រោងចក្រ​ផលិត​ទឹក​ស្អាត​បាក់ខែង ​តម្លៃ​ជាង​១៥០លានដុល្លារ ​នឹង​ចាប់​ផ្ដើម​សាង​សង​នៅ​ខែ​ឧសភា​

  • 2020-03-13 08:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រោងចក្រ​ផលិត​ទឹក​ស្អាត​បាក់​ខែង តម្លៃជាង១៥០លានដុល្លារ នឹង​ចាប់​ផ្ដើម​សាង​សង​នៅ​​ខែ​ឧសភា​ ​ឆ្នាំ​២០២០​ ខាង​មុខ​ ដោយ​មាន​សមត្ថភាព​ផលិត​បានទឹកស្អាត ១៩៥ពាន់ម៉ែត្រគីប​ក្នុង១ថ្ងៃ។ នេះ​បើ​តាម​​​លោក​ ស៊ឹម ស៊ីថា​​ អគ្គនាយក​​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​​​។

លោក​បាន​​បន្ថែម​​ថា ​​ក្រុម​ការងារ​កំពុង​​គូស​ប្លង់​លំអិត​ តាម​កម្មវិធី​​ការងារ​​​នៃ​កិច្ច​សន្យា​​សាង​សង់ ខណៈ​ការដ្ឋាន​​​​កំពុង​ដំណើរ​​ការ​ឈូស​ឆាយ​សម្អាត ​ត្រាស់​សេ ​ ចំណែក​ការ​​​​​បើក​ការដ្ឋាន​​ផ្លូវការ ​គ្រោង​នឹង​ធ្វើ​ក្នុង​ខែ​ឧសភា​។​​ ​គម្រោង​សាង​សង់​រោងចក្រ ប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១នេះ អនុវត្ត​ ដោយ​ក្រុមហ៊ុន Vinci Construction Grands Projets (VCGP) មក​ពី​ប្រទេស​បារាំង ​​កិច្ច​សន្យា​សាង​សង់​​រយះ​ពេល​សាង​សង់ ​៣ ឆ្នាំ ​៦​ ខែ​ ​។

តាម​​​ការ​ព្យាករណ៍ ​បាន​បង្ហាញ​​ តម្រូវការ​ទឹក​ស្អាត​ នៅ​រាជធានីភ្នំពេញ នឹង​មាន​រហូត​ដល់​ជាង​៩០០ពាន់ម៉ែត្រ​គីប​ ក្នុង១ថ្ងៃ នាឆ្នាំ២០២៥ និងជាង១លានម៉ែត្រគីប​ក្នុង១ថ្ងៃ នៅឆ្នាំ២០៣០ សម្រាប់​បម្រើ​សេចក្ដី​ត្រូវ​ការ​ទឹក​ស្អាត ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៥៤០ពាន់គ្រួសារ។​ គម្រោង​សាង​សង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​បាក់​ខែង​ជំហាន​ទី១​គឺ​ជា​ការអនុវត្ត​ផែន​ការ​សកម្មភាព​ដំណាក់​កាល​ទី២​ បន្ទាប់​ពី​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន​អនុវត្ត​ផែន​ការ​​សកម្មភាព​ដំណាក់​កាល​ទី​១ ​បាន​ដោយ​ជោគជ័យ ​ពោល​គឺ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​រោងចក្រ​ចំការមន ដែល​មាន​សមត្ថភាព​ផលិត ៥៥ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ នា​ខែ​តុលា ឆ្នាំ២០១៩ កន្លង​ទៅ​ថ្មី​ៗ​នេះ​។​

​រោងចក្រ​ផលិត​ទឹក​ស្អាត​បាក់​ខែង​នេះ​ ជា​គម្រោង​សាង​សង់ ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាតទី៤ហើយ បន្ទាប់​ពី​ការ​ដាក់​ឲ្យ​ដំណើរការ ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​និរោធជំហានទី១​នា​ ឆ្នាំ២០១៣ និង​ជំហាន​ទី២​នា​ឆ្នាំ​២០១៧ ​និង​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​ចំការមន​ ​នា​ឆ្នាំ២០១៩ ដែល​រដ្ឋាករ ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ខិតខំ ដើម្បី​បាន​ទឹក​ចែក​ចាយ​ជូន​ប្រជាពលរដ្ឋ។​

លោក​បាន​​ឱ្យ​ដឹង​ទៀត​ថា​ ​​​គម្រោង​សាង​សង់​រោងចក្រ​ផលិត​ទឹក​ស្អាត​បាក់​ខែង​​ ​​​ជំហាន​ ទី១ មិន​ទាន់​បូក​ថវិកា​​បដិភាគ ខណៈ​​ហាន​ទី២​ ទឹក​ប្រាក់ ១០១ ​លាន ដុល្លារ​​ទៀត។ ​បច្ចុប្បន្ន​នេះ​​​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ផលិត​​ទឹក​​ស្អាត​បាន​​ប្រមាណ​ ​៦២​ម៉ឺន​​ម៉ែត្រ​គីប​​ ខណៈ​​​​តម្រូវការ​មាន​​​រហូត​​ដល់​ទៅ​ ៧០​ម៉ឺន​​ម៉ែត្រគីប​ក្នុង​មួយ​ថ្ងៃ​​។ ​បរិមាណ​ទឹក​ស្អាត និង​សមត្ថភាព​ផលិត​របស់​រោងចក្រ​មាន​កម្រិត​តិច​ជាង​តម្រូវ​ការ​ប្រើប្រាស់​ទើប​បណ្ដាញ​ឱ្យ​​សម្ពាធ​ទឹក​ចុះ​ខ្សោយ។​ ​​​​​ ​​​​