តារាល្បីៗច្រើនដួង សែនទទួលទេវតាឆ្នាំថ្មី ហើយបួងសួងសុំរឿងមួយដូចៗគ្នា
- 2020-04-14 03:37:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីៗច្រើនដួង សែនទទួលទេវតាឆ្នាំថ្មី ហើយបួងសួងសុំរឿងមួយដូចៗគ្នា
ចន្លោះមិនឃើញ
ប្រិយមិត្តបានដឹងគ្រប់គ្នាហើយថា រាជរដ្ឋាភិបាលបានសម្រេចផ្អាកការជួបជុំនៅពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរទាំងឡាយ ដោយបង្ការការរីករាលដាលមេរោគកូវិដ-១៩។ ប៉ុន្តែពិធីសែនទទួលទេវតានៅប្រព្រឹត្តទៅធម្មតា។ ដូច្នេះហើយ យប់មិញនេះ សិល្បករល្បីៗយើងជាច្រើនបាន ចូលរួមទទួលទេវតាឆ្នាំថ្មី ឆ្នាំ២០២០ នេះ ហើយភាគច្រើន ពួកគេបួងសួងសុំរឿងម្យ៉ាងដូចៗគ្នា ពោលគឺ សុំឲ្យយកម្ពុជាជៀសផុតកូវិដ-១៩។
អារម្មណ៍ដំបូងគេនេះ គឺតារាសម្ដែងស្រីចាស់វស្សា ចន ច័ន្ទលក្ខិណា ជាមួយដៃគូជីវិតក្រោយលោក ហេង ឡុង។ គូស្នេហ៍កំពុងផ្អែមល្ហែមនេះ បានបួងសួងសូមឲ្យទេវតាឆ្នាំថ្មីតាមជួយថែរក្សាបងប្អូនខ្មែរទាំងអស់ជៀសផុតពីជំងឺកូវីដ-១៩។
ចំណែកតារាចម្រៀង នី រតនា និងភរិយា វិញ បានបួងសួងដល់ទេវតាឆ្នាំថ្មី សូមឲ្យបងប្អូនខ្មែរទូទាំងប្រទេសជួបតែសំណាងល្អ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ជាពិសេសសូមឲ្យកម្ពុជារួចផុតពីជំងឺកូវីដ-១៩។
យើងងាកមកចាប់អារម្មណ៍តារាចម្រៀងសម័យ និងប្រពៃណីប្រកបដោយវោហារសាស្ដ្រ អ្នកនាង ខាត់ សុខឃីម វិញម្ដង។ អ្នកនាង បានបញ្ចេញសារដ៏កម្រ និងគួរឲ្យងឿងឆ្ងល់មួយថា៖" ឆ្នាំថ្មី២០២០ គឺអ្វីៗប្រហែលត្រូវចប់នៅឆ្នាំនេះហើយ អីចឹងក៏ល្អដែរ"។
តារាល្បីឈ្មោះខាងលេងបណ្ដាញសង្គម Tik Tok គឺកញ្ញា សុខ លីន បានបញ្ចេញសារខូចចិត្ដក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ ថា "ឆ្នាំណាក៏ដូចឆ្នាំណាដែរ មិនបានទៅផ្ទះរហូតខ្ញុំ"។
រីឯតារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមីវិញ បានបួងសួងដល់ទេព្ដាឆ្នាំថ្មីសូមឲ្យខ្មែររស់នៅគ្រប់ទីកន្លែងទទួលបានលាភ សំណាងល្អ រកស៊ីមានបាន ជាពិសេសសូមឲ្យពុក-ម៉ែ បងប្អូនរួចផុតពីការគំរាមកំហែងដោយជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ។
តារាចម្រៀង សុគន្ធ នីសា បានថ្លែងសារយ៉ាងខ្លីភ្ជាប់ដោយស្នាមញញឹមថា "សួស្ដីឆ្នាំថ្មី...សូមឲ្យអ្វីៗល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ"។
ចំណែកតារាចម្រៀង ឆាយ វីរៈយុទ្ធ បានបួងសួងសូមឲ្យទេវតាឆ្នាំថ្មីតាមថែរក្សាអ៊ុំប្រុស-អ៊ុំស្រី លោកពូ-អ្នកមីង បងប្រុស-បងស្រី និងសាច់ញាតិ ជួបតែសេចក្ដីសុខ រកទទួលទានមានបាន និងមានសុខភាពល្អគ្រប់ៗគ្នា។
យើងមកចាប់អារម្មណ៍តារាចុងក្រោយគេនេះ គឺតារាចម្រៀងសំឡេងស្រក ខេម។ ខេម បានបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំ២០២០ សូមឲ្យពលរដ្ឋខ្មែរគ្រប់រូបរួចផុតពីគ្រោះចង្រៃ មានសេចក្ដីសុខសាន្ដរាល់ការធ្វើដំណើរ។ លោកក៏សូមបងប្អូនចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយការឆ្លងរីករាលដាល នៃមេរោគកូវីដ-១៩ ដែរ៕