មហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាប្រកាសបើកហើយ
- 2020-03-14 03:43:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាប្រកាសបើកហើយ
ចន្លោះមិនឃើញ
មហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី១០ដែលប្រារព្ធឡើងរយៈពេល១០ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែមីនា បានប្រកាសបើកហើយកាលពីយប់មិញ នាសាលមហោស្រពចតុមុខ ក្រោមអធិបតីភាពរបស់មន្ដ្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដម ហាប់ ទូច មានប្រសាសន៍ថា មហោស្រពភាពយន្ដអន្ដរជាតិ គឺជាព្រឹត្ដិការណ៍ដ៏សំខាន់មួយក្នុងការចូលរួមលើកស្ទួយ និងគាំទ្រដល់ឧស្សាហកម្មភាពយន្ដកម្ពុជា ហើយក៏ជាឱកាសសម្រាប់អ្នកមានអាជីពក្នុងវិស័យភាពយន្ដធ្វើការជួបជុំគ្នា ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមកសំដៅជំរុញកម្ពុជាឲ្យក្លាយជាដែនដី នៃការថតភាពយន្ដជាតិ និងបរទេស។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកឧស្សាហកម្មភាពយន្ដ គឺជាផ្នែកអាទិភាពមួយនៃយុទ្ធសាស្ដ្រអភិវឌ្ឍន៍វិស័យវប្បធម៌ក្នុងការរួមចំណែកអភិរក្សដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលើកស្ទួយកិត្យានុភាពជាតិ ខណៈដែលវិស័យភាពយន្ដកម្ពុជាមានការរីកចម្រើនគួរសម។ ពោលគឺ មហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកនេះមានភាពយន្ដរហូតដល់១៥៧ចំណងជើង មកពី៤៤ប្រទេស។
រីឯមហោស្រពភាពយន្ដកាលពីឆ្នាំ២០១៩ មានតែ១៤០ចំណងជើង និងមកពី ៣៧ប្រទេស ប៉ុណ្ណោះ។ មហោស្រពភាពយន្ដអន្ដរជាតិលើកទី១០ នឹងមានចាក់បញ្ចាំងនូវខ្សែភាពយន្ដខ្នាតធំនៅតាមរោងភាពយន្ដមួយចំនួន ហើយផ្ដល់ឱកាសឲ្យចូលរួមទស្សនាដោយឥតគិតថ្លៃ។ភាពយន្ដដែលនឹងត្រូវចាក់បញ្ចាំងមានចំនួន១៥៧ចំណងជើង មកពី៤៤ប្រទេសនេះ ក្នុងនោះមានភាពយន្ដ កម្ពុជាចំនួន១៥%ដែរ។ ភាពយន្ដទាំងនេះបង្ហាញពីទស្សវិស័យប្លែកៗគ្នា ជាពិសេសពាក់ព័ន្ធនឹងបរិស្ថាន និងយេនឌ័រជាដើម។
សូមរំលឹកថា ពិធីបើកមហោស្រពភាពយន្ដកម្ពុជាលើកទី១០ ឆ្នាំ២០២០ មានផលិតករភាពយន្ដជាតិ-អន្ដរជាតិ សិល្បករ-សិល្បការិនី តំណាងប្រព័ន្ធផ្សព្វផ្សាយរាប់រយនាក់ចូលរួម៕