដើម។ ដោយឡែកភាពយន្តអន្តរជាតិមានដូចជារឿង "Parasite” ដ៏ល្បីរបស់កូរ៉េ រឿង "រូងភ្នំអាថ៌កំបាំង" របស់ថៃ និងរឿង "កាលពីព្រេងនាយនៅហូលីវូដ" ជាដើម។
មហោស្រពទាំងមូលដែលឧបត្ថម្ភដោយសែលកាត នឹងបើកសម្ពោធនៅថ្ងៃទី ១៣ មីនា ២០២០ ក្នុងនោះទីកន្លែងសម្រាប់ដាក់បញ្ចាំងខ្សែភាពយន្តមានដូចជា រោងភាពយន្ត Major Cineplex(Sorya, AEON Mall) Legend (Exchange Square Eden, City Mall, TK Avenue) សណ្ឋាគារ Rosewood និងសាលមហោស្រពចតុមុខ។ ដោយឡែកការចូលទស្សនា នឹងមិនមានការគិតថ្លៃឡើយ។ ទន្ទឹមនឹងដំណើរការមហោស្រពកម្មវិធីកម្សាន្តជាច្រើនទៀត និងមានការចូលដោយសិល្បករល្បីៗរបស់កម្ពុជា៕