អធិរាជគុនខ្មែរ ISI PALM-ISI PIPE វិលវិញសប្ដាហ៍នេះ

  • 2020-04-02 04:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយផ្អាកសកម្មភាពមួយសប្ដាហ៍ កម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE ប្រចាំសង្វៀនទូរទស្សន៍ PNN នឹងវិលត្រលប់មកវិញសាជាថ្មី នាថ្ងៃអាទិត្យ ទី០៥ ខែមេសានេះ ដោយមានការប្រកួតគូពិសេសៗកម្រិតជាតិដល់ទៅ៥គូ។ ក្នុងនោះអ្នកលេងគុនខ្មែរវ័យក្មេង សៅ ប៊ុនធឿន ត្រូវស្វាគមន៍សិស្សគុនក្លិបថ្នល់ទទឹងគុនខ្មែរ លន សៀកឡុង ហើយបងប្អូនបង្កើតរបស់គេ លន សៀកឡេង ជួបប្រឈមក្បាច់ប្រយុទ្ធទល់នឹង អ្នកប្រដាល់មកពីខេត្តកំពង់ឆ្នាំង ឡុង រ៉ាមី។

ជាមួយគ្នានេះ គូប្រកួតរលកក្រោយកំពុងឡើងកូដ សួរ ចាន់រាជ ត្រូវជួបសិស្សសមាគមប្រដាល់ក្រសួងការពារជាតិ ធន់ វិស្ណុ ស្របពេល ឡុង ខេត្ត នឹងឡើងល្បងស្នៀតគុនមរតកដូនតាជាមួយ សឺន ថៃសាន់។ ចំណែកគូឯកប្រចាំសង្វៀន ខ្លាចាស់ ម៉ន សាម៉េត ជួបជាមួយរន្ទះជើងពិឃាត គង់ ហូវ។

គួរបញ្ជាក់ថា ការប្រកួតកម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE ប្រចាំសង្វៀនទូរទស្សន៍ PNN ក្នុងសប្ដាហ៍នេះនឹងធ្វើឡើងជាលក្ខណៈមិត្តភាពប៉ុណ្ណោះ និង មានភាពខុសប្លែកពីសប្ដាហ៍កន្លងទៅ ដោយប្រកួតគូនីមួយៗនឹងធ្វើឡើងតែចំនួន៣ទឹក ហើយក៏ពុំអនុញ្ញាតឲ្យមានអ្នកចូលទស្សនាផ្ទាល់ដល់សង្វៀនឡើយ ដែលជាការអនុវត្តតាមសេចក្ដីណែនាំរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ខណៈការប្រកួតដណ្ដើមខ្សែក្រវាត់ប្រាក់ និងខ្សែក្រវាត់មាសក្នុងកម្មវិធីនេះ PNN នឹងជូនដំណឹងនៅពេលក្រោយ។

សម្រាប់គូឯក និងគូឯករងជាការប្រកួតរវាងកីឡាករក្នុងស្រុកក្ដី ប៉ុន្តែ PNN និង ISI នៅតែផ្ដល់តម្លៃខ្លួនខ្ពស់ដល់កីឡាករទាំង៤រូប ពោលគឺដូចនឹងតម្លៃខ្លួនប្រកួតក្នុងកម្រិតគូអន្តរជាតិផងដែរ។ កម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE ប្រចាំសង្វៀនទូរទស្សន៍ PNN ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យ ទី០៥ មេសាខាងមុខនេះ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម