គួច សុកុម្ភៈ៖ ខ្ញុំ​មិន​ដែល​គិត​​ថាខ្លួន​ឯង​លេង​ល្អ​ទេ អ្វី​​​ដែលខ្ញុំ​ត្រូវ​ធ្វើ​គឺ​​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព

  • 2020-04-10 05:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រឡូក​ក្នុង​វិស័យ​បាល់​ទាត់​អស់​ច្រើន​ឆ្នាំ គួច សុកុម្ភៈ ត្រូវ​បាន​អ្នកគាំទ្រ កីឡាករ និង​គ្រូ​បង្វឹក​ ចាត់​ទុក​ជា​អ្នកកីឡា​អាជីព​ចាស់​ទុំ​មួយ​រូប​ ដែល​មាន​ក្រម​សីលធម៌ គោរពវិន័យ ព្រមទាំង​​​លេង​ល្អ​​ក្នុង​នាម​ជា​ខ្សែ​​​​បម្រើ ហើយ​តែង​ជាប់​ជម្រើស​ជាតិ​ជានិច្ច​។ ទោះ​មាន​ការ​លើក​សរសើរ​បែប​នេះ​ក្ដី ក៏​កីឡាករ​ណាហ្គា​វើល​ដ៍​រូប​នេះ មិន​បាន​ចាត់​ទុក​ខ្លួន​ឯង​ជាកីឡាករល្អអ្វីឡើយ ពោលគឺ​នៅ​មាន​កម្រិត​។

រូបភាព NagaWorld FC

គួច សុកុម្ភៈ បញ្ជាក់​​ថា **៖«សម្រាប់​ខ្ញុំ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​ឯង​លេង​ល្អ​ទេ អត់​ដែល​គិត គ្រាន់​តែ​ថា​ អឺ...ពេល​ប្រកួត​គឺ​​​អ្វី​ដែល​ខ្ញុំ​​ត្រូវ​ធ្វើ គឺ​ខ្ញុំ​ខំ​​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ អឺ... អត់​ខ្វល់ ​អត់​ខ្វល់​ថា​ គ្នា​យើង​ម៉េច​អី​ម៉េច​ទេ គ្រាន់​​ថា​សម្រាប់​ខ្លួន​ផ្ទាល់​​ ​គឺ​ខ្ញុំ​ខំ​ប្រឹង បើ​គ្នា​​យើង​នរណា​អត់​ធ្វើ យើង​ធ្វើ​ជំនួស​គាត់​បាន​យើង​ធ្វើ​ជំនួស​គាត់...ពេល​ណា​គាត់​អត់​សូវ​ខំប្រឹង ឬ​គាត់​ចន្លោះ​ប្រហោង​អី​មួយ​...​យើង​អាច​​ជួយ​​​​​បាន​យើ​ង​ជួយ មិន​មែន​គិត​​ប្រកាន់​តួនាទី​អី​ទេ និយាយ​រួម​ទៅ​អ្វី​ដែល​យើង​អាច​ជួយ​ក្រុម​បាន​ យើង​ជួយ​ទាំង​អស់»។**

អតីត​កីឡាករ​របស់ម្ចាស់​ជើងឯក​លីគកំពូល​កម្ពុជា៦​សម័យ​កាល​ ភ្នំពេញក្រោន ក៏​បាន​ឱ្យ​ដឹង​ដែរថា ការ​ហ្វឹកហាត់​លើ​ទីលាន​ក៏​ដូច​គ្នា គឺក្នុងនាមជាកីឡាករ​ គឺគេខំប្រឹងប្រែង​ហ្វឹកហាត់​ឱ្យ​អស់​ពីសមត្ថភាព។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ជើង​ចាស់វ័យ​៣៣​ឆ្នាំ មក​ពី​ខេត្ត​កំពង់​ធំ គួច សុកុម្ភៈ ធ្លាប់​លេង៖

  • ឆ្នាំ​២០០៣ -២០០៤ គួច សុកុម្ភៈ លេង​ឈុត​យុវជន​ក្លឹប Army Youth FC

  • ឆ្នាំ​២០០៥-២០១០ លេង​ឱ្យ Khemara Keila

  • ឆ្នាំ​២០១០-២០១៥ លេង​ឱ្យ ​ភ្នំពេញ​ក្រោន

  • ឆ្នាំ​២០១៥ -​បច្ចុប្បន្ន​ លេង​ឱ្យ ណាហ្គាវើលដ៍។

ប្រធានក្រុមរបស់ក្លឹបម្ចាស់ជើងឯកលីគកំពូលកម្ពុជា៣សម័យកាល ណាហ្គាវើល៍ បាន​ចូល​លេង​​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​តាំង​ពី​ឆ្នាំ​ ២០០៦មក​ម្ល៉េះ​ ហើយ​រូបគេបាន​បង្ហាញ​ខ្លួន ៦០​ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន​ ៧គ្រាប់។ សុកុម្ភៈ ជួយឱ្យក្លឹបជាច្រើនលើកពាន Hun Sen Cup និងលីគកំពូលកម្ពុជា ចំណែកពានរង្វាន់ផ្ទាល់ខ្លួនវិញ ខ្សែបម្រើពាក់លេខ១០នេះ បាន​គ្រងស្បែកជើង​មាស​៣​រដូវ​កាល​គឺ ឆ្នាំ​២០០៧, ​២០០៩ និង ២០១០៕

អត្ថបទ៖ អ៊ុំ សុភក្តិ