អ្នក​និពន្ធ សោម ដូរ៉េ បញ្ចេញ​លទ្ធផល​ការងារ​រយៈ​១០ឆ្នាំ ពិត​ជា​សមិទ្ធផល​ដ៏​ធំ​មួយ!

  • 2020-04-15 03:55:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ត្រឹម​ថ្ងៃ​នេះ អ្នក​និពន្ធ សោម ដូរ៉េ បាន​ឈាន​មក​ដល់​គម្រប់ ១០​ឆ្នាំ​នៃ​អាជីព​ជា​អ្នក​និពន្ធ​របស់​ខ្លួន​ដោយ​ឆ្លង​កាត់​ការងារ​ជា​ច្រើន​ផលិតកម្ម និង​ផលិត​បទ​ចម្រៀង​បាន​ប្រមាណ​ជិត​១ពាន់​បទ​ថែម​ទៀត។

សមិទ្ធផល​នេះ ក្រោយ​ពី​លោក​បាន​ចាប់​អាជីព​ដំបូង​នៅ​ហង្សមាស ហើយ​បច្ចុប្បន្ន​ជា​អ្នក​និពន្ធ និង​ដឹកនាំ​នៅ​ផលិតកម្ម​ថោន។ ១០​ឆ្នាំ​មក​នេះ លោក ដូរ៉េ ផលិត​បាន​ចំនួន ៩០៩ បទ​ក្នុង​នោះ ៧៥% នៃ​បទ​ដែល​លោក​បាន​និពន្ធ គឺ​ជា​ប្រភេទ Original Song ក្នុង​នោះ​មាន​បែង​ចែក​ជា​ប្រភេទ​វ៉ុល​ពិសេស​ៗ​ចំនួន ៩ មាន ចម្រៀង​ជាតិ ៥បទ ចម្រៀង​អប់រំ​ដឹង​គុណ ១៨បទ។ ចម្រៀង​រឿង​ពិត​ពី​អ្នក​ចម្រៀង​ចំនួន ១០បទ ចម្រៀង​អន្តរជាតិ​សម្រាប់ Vevo ៣បទ។

ក្រៅ​ពី​នេះ​ក្នុង​ចំណោម​ជាង ៩០០បទ​ដែល​លោក​ផលិត​បាន គឺ​ចម្រៀង​ប្រភេទ​ចង្វាក់​ប្រពៃណី មាន​រាំ​វង់ រាំក្បាច់ សារ៉ាវ៉ាន់ តាលុង មហោរី ជា​ដើម បាន​ជាង ៣០០បទ និង​ចម្រៀង​អន្តរជាតិ បាន​ជាង ២០០​បទ​ទៀត។ នេះ​ជា​លទ្ធផល​ដែល​លោក​បាន​សម្រេច​បាន​ក្នុង​រង្វង់ ១០​ឆ្នាំ​ក្នុង​អាជីព​ជា​អ្នក​និពន្ធ​ចម្រៀង​ឲ្យ​ផលិតកម្ម​ធំ​ៗ​នៅ​ក្នុង​ស្រុក។

លោក​ថ្លែង​ថា "កាល​ពី​១០​ឆ្នាំ​មុន គឺ​ជា​ការ​ចងចាំ​ក្នុង​ក្រអៅ​បេះដូង​ដល់​ថ្ងៃ​ស្លាប់!"។ គិត​ដល់​សមិទ្ធផល​ខាង​លើ លោក ដូរ៉េ ក៏​បាន​នឹក​ឃើញ​ដល់​បុគ្គល​សំខាន់​ៗ​មួយ​ចំនួន ដែល​បាន​ជួយ​ជ្រោមជ្រែង​លោក​នៅ​ក្នុង​ការងារ​នេះ ក្នុង​នោះ​មាន​ថ្នាក់​ដឹកនាំ​ផលិតកម្ម​នីមួយ​ៗ រួម​ទាំង​រៀប​ច្បង​មួយ​ចំនួន​ផង។

"ខ្ញុំ​អរគុណ​ផលិតកម្ម​រស្មី​ហង្សមាស​ដែល​បាន​ផ្ដល់​កំណើត​អាជីព​របស់ខ្ញុំ!អរគុណ​បង​ប្រុស អ៊ឹង សុខលាភ ផ្ដល់​ក្ដី​អាណិត​ប្រកប​ដោយ​មេត្តាធម៌​ អរគុណ​បង​ស្រី ប៊ុន ចាន់​និមល បង​ស្រី ពេជ្រ សោភា និង​គ្រូ​ភ្លេង​គ្រប់​ជាន់​ថ្នាក់​ដែល​បាន​ប្រដៅ​បង្រៀន​អប់រំ ជា​ពិសេស​ទស្សនិកជន​ដែល​បាន​ផ្ដល់​តម្លៃ និង​គាំទ្រ​ស្នាដៃ​របស់​ខ្ញុំ​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ! អរគុណ​ដល់​ ផលិតកម្ម ថោន បង​ប្រុស វ៉ា សុធា ដែល​បាន​ផ្ដល់​ឱកាស​ជ្រក​ក្រោម​ម្លប់​ដ៏​កក់​ក្ដៅ"។ លោក សោម ដូរ៉េ ថ្លែង។

អ្នក​និពន្ធ​ល្បី​ឈ្មោះ​រូប​នេះ បញ្ជាក់​ថា លោក​ស្រឡាញ់​អាជីព​ជា​អ្នក​និពន្ធ​នេះ​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​លោក​នឹក​គុណ​ដល់​អ្នក​ជួយ​ជ្រោមជ្រែង​លោក​គ្រប់​គ្នា។ លោក​បន្ថែម​ថា ដោយ​សារ​តែ​បែប​នេះ លោក​ច្បាស់​ណាស់​ថា នឹង​មិន​ទៅ​ណា​ចោល​អាជីព​មួយ​នេះ​ឡើយ ដរាប​ណា​លោក​នៅ​តែ​មាន​លទ្ធភាព និង​សមត្ថភាព​ធ្វើ​វា​នោះ។

"ខ្ញុំ​ពិត​ជា​ស្រលាញ់​អាជីព​មួយ​នេះ​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​ក៏​សូម​បូជា​អារម្មណ៍​ និង​ជីវិត​ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​អស់​ថាមពល​បម្រើ​លើ​វិថី​សិល្បៈ​មួយ​នេះ!”។

ឆ្លង​តាម​ការងារ​របស់​ខ្លួន លោក សោម ប្រាប់​ថា នៅ​ផលិតកម្ម​ណា ក៏​មាន​បទ​លោក​ផ្ទុះ​ដែរ ក្នុង​នោះ​មាន​ដូច​ជា​នៅ​រស្មី​ហង្សមាស​មាន​បទ​ "សង្សារ​លេង​ៗ" "សង្សារ​ផ្ទាល់​ខ្លួន" "កូន​ក្រមុំ​បង​គ្រាន់​តែ​ជា​មនុស្ស​ស្រី​ធម្មតា"។ ដោយ​ឡែក​នៅ​ថោន​ មាន​បទ "ស្វា​គ្រវី​លីអូ” "បោក​ខោអាវ​នឹក​ស្នេហ៍" "រាំ​ជាន់​អាចម៍គោ​" "ស្នេហ៍​អាថ៌កំបាំង" "លើ​លោក​នេះ​ខ្ញុំ​ស្រលាញ់​ម៉ាក់​ខ្ញុំ​ជាង​គេ" និង​បទ "រលឹម​ប្រុយ​ៗ" ជា​ដើម៕

អត្ថបទ៖ ទារិកា