តោះ! មករៀនធ្វើបង្អែមពងមាន់នំអ៊ីទុកញុំាជុំគ្រួសារ ក្នុងឱកាសចូលឆ្នាខ្មែរ

  • 2020-04-06 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារៀងរាល់ឆ្នាំនៅពាក់កណ្តាលខែមេសា ឬខែចែត្រ ជាខែមួយដែលប្រជានជនខ្មែរតែង​ប្រារព្ធធ្វើពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិមិនដែលអាក់ខាននៅតាមគេហដ្ឋាននីមួយៗឡើយ។ ជាការពិតណាស់ នៅតាមផ្ទះ​នី​មួយៗ​នឹងមានភាពសប្បាយរីករាយជួបជុំកូនចៅ ញាតិមិត្តបងប្អូនជិតឆ្ងាយតាមភូមិ​ស្រុកបានរៀបចំផ្ទះសម្បែង នំ​ចំណី​សម្រាប់ទទួលទេវតាឆ្នំាថ្មី និងម្ហូបអាហារ បង្អែម ភេសជ្ជៈសម្រាប់កូនចៅផងដែរ។ ហេតុដូចនេះហើយ ដើ​ម្បី​ឲ្យស័ក្តិសមនឹងឱកាសដ៏សប្បាយរីករាយនេះ គេហទំព័រ កញ្ញា នឹងចែករំលែកពី​វិធីធ្វើបង្អែម​ពងមាន់​នំអ៊ី​ទុក​សម្រាប់​ប្រិយមិត្ត​ធ្វើទុកញុំាជុំគ្រួសារទាំងអស់គ្នា។ នៅខាងក្រោមជាវិធីធ្វើក៏ដូចជាគ្រឿងផ្សំរួមមាន៖

រូបតំណាង

**ចំណាំ៖** សម្រាប់បង្អែមមួយប្រភេទនេះគឺមិនសូវចំណាយពេលយូរប៉ុន្មាននោះទេ តែវារាងយូរ​បន្តិចនៅ​ពេល​លុញនំអ៊ីឲ្យតូចៗប៉ុនគ្នាល្មម។ បើអ្នកមានសមាជិកគ្រួសារច្រើន អ្នកអាចលុញ​កាន់តែ​ឆាប់លឿននិងរហ័ស។

គ្រឿងផ្សំ៖

ម្សៅដំណើប 500g      

ទឹក 6 កែវ

ខ្ទិះដូង 300 មីលីលីត្រ​      

ស្ករស ១ កូនចានតូច       

 ពងមាន់ 10 គ្រាប់     

 អំបិល មួយចុងស្លាបព្រា​កាហ្វេ​

ម្សៅឆា 1​ស្លាបព្រា​បាយ​ (មិនដាក់ក៏បាន​តាម​ចំណូលចិត្ត)

ខ្ញី​ ៥ ជំនិត​ (ដាក់ក៏បាន​ មិនដាក់ក៏បាន​តាម​ចំណូលចិត្ត)

វិធីធ្វើ៖

    រូបតំណាង

១. ដំបូង អ្នកត្រូវលាយម្សៅដំណើបជាមួយទឹកល្មម រួចហើយ លុញជារាងមូលៗតូច។ ក្រោយមក ត្រូវដាក់ស្ងោរ​នំ​អ៊ីឲ្យ​ឆ្អិន។

២. បន្ទាប់មក ដាំទឹកឲ្យពុះ រួចដាក់ ខ្ញី​៥​ ជំនិត ស្ករស និងអំបិលចូល ហើយបន្ថយភ្លើងបន្តិច។

៣. បន្ទាប់មកទៀត គោះពងមាន់ដាក់ក្នុងទឹកស្ករទាំងអស់ក៏បានឬ ចង់ គោះពងមាន់ដាក់ចាន ស្រង់ពងក្រហមចេញពីផ្នែកសខាប់អន្ធិលចេញពីគ្នាក៏បាន។

៤. បន្ទាប់ពីនេះ យកស៊ុតស ដាក់ចូលក្នុងឆ្នាំងទឹកស្ករ កូរបំបែកឲ្យឡើងជាសរសៃៗ រួច​យក​ម្សៅ​ឆា​ ១ ​ស្លាបព្រា​បាយ​ ដាក់ទឹក​​បន្តិច​ក្នុង​កូនចាន​ កូរ​អោយ​រលាយ​​សប់ល្អ រួចចាប់​ចូល​ឆ្នាំង​ទឹកស្ករ កូរអោយ​ឡើង​ខាប់​។

៥. ចុងក្រោយ ចាប់ផ្ដើមចាក់ស៊ុតក្រហមចូលឆ្នាំងទាំងមូល រួច​បិទភ្លើង​ ក្រោយមក​ដាក់ នំអ៊ីចូល យក​ខ្ទិះដូង​ដាក់​ដាំអោយពុះ ដាក់​អំបិល​បន្តិច​ ដាំ​ឲ្យឆ្អិនបន្តិច ដួស​បង្អែមដាក់ចាន​ រួច​ដាក់​ទឹកខ្ទិះ ពី​លើ​ជាការ​ស្រេច។

រូបតំណាង

ភ្លក្សបង្អែមឲ្យល្មមទៅតាមការចូលចិត្តរបស់ខ្លួនហើយ ត្រូវដួសដាក់កូនចានជូនសម្រាប់លោកអ្នក​មានគុណ​មុន​សិនដើម្បីបានពរជ័យពីឳពុកម្តាយ លោកយាយលោកតា ពូមីងរបស់អ្នក។ បន្ទាប់មកទៀត អ្នកអាច​​ទទួល​ទាន​នៅ​ផ្ទះ​យ៉ាងសប្បាយជួបជុំសមាជិកគ្រួសារប្រកបដោយសុភមង្គល៕

​​ រូបភាព៖ រសជាតិ Tasteful

រសជាតិ Tasteful

ចុចអានបន្ត៖

តោះ! មកដឹងរណ្តាប់ទេវាតាឆ្នាំនេះត្រូវការរៀបអ្វីខ្លះ?

ប្រភព៖ facebook   ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម