​រូប​សំណាក​គោ​បូរៈ​​ទី៥ ​តម្លៃ​ជាង​​១០​ម៉ឺន​ដុល្លារ​​នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ក្រោយ​ចូល​ឆ្នាំ​ថ្មី​

  • 2020-04-03 09:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សាង​សង់​រូប​សំណាក់​គោបូរៈទី៥ ​ដែល​ជា​និមិត្ត​រូប​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​បុព្វបុរស​ខ្មែរ​នៅ​លើ ​រង្វង់​មូល​ស្រអែម​ខេត្ត​ព្រះវិហារ​នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ក្រោយ​ចូល​ឆ្នាំ​ថ្មី​ ខណៈ​គម្រោង​ទាំង​មូល​មក​ដល់​ពេល​នេះ​សម្រេច​​បាន៩០%ហើយ។ នេះ​បើ​តាម​​លោក​ សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះវិហារ​។

លោក​បាន​​​ឱ្យ​ដឹង​ថា ​គម្រោង​សាង​សង់​​អាច​រួចរាល់​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ តែ​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ទំនង​ជា​ត្រូវ​ធ្វើ​រហូត​ដល់​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​ ខណៈ​វឌ្ឍនភាព ​នៃ​ការ​សាងសង់​រង្វង់​មូល​ស្រអែម ​ស្ថិត​ក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ​ខេត្ត​ព្រះវិហារ​សម្រេច​​បាន ៩០​%​។ ​រង្វង់​មូល​ស្រអែម​ បាន​ធ្វើ​ពិធី​បែប​សាសនា​ ក្រុង​ពាលី​បញ្ចុះ​បឋម​សិលា​សាងសង់ ​កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ២០១៨ ​ក្រោម​អធិបតីភាព​លោក​ មាស សុភា ទេស​រដ្ឋមន្រ្តី​ទទួល​បន្ទុក​បេស​កកម្មពិសេស ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ។

“ការងារ​សាង​សង់​នៅ​សេស​សល់​តិច​តូច​ទេ ដូច​ជា​ដាំ​ស្មៅ​ ដាំ​ផ្កា​ ​និង​​ភ្លើង​បំភ្លឺ​ ហើយ​សង្ឃឹម​ថា​​នឹង​អាច​រួច​រាល់​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ តែ​ពិធី​សម្ពោធ​ផ្លូវ​ការ​អាច​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​”។ លោក​ លាង​ទ្រី​ បន្ថែម​​។​​

លោក​បាន​​ឱ្យ​ដឹង​ទៀត​ថា​ ​ការ​សង់​រង្វង់​មូល​នេះ​ក្នុង​គោលបំណង​កែ​លំអ​សោភ័ណ​ភាព​ទីប្រជុំជន​មួយ​នេះ​ឲ្យ​កាន់តែ​ស្រស់​ស្អាត ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​ព្រះវិហារ​កាន់តែ​ច្រើន​ឡើង ។ ​នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​​ បន្ទាប់ពី​ផ្លូវ​ភ្លោះ​ និង​ បុស្បុក​លោកតា​សួង​​ ដែល​មាន​ លោក​ អ៊ុន​ ចាន់ដា​ ​ជា​អតីត​អភិបាលខេត្ត​​ផ្ដួច​ផ្ដើម​នា​ពេល​កន្លង​មក​​។​ ​ចំពោះ​ខ្ទង់​ចំណាយ​​​សាង​សង់​​រង្វង់​​មូល​នេះ​​មាន​​ប្រមាណ​ជាង​ ១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​​ បាន​​មក​ពី​ការ​ចូល​រួម​របស់​សប្បុរស​ជន​សុទ្ធ​សាធ​​ ដោយ​មិន​មាន​​ការ​ចំណាយ​ថវិកា​រដ្ឋ​ឡើយ។​

​​​​ចំពោះ​ការ​សាង​សង់​រូប​សំណាក់​គោបូរៈទី៥ ​នៃ​ប្រាសាទ​ព្រះវិហារ​នេះ ​គឺ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះវិហារ​ ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ក្នុង​ការ​សាង​សង់​ទាំង​ស្រុង​ ក្នុង​នោះ​សាង​សង់​លើ​រង្វង់​មូល​ដែល​មាន​អង្កត់​ផ្ចិត​៤០​ម៉ែត្រ ​រូប​សំណាក់​គោបូរៈទី៥ ​នៃ​ប្រាសាទ​ព្រះវិហារ ​ខ្នាត​១​លើ​២៥​ ស្មើ​នឹង​៧៥%​នៃ​តួ ប្រាសាទ​ព្រះវិហារ​ដើម ​មាន​រូប​នាគ២ ហើយ​នៅ​លើ​រង្វង់​មូល​នេះ​ក៏​នឹង​មាន​ការ​ដាំ​ស្មៅ ​ផ្កា​និង​ដើម​ឈើ លម្អ​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ​។ នេះបើតាម​​លោក​ សំ លាងទ្រី៕