ខំម្នីម្នាចេញទៅ ឥឡូវ អេនឌី កំពុងជាប់កុននៅក្នុងអូស្ត្រាលី!
- 2020-03-27 07:50:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខំម្នីម្នាចេញទៅ ឥឡូវ អេនឌី កំពុងជាប់កុននៅក្នុងអូស្ត្រាលី!
ចន្លោះមិនឃើញ
លោក អេនឌី បានបង្ហាញពីភាពរីករាយ ក្រោយបាន Visaទៅអូស្ត្រាលីលើកដំបូង បន្ទាប់ពីខកខានអស់រយៈប្រមាណ ៥ឆ្នាំ ប៉ុន្តែឥឡូវអ្វីប្រែជាការអស់សង្ឃឹមដោយបច្ចុប្បន្នលោកកំពុងជាប់គាំងស្ដូកនៅក្នុងទឹកដីប្រទេសនេះ ក្រោយ Covid-19 បាន និងកំពុងវាយប្រហារអូស្ត្រាលី។
លោក អេនឌី បានចេញពីកម្ពុជាទៅកាន់ទឹកដីរបស់សត្វកង់ហ្គូរូកាលពីថ្ងៃទី ១១ មីនា ជាពេលដែល អូស្ត្រាលីគ្រានោះ ទើបមានករណីអ្នកឆ្លង COVID-19 នៅអូស្ត្រាលីមានសរុប ៦០ករណី ក្នុងនោះ ០២នាក់បាត់បង់ជីវិតប៉ុណ្ណោះ។ ប៉ុន្តែឥឡូវតួលេខនេះ បានកើនយ៉ាងគំហុកដល់ ជាង ៣០០០នាក់ឆ្លង និងស្លាប់កើនដល់ ១៣នាក់ ដោយថ្ងៃម្សិលមិញនេះរកឃើញអ្នកឆ្លងថ្មីចំនួន ៩៣នាក់។
ស្ថានភាពនេះ បាននាំឲ្យអូស្ត្រាលីបានដាក់ចេញវិធានការណ៍មួយចំនួន ដោយក្នុងនោះហាមការជួបជុំ បិទចរាចរណ៍ឆ្លងរដ្ឋ និងបិទជើងហោះហើរចូលមកប្រទេសខ្លួនផង។ ដូច្នេះហើយ លោក អេនឌី ដែលពេលនេះ កំពុងស្ថិតនៅទីនោះ បញ្ជាក់ថា លោកមិនអាចធ្វើអ្វីទាំងអស់។ អេនឌី ថ្លែង៖ "តាមគម្រោងខ្ញុំមក១ខែ ដើម្បីសម្ដែង៤ Show តែបានតែ១ Show គេបិទអស់ ឥឡូវចប់ហើយបង ទៅណាក៏អត់រួចទេ!"។
តារាប្រុសបានឲ្យដឹងទៀតថា ពេលនេះ លោកនៅតែក្នុងផ្ទះរបស់អ្នកស្គាល់គ្នា និងអាចគ្រាន់តែទៅលេងមិត្តភ័ក្ដិរួមអាជីពដែលនៅទីនោះជិតៗក្នុងរដ្ឋជាមួយគ្នាប៉ុណ្ណោះ។ លោកមិនដឹងថា ស្ថានភាពនៅពេលនេះ ខុសពីការរំពឹងរបស់លោកទាំងស្រុង ដែលរំពឹងថានឹងអាចចេញកម្មវិធីជួបជាមួយបងប្អូនខ្មែរតាមរយៈ Show តែឥឡូវអ្វីគាំងទាំងអស់។ "ស្ថានភាពនេះ មិនដឹងថាដល់ពេលណា ពីមុនគម្រោងគឺមក១ខែ ឥឡូវអត់បានឡើង Show អីចឹងមិនដឹងថា បន្តដល់ណាទេ!"។
ដោយសារតែបែបនេះ តារាចម្រៀងនិយមបទមរតកដើម បញ្ជាក់ថា លោកមិនទាន់ដឹងថា ពេលណាលោកបានត្រឡប់មកកម្ពុជាវិញទេ ព្រោះការងារដែលបានគ្រោងមិនទាន់ ក៏ដូចជាមិនទាន់ធ្វើឲ្យចប់ចុងចប់ដើម។ មួយវិញទៀតនៅពេលនេះ ទោះចង់ត្រឡប់មកវិញ ក៏មិនអាចដែរ ព្រោះជើងហោះហើររបស់អូស្ត្រាលីបានបិទអស់ហើយ។ ក្រៅពីខកខាន ឬក៏ខូចឱកាសការងារនៅអូស្ត្រាលី អេនឌី ប្រាប់ទៀតថា ការងារទៅប្រទេសទី៣ទៀតក៏ទំនងលុបចោលដែរ។
មុនចាកចេញទៅ លោក អេនឌី ធ្លាប់បានបង្ហើបថា លោកនឹងចាកចេញទៅធ្វើបេសកកម្មសិល្បៈបន្តទៀតនៅប្រទេសទី៣(លោកសុំលាក់ឈ្មោះប្រទេស) ក្រោយពីត្រឡប់ពីអូស្ត្រាលីប៉ុន្មានថ្ងៃ។ ប៉ុន្តែឥឡូវយោងតាមស្ថានភាពអំពីការរាតត្បាតរបស់ Covid-19 បច្ចុប្បន្នលោក និងម្ចាស់ឧបត្ថម្ភ បានឯកភាពគ្នាក្នុងការលុបចោលការងារនេះហើយ៕