ទូរសព្ទ 5G ម៉ាក Nokia ដំបូងលេចមុខជាផ្លូវការ (វីដេអូ)

  • 2020-03-20 01:36:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HMD បាន​ប្រកាស​ចេញ Nokia 8.3 5G ដែល​ជា​ស្មាតហ្វូន 5G ​ម៉ាក Nokia ដំបូង​របស់​ខ្លួន។ ក្រុមហ៊ុន​បាន​ចាត់​ទុក​ស្មាតហ្វូន​ជា​ស្មាតហ្វូន​សម្រាប់​​ពិឃាដ​ពពួក​ Flagship ដោយ​អួត​លើ​អេក្រង់​​​ល្អ មាន​កាមេរ៉ា​ ៤គ្រាប់ និង​​ការ​ទ្រាំទ្រ​សេវា 5G។

ស្មាតហ្វូន​នេះ​បំពាក់​អេក្រង់​ទំហំ ៦,៨១ អ៊ីញ ជា​ប្រភេទ Puredisplay អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ FullHD+។ វា​ជា​បន្ទះ​អេក្រង់​ HDR ដែល​ទ្រាំទ្រ​នឹង​មុខងារ​ Adaptive ដោយ​វា​អាច​កែ​សម្រួល​ពន្លឺ​អេក្រង់ ផ្អែក​តាម​បរិយាកាស​ជុំវិញ។ នៅ​លើ​អេក្រង់​មាន​ចោះ​រន្ធ​សម្រាប់​បំពាក់​កាមេរ៉ា​ Selfie ទំហំ ២៤MP ដែល​ជា​ Sensor របស់​ ZEISS។

កាមេរ៉ា​បួន​គ្រាប់​ខាង​ក្រោយ​ក៏​ជា​ Sensor ZEISS ដែល​មាន​កាមេរ៉ា​មេ​ទំហំ ៦៤MP និង​កាមេរ៉ា​ Ultra-Wide ទំហំ ១២MP បង្កើត​ឡើង​ដោយ​ផ្ដោត​លើ​ការ​ថត​វីដេអូ និង​ការ​ផលិត​រូប​នៅ​ទី​ងងឹត។ ពីរ​គ្រាប់​ទៀត​គឺ​​ Sensor វាស់​ជម្រៅ និង​កាមេរ៉ា​ប្រភេទ Macro សម្រាប់​ការ​ថត​រូប​កៀក​នឹង​វត្ថុ។

នៅ​ផ្នែក​ខាង​ក្នុង​គឺ​មាន​បំពាក់​ឈីប Snapdragon 765G ជា​មួយ​ជម្រើស RAM ទំហំ ៦GB ឬ ៨GB មាន​បង្កប់​ដោយ​ Modem 5G សម្រាប់​ទ្រាំទ្រ​សេវា 5G។ វា​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 10 ហើយ​ដោយ​សារ​តែ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី Android One ដូច​នេះ​ធានា​ថា​ទទួល​បាន​ការ​អាប់ដេត OS រយៈពេល ២ ឆ្នាំ និង​ការ​អាប់ដេត​ពង្រឹង​សុវត្ថិភាព​រយៈពេល ៣ ឆ្នាំ​ជា​រៀង​រាល់​ខែ។ ទំហំ​ផ្ទុក​វិញ​​គឺ​មាន​ទំហំ ៦៤GB និង​ ១២៨GB និង​​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត​ផង​ដែរ។

ស្មាតហ្វូន​នេះ​ដំណើរ​ការ​ដោយ​ថ្ម​ទំហំ ៤៥០០ mAh ដែល​អាច​សាក​ក្នុង​ល្បឿន ១៨ វ៉ាត់។ វា​មាន​ជម្រើស​ពណ៌​តែ​មួយ​គត់​គឺ Polar Night ជា​មួយ​តម្លៃ​លក់​ចាប់​ពី ៥៩៩ អឺរ៉ូ (ប្រមាណ ៦៤០ដុល្លារ) មាន​លក់​ចាប់​ពី​អំឡុង​ត្រីមាស​ទី ៣៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី