ផ្អាក​សិល្បៈ​យ៉ាង​តក់​ក្រហល់ ស៊ិន សក្កដា ចាប់​យក​កិច្ច​ការងារ​២​សំខាន់​ៗ

  • 2020-04-02 03:43:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយ​សារ​តែ​មាន​ស្វាមី និង​កូន​ប្រុស​ម្នាក់​រួច​ហើយ ស៊ិន សក្កដា បាន​សម្រេច​ផ្អាក​សិល្បៈ​ភ្លាម​ៗ បើ​ទោះ​ជា​ស្វាមី​មិន​បាន​ហាម​ប្រាម​ក៏​ដោយ ហើយ​បច្ចុប្បន្ន​នាង បាន​ងាក​មក​ចាប់​ការងារ​សំខាន់​ៗ​ចំនួន​២​ជា​ជំនួស​វិញ ខណៈ​ការងារ​សិល្បៈ​នាង​មិន​ទាន់​សម្រេច​ចិត្ត​យ៉ាង​ណា​នៅ​ឡើយ។

តួឯក​ស្រី​រឿង "ហ្លួស​ព្រះ​ស្ដេច​កន" បាន​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ក្នុង​ការ​ចាកចេញ​ពី​សិល្បៈ​មួយ​រយៈ​ធំ​មក​ហើយ ជាមួយ​ហេតុផល​ថា ជា​ម្ដាយ ជា​ភរិយា​មួយ​រូប នាង​គួរ​តែ​មាន​ពេល​វេលា​ច្រើន​ជាង​មុន​សម្រាប់​មនុស្ស​សំខាន់​របស់​នាង​ទាំង​ពីរ​នាក់។ សក្កដា លើក​ឡើង​ថា "មនុស្ស​ទោះ​យ៉ាង​ណា នៅ​តែ​ថ្លឹង​ប្ដី និង​កូន​ធ្ងន់​ជាង​ការងារ​ជានិច្ច"។ ក្រោយ​ការ​ចាក​ចេញ​នេះ សក្កដា បាន​ប្រែ​ខ្លួន​មក​ជា​សហគ្រិន​មួយ​រូប ដោយ​នាង​បាន​ងាក​មក​ហក់​ចូល​ប្រឡូក​ជំនួញ​វិញ​ម្ដង។

បច្ចុប្បន្ន តារា​ស្រី គឺ​ជា​ថៅកែ​ស្រី​នៃ​ហាង​កាហ្វេ​មួយ​កន្លែង យីហោ "បឹង​បៃតង​កាហ្វេ" នៅ​រមណីយដ្ឋាន​បឹង​បៃតង និង​ក្បែរ​ផ្សារ​បឹង​បៃតង​១។ ជំនួញ​នេះ នាង​ទើប​បើក​ដំណើរ​ការ​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ។ ជាមួយ​គ្នា នាង​ក៏​បាន​ញែក​ខ្លួន ទៅ​ធ្វើ​​ការងារ​បន្ថែម​មួយ​ទៀត គឺ​នាង​នៅ​ធ្វើ​ជា​គ្រូ​បង្ហាត់​សិល្បៈ​បូរាណ​ដដែល។ នេះ​ជា​ជំនាញ​ដែល​នាង​ស្រឡាញ់​ជា​យូរ​មក​ហើយ។

សក្កដា បញ្ជាក់​ថា ការងារ​ទាំង​ពីរ​នេះ បូក​រួម​កាតព្វកិច្ច​ជា​ភរិយា និង​ម្ដាយ​គេ​ផង ល្មម​ឲ្យ​នាង​រវល់​គ្រប់​គ្រាន់ និង​មិន​សល់​ពេល​ច្រើន ដើម្បី​ងាក​ទៅ​ប្រឡូក​សិល្បៈ​បាន​ដូច​មុន​ឡើយ។ បន្ថែម​ពី​លើ​នេះ ការ​ដុះដាល​នៃ​សិល្បករ​ជំនាន់​ក្រោយ​នាង​ជា​ច្រើន ដែល​សុទ្ធ​តែ​មាន​សម្រស់​ស្រស់​ស្អាត និង​មាន​សមត្ថភាព​ល្អ​ដែរ​នោះ ក៏​ជា​ហេតុផល​មួយ​ដែរ ពោល​គឺ​នាង​ចង់​ឲ្យ​ពួក​គេ​ទាំង​នោះ មាន​ឱកាស​កាន់​តែ​ច្រើន។

ដោយ​ឡែក​ខ្លួន​ឯង សក្កដា យល់​ថា ល្មម​ដល់​ពេល​ដល់​នាង​គួរ​តែ​ងាក​មក​ផ្លូវ​មួយ​ផ្សេង​ទៀត។ ដូច្នេះ​ហើយ នាង​មិន​ច្បាស់​ឡើយ​ថា នាង​នឹង​បក​ទៅ​សិល្បៈ​វិញ​នៅ​ពេល​ណា ក៏​លែង​បក​ក្រោយ​ជា​រៀង​រហូត ក៏​មិន​ដឹង​ដែរ។ "យ៉ាង​ណា ការងារ​សិល្បៈ ខ្ញុំ​នៅ​តែ​ស្រឡាញ់​ពេញ​បេះដូង បើ​ទោះ​ជា​ឥឡូវ​មិន​បាន​រួម​ចំណែក​ដូច​មុន​ដោយ​ផ្ទាល់​ក៏​ដោយ"។

ស៊ិន សក្កដា ទើប​ធ្លាយ​ដំណឹង​ថ្មី​ៗ​ថា នាង​មាន​ស្វាមី និង​កូន​ប្រុស​ម្នាក់ ក្រោយ​ពី​នាង​បាន​បាត់​មុខ​ឈឹង​ពី​សិល្បៈ​មួយ​រយៈ​ធំ។ នាង​ថា បាន​ចុះ​លិខិត​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​រួច​រាល់ ដោយ​ឡែក​ពិធី​ជ័យ​នាង នឹង​មិន​ចោល​ដូច​គ្នា ហើយ​ថា ពិធី​នោះ ទំនង​ជា​អាច​កើត​មាន​ក្រោយ​ពី​នាង​បញ្ចប់​ការ​សាងសង់​ផ្ទះ​រួច​រាល់៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម