ម្ដង​នេះ ស្ដេច​នំ​ដូណាត់ បញ្ចេញ​លុយ​ជួល​គេ​ឲ្យ​បរិយាយ​ពី​ស្នេហា​តោកយ៉ាក​របស់​ខ្លួន

  • 2020-03-30 03:27:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់​ភាគហ៊ុន​ក្នុង​រឿង"ដើម្បី​កូន" និង​រឿង​"ព្រលឹង​ល្បុក្កតោ" គឺ​លោក តឹក ង៉ូយ សម្រេច​បោះ​ទុន​ជាង​១០​ម៉ឺន​ដុល្លារ ដើម្បី​ថត​រឿង"សុគន្ធានី"​ដែល​និយាយ​អំពី​វណ្ណៈ​ស្នេហា និង​ជីវិត​ពិត​របស់​លោកក្នុងគ្រាហ៍ក្រ។

លោក តឹក ង៉ូយ ឲ្យដឹង​ថា ស្គ្រីប​សាច់​រឿង​សរសេរ​បាន​ជាង​៨០%​ហើយ ហើយ​បច្ចុប្បន្ន​លោក​កំពុង​ជ្រើស​រើស​តួ និង​រក​ទីតាំង​ថត​នៅ​ស្រុក​ខ្មែរ។ ប៉ុន្តែ​លោក​គិត​ថា រឿង​នេះ​មិន​អាច​ថត​ភ្លាម​ៗ​នេះ​បាន​ទេ ព្រោះ​មេរោគ​កូវីដ-១៩ កំពុង​រាតត្បាត​ខ្លាំង។ លោក​ក៏​កំពុង​ពិចារណា​រក​ជួល​អ្នក​ថត​ពី​ប្រទេស​ថៃ ឬ​ហុងកុង​ដែល​គេ​មាន​ឧបករណ៍​ថត​ទំនើប​ដើម្បី​ឲ្យ​កុន​ដែល​បរិយាយ​ពី​ជីវិត​លោក​នេះ​ចេញ​ទៅ​ល្អ។

បើ​តាម​ការ​លើក​ឡើង​របស់​លោក ង៉ូយ។ រឿង​នេះ​មាន​ឈុត​ឆាក​ស្នេហា និង​គ្រោះ​ថ្នាក់​ច្រើន​ដោយ​សារ​តែ​តួ​ប្រុស​ដែល​ជា​កូន​អ្នក​ក្រ ទៅ​ស្រឡាញ់​កូន​អ្នក​មាន ហើយ​ត្រូវ​ម៉ែ-ឪ​ខាង​ស្រី​ស្អប់​ខ្ពើម ដោយ​មិន​ចង់​ឲ្យ​អ្នក​ទាំង​ពី​បាន​គ្នា​ជា​ប្ដី-ប្រពន្ធ ទើប​គេ​រក​វិធី​កម្ចាត់​តួ​ប្រុស​គ្រប់​វិធី។ ដោយ​ការ​ពុះពារ​សព្វ​បែប​ដើម្បី​ស្នេហា ពួកគេ​បាន​រួច​ផុត​ពី​សេចក្ដី​ស្លាប់ ហើយ​បាន​រួម​រស់​ជាមួយ​គ្នា​រហូត​បាន​កូន-ចៅ។

លោក តឹក ង៉ូយ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សហគ្រិន​ឆ្នើម​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ម្នាក់ ក្នុង​ការ​ធ្វើ​នំ​ដូណាត់ រហូត​ដល់​គេ​ដាក់​រហស្សនាម​លោក​ថា​"ស្ដេច​នំ​ដូណាត់”។ លោក​ពុំ​មាន​បទ​ពិសោធ​ន៍​ផលិត​រឿង​ឡើយ ប៉ុន្ដែ​ដោយ​ចិត្ដ​ស្រឡាញ់​វិស័យ​ភាពយន្ដ​ខ្មែរ និង​ជួយ​លើក​ស្ទួយ​វប្បធម៌​ជាតិ​លោក​សុខចិត្ដ​បញ្ចេញ​ថវិកា​ផ្ទាល់​ខ្លួន​លោក​រាប់​ម៉ឺន​ដុល្លារ ដើម្បី​គាំទ្រ​ភាពយន្ត​ខ្មែរ​ជា​ច្រើន​រឿង។

រឿង​"សុគន្ធានី” នឹង​ចំណាយ​ពេល​ថត​ជាង​១​ខែ ហើយ​កាត់​ត​យក​តែ​រយៈ​ពេល​១​ម៉ោង​៤៥​នាទី​។ លោក ង៉ូយ ប្ដេជ្ញា​ថា​នឹង​ធ្វើ​រឿង​នេះ​ឲ្យ​បាន​ល្អបំផុតបើ​ទោះ​បីជា​លោក​ត្រូវ​ចំណាយ​លុយ​ប៉ុន្មាន​ក៏​ដោយចុះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ