អ្នកជំនាញ៖​ សោកស្ដាយដែលមហាជនមិនបានទស្សនាភាពយន្ដដ៏សម្បូរបែប!

  • 2020-03-23 03:15:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​គម្រោង មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី១០ ត្រូវ​បិទ​បញ្ចប់​នៅ​យប់​មិញ​នេះ ប៉ុន្តែ​ដោយ​សារ​បញ្ហា​រាតត្បាត​ជា​សកល​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ១៩ បាន​ធ្វើ​ឲ្យ​កម្មវិធី​នេះ​បិទ​មុន​កាល​កំណត់។

អ្នក​ជំនាញ​បណ្ដុះបណ្ដាល និង​ផលិត​ភាពយន្ត សម្ដែងការសោកស្ដាយ​ចំពោះ​បញ្ហា​នេះ តែ​​សង្ឃឹម​ថា នៅមហោ​ស្រព​ភាពយន្ត​លើក​ក្រោយ​​ គ្រប់​ផលិតករ​នឹង​បាន​បង្ហាញ​ស្នាដៃ​ ហើយ​យុវវ័យ​នឹង​បាន​ចូលទស្សនា​ពេញ​លេញ។

នាយ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ និង​ទទួល​ថត​ភាពយន្ត​បរទេស​នៅ​កម្ពុជា លោក​សាស្ត្រាចារ្យ ជៀប សុវិជ្ជា មាន​ប្រសាសន៍​ថា យើង​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​នេះ។ ប៉ុន្តែ​យើង​ក៏​សោក​ស្ដាយ​ដែរ​ដែល​មហោស្រព​ទើប​ដំណើរការ​បាន​៤​ថ្ងៃ ត្រូវ​​បិទទៅ​វិញ​។

លោកសាស្ត្រាចារ្យ ជៀប សុវិជ្ជា៖"មាន​យុវជន​ច្រើន​ណាស់​រង់ចាំ​ទស្សនា​ភាពយន្ត ហើយ​ផលិតករ​យើង​ក៏​ច្រើន​ទៀត​ដែរ​ដែល​ត្រៀម​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​ក្នុង​ឱកាស​នេះ។ តែ​សង្ឃឹម​ថា​លើក​ក្រោយ​នឹង​គ្មាន​បញ្ហា​ដូច​នេះ ទៀត​ ហើយ​នឹង​មាន​ការ​ចូល​រួម​កាន់​តែ​ច្រើន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​មហាជនដែលជាអ្នកគាំទ្រ"។

មហោស្រព​ភាពយន្ដ​អន្ដរជាតិ​កម្ពុជា​លើក​ទី​១០ ដែល​មាន​រយៈ​ពេល​១០​ថ្ងៃ​ គឺចាប់ពីថ្ងៃទី១៣​ រហូតដល់ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០២០ បាន​សម្ពោធ​បើក​នៅសាលមហោស្រពចតុម្មុខ​ កាល​ពីយប់​ថ្ងៃទី១៣ ខែ​មីនា។

តាម​គម្រោង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​នេះ មាន​បញ្ចាំង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​តាម​រោងភាពយន្ត​ល្បី​ៗ​មួយ​ចំនួន ហើយ​ផ្ដល់​ឱកាស​ឲ្យ​មហាជនចូលរួម​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ។ ភាពយន្ត​ដែល​នឹង​ចាក់​បញ្ចាំង​នោះ​មាន​ចំនួន​១៥៧​ចំណង​ជើង មក​ពី៤៤ប្រទេស។ ក្នុង​នោះ​មាន​ភាពយន្ត កម្ពុជា​ចំនួន​១៥%ដែរ។ ភាពយន្ត​ទាំង​នេះ​បង្ហាញ​ពី​ទស្សនវិស័យ​ប្លែក​ៗគ្នា ជា​ពិសេស​បរិស្ថាន និង​យេនឌ័រ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ