ជិតដល់ថ្ងៃចូលឆ្នាំហើយ ! ​តោះមកដឹងប្រវត្តិបុណ្យចូលឆ្នាំខ្មែរបន្តិចមើល

  • 2020-04-06 04:04:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថី្មដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗ ខ្លួន។ គ្រាន់តែគេនិយមកំណត់ពេលវេលានៃ ការរៀបចំបុណ្យនេះបែ្លកៗគ្នាស្របទៅតាមជំនឿទំនៀមទម្លាប់និងប្រពៃណី របស់គេប៉ុណ្ណោះ។ ជនជាតិខែ្មរយើង ក៏មានប្រវតិ្តធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំ រហូតមក ។

កាលដើមឡើយខ្មែរយើងប្រារព្ធធ្វើបុណ្យចូលឆ្នាំខ្មែរក្នុងខែមិគសិរ ព្រោះគេកំណត់យកខែនេះជាដើមឆ្នាំ។ នាសម័យពីព្រេងនាយឆ្នាំនីមួយៗ ចែកជាបីរដូវគឺ ហេមន្តរដូវ គិម្ហរដូវ និងវស្សានរដូវ។ បុរាណលោកគិត

– ហេមន្តរដូវ = រដូវត្រជាក់ចាត់ទុកជារដូវដើមឆ្នាំ ប្រៀបបាននិងពេលព្រឹកដែលផុតពីរាត្រី គឺជាដើមថ្ងៃ។

– គិម្ហរដូវ = រដូវក្ដៅត្រូវសន្មតទុកជាកណ្ដាលឆ្នាំប្រៀបដូចជាពេលថ្ងៃត្រង់។

– វស្សានរដូវ = ជារដូវមេឃមីរងងឹតមានភ្លៀងផ្គរត្រូវទុកជាចុងឆ្នាំប្រៀបបាន នឹងពេលព្រលប់។

ចំណេរកាលក្រោយមក គ្រាដែលបុព្វបុរសខ្មែរយើង អនុលោមប្រើចុល្លសករាជ ជាសំខាន់នោះមិនដឹងជាប្រើនៅក្នុងរដូវកាល នៃព្រះរាជាមួយព្រះអង្គ ទើបកាលចូលឆ្នាំថ្មីមានការប្រែប្រួលហើយកំណត់យកខែចេត្រ ជាខែដើមឆ្នាំវិញ ព្រោះបុព្វបុរសយើងយល់ថាស្ថិតនៅក្នុងខែមិគសិរ នេះប្រជានុរាស្ត្រ កសិករខ្មែរយើងជាប់រវល់មមាញឹកក្នុងបេសកកម្មមានការរៀបចំធ្វើស្រែចម្ការជាដើម។ ទើបលោកកំណត់យកពេលចូលឆ្នាំមកធ្វើនៅក្នុងកំលុងខែ ចេត្រវិញ ពីព្រោះថា ខែចេត្រកិច្ចការច្រូតកាត់បោកបែនរបស់ប្រជាកសិករបានចប់សព្វគ្រប់ហើយ បណ្ដាប្រជាពលរដ្ឋខ្មែរ យើងមានពេលទំនេរមានឱកាស ដើម្បីធ្វើបុណ្យទានតាមធនធានរបស់ខ្លួនមាន។ ម្យ៉ាងទៀតបានកម្សាន្តសប្បាយតាមសេចក្ដីប្រាថ្នាការកំណត់នេះក៏ជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃនេះ។

តោះមកតាមដានរឿងនិទានទាំងអស់គ្នា៖

មានតំណាលថា នៅដើមនៃភទ្ទកប្បមានសេដ្ឋីម្នាក់ មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេស បានរៀនចេះចប់គម្ពីរត្រីវេទតាំងពីអាយុបាន៧ឆ្នាំ។ សេដ្ឋីបិតាបានសាងប្រាសាទឲ្យ ធម្មបាលកុមារ នៅទៀបដើមជ្រៃមួយធំ នៅឆ្នេរទន្លេ ដែលជាទីស្នាក់អាស្រ័យ នៃបក្សីទាំងឡាយ។ ធម្មបាលកុមារ ចេះទាំងភាសាបក្សីទាំងពួងផង ព្រមទាំងអាចធ្វើជាអាចារ្យសម្ដែងមង្គលផេ្សងៗ ដល់មនុស្សទាំងពួងផង។

គ្រានោះ មនុស្សលោករមែងរាប់អានមហាព្រហ្ម និង កបិលមហាព្រហ្ម១អង្គទៀត ដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង។ ពេលនោះ កបិលមហាព្រហ្ម បានជ្រាបព័ត៌‌មានក៏ចុះមកសួរបញ្ហា នឹងធម្មបាលកុមារ ចំនួន៣ប្រស្នា ដោយសន្យាថា ប្រសិនបើ ធម្មបាលកុមារ អាចដោះប្រស្នាបាន កបិលមហាព្រហ្ម នឹងកាត់ព្រះសិរសាទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែប្រសិនបើធម្មបាលកុមារមិនអាចដោះស្រាយប្រស្នានោះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលធម្មបាលកុមារវិញ ។

ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ ថ្ងៃសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ៦ថ្ងៃហើយក៏ធម្មបាលកុមារនៅតែគិតមិនឃើញ និងដឹងខ្លួនថាព្រឹកនេះនឹងត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដ។ ដូច្នេះគួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង។ ទើបធម្មបាលកុមារចុះពីប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ។ នៅលើដើមត្នោតនោះ មានសត្វឥន្ទ្រីញីឈ្មោលធ្វើសំបុកអាស្រ័យនៅ ។

វេលាយប់ សត្វឥន្ទ្រីញីសួរសត្វឥន្ទ្រីឈ្មោលថា ព្រឹកនេះយើងបានអាហារអ្វីធ្វើជាចំណី? ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវនឹងកបិលមហាព្រហ្មសម្លាប់ ព្រោះធម្មបាលកុមារដោះប្រស្នាមិនរួច ។ ឥន្ទ្រីញីសួរថា ប្រស្នានោះដូចម្ដេច? ឥន្ទ្រីឈ្មោលឆ្លើយថា: វេលាព្រឹកសិរីសួស្ដីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថា នៅលើផ្ទៃមុខ។ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ។ ប្រស្នាទី២ ចោទថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថា នៅលើទ្រូង ។ ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង។ ប្រស្នាទី៣ចោទថា វេលាល្ងាចសិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថានៅនឹងជើង។ ហេតុនោះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង។

ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ។ លុះព្រឹកឡើង កបិលមហាព្រហ្ម ក៏មកសួរប្រស្នាធម្មបាលកុមារ។ ធម្មបាលកុមារឆ្លើយដោះស្រាយ តាមដែលបានឮមក។ កបិលមហាព្រហ្ម ក៏ទទួលថាពិតជាត្រឹមត្រូវ, ព្រមចុះចាញ់ និងសុខចិត្តធ្វើតាមពាក្យសន្យារបស់ខ្លួន។ កបិលមហាព្រហ្ម ហៅទេពធីតាទាំង៧អង្គដែលជាបាទបរិចាវិកា ព្រះឥន្ទ្រ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ព្រះសិរសាដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាសនឹងនាំឲ្យរាំងភ្លៀង បើចោលក្នុងមហាសមុទ្រនោះទឹកនឹងរីងស្ងួតហួតអស់។ ដូច្នេះសូមឲ្យកូនទាំង៧អង្គ យកពានមកទទួលព្រះសិរសាបិតា។

ពោលរួច ព្រះអង្គក៏កាត់ព្រះសិរសាហុចទៅឲ្យព្រះនាងទុង្សទេវី ជាកូនច្បង ។ ព្រះនាង ទុង្សទេវី ក៏បានយកពានមកទទួលព្រះសិរសាបិតា រួចហែប្រទក្សិណភ្នំព្រះសុមេរុ៦០នាទី ទើបយាងទៅប្រតិស្ឋានទុក ក្នុងមណ្ឌល នៅក្នុងគុហាគន្ធមាលី នាភ្នំកៃលាស និងបូជាគ្រឿងទិព្វផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ ប្រការ ឈ្មោះថា «ភគវតីសភាសាលា» ឲ្យជាទីប្រជុំនៃទេវតា។ លុះដល់គម្រប់១ឆ្នាំជា សង្ក្រាន្ត នាងទេពធីតាទាំង៧អង្គ ក៏ផ្លាស់វេនគ្នាមកអញ្ជើញ ព្រះសិរសាកបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំ រួចហើយយាងត្រឡប់ទៅស្ថានទេវលោកដើម្បីតម្កល់វិញ៕

ប្រភព៖ វីគីភីឌា

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម
អត្ថបទថ្មី