លក់​មិន​សូវ​ដាច់ នៅ​វៀតណាម​ប្តូរ​មក​ឲ្យ​ជួល​ម៉ាស៊ីន​ហ្គេម PS4 មួយអាទិត្យ​ជាង ២០ ដុល្លារ

  • 2020-03-25 06:09:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​ធ្លាក់​ចំណូល​ក្នុង​ស្ថានភាព​រាតត្បាត​នៃ​វីរុស COVID-19 ក្រឡេក​ទៅ​មើល​ហាង​លក់​ម៉ាស៊ីន​ហ្គេម​ជា​ច្រើន​កន្លែង​នៅ​ប្រទេស​វៀតណាម បាន​ផ្លាស់ប្ដូរ​ពី​ការ​លក់ មក​ដាក់​ឲ្យ​អតិថិជន​ជួល​សម្រាប់​ម៉ាស៊ីន PlayStation 4 ដើម្បី​បន្ត​បង្កើន​ចំណូល​ប្រចាំ​ថ្ងៃ។

តាម​សម្តី​អ្នក​លក់​លោក Le Trung រស់នៅ​ទីក្រុង​ហាណូយ បាន​និយាយ​ថា៖ "ដោយ​បញ្ហា​ស្មុគស្មាញ​នៃ​ការ​រាតត្បាត​វីរុស​កូរ៉ូណា បែប​នេះ​ហាង​ជា​ច្រើន​បាន​បិទ​ទ្វារ អ៊ីចឹង​ខ្ញុំ​ប្តូរ​មក​សេវាកម្ម​ជួល​វិញ​ម្តង ដោយ​ខ្ញុំ​មាន​ម៉ាស៊ីន​ហ្គេម ១០ គ្រឿង​ដែរ ហើយ​បច្ចុប្បន្ន​មាន​អ្នក​មក​ជួល​បាន​ ៣ ទៅ ៤ គ្រឿង​ក្នុង​មួយ​ថ្ងៃ"។

ចំពោះ​តម្លៃ​នៃ​ការ​ជួល​ម៉ាស៊ីន​ហ្គេម PS4 គឺ​រយៈ​ពេល​មួយ​សប្តាហ៍​ចន្លោះ​ពី ២៣ ទៅ ២៥ ដុល្លារ ឬ​មួយ​ថ្ងៃ ៤ ទៅ ៥ ដុល្លារ ប៉ុន្តែ​បើ​បូក​ទាំង​ដៃ​ហ្គេម ឌីស​ហ្គេម និង​ខ្សែ​ត​ HDMI ផ្សេងៗ​ទៀត អតិថិជន​ត្រូវ​ចំណាយ​ដល់​ជាង ៤០ ដុល្លារ​ក៏​មាន។ ក្នុង​នោះ​ហ្គេម​បាល់ទាត់ FIFA និង PES ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ។

រំឭក​ថា​គិត​ត្រឹម​ថ្ងៃ​ទី ២៥ មិនា ឆ្នាំ ២០២០ នៅ​ប្រទេស​វៀតណាម មាន​ការ​ឆ្លង​សរុប​ចំនួន ១៣៤ ករណី ខណៈ​ករណី​ស្លាប់ ០ និង​ព្យាបាល​សះស្បើយ ១៧ ករណី​ហើយ៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម