ស្ងាត់ៗ! លេចមុខឡានស្ព័រតម្លៃខ្ទង់លានដុល្លារថ្មីមួយគ្រឿងទៀតនៅកម្ពុជា

  • 2020-04-21 01:40:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមអ្នកស្រលាញ់រថយន្តនៅកម្ពុជា បាននាំគ្នាចែកចាយរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញឲ្យឃើញនូវកំពូលរថយន្តស្ព័រ McLaren Senna ប្រភេទ MSO ដែលមានតម្លៃរហូតជិតដល់ ២លានដុល្លារឯណោះ (តម្លៃនៅបរទេស)។

កំពូលរថយន្តស្ព័ររបស់ចក្រភពអង់គ្លេសខាងលើ មានពណ៌តួខ្លួនដ៏ពិសេសដូចសត្វបង្គួយម្យ៉ាង ដែលផ្លាស់ប្តូរពណ៌រវាង ពណ៌ខៀវ ស្វាយ មាស និងទឹកក្រូច ដែលក្រុមហ៊ុន McLaren ហៅថា "Cerberus Pearl”។ គ្រាន់តែទឹកថ្នាំដ៏ពិសេសរបស់វា ត្រូវចំណាយពេល ២៥០ម៉ោងដើម្បីសម្រេចបាន ហើយមានតម្លៃខ្ទង់ ២៨ ០០០ដុល្លារឯណោះ។

ទោះជាយ៉ាងណា រថយន្ត McLaren Senna ដែលបង្ហាញខ្លួននៅកម្ពុជានាពេលថ្មីៗនេះ ត្រូវបានគេដឹងថាមិនមែនជាកម្មសិទ្ធិរបស់ជនជាតិខ្មែរឡើយ តែជារបស់អ្នកជំនួញជនជាតិវៀតណាមដ៏ល្បីឈ្មោះ Hoang Kim Khanh ដែលចូលចិត្តចាយលុយទិញរថយន្ត Supercar ជាច្រើនគ្រឿង។

គួរឲ្យដឹងថា រថយន្ត McLaren Senna MSO ខុសពី McLaren Senna ធម្មតា ដោយសារតែវាបានបំពាក់ Carbon Fiber ពេញមួយតួខ្លួន និងបន្ថែមគ្រឿងពី MSO (McLaren Special Operations) ទៅលើ Senna ធម្មតា ហើយចំណាយពេលដល់ ១ ០០០ម៉ោង ដើម្បីសម្រេចបាន។

McLaren Senna ដែលផលិតត្រឹមតែ ៥០០គ្រឿងលើពិភពលោក បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៧៨៩សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣៤០គីឡូម៉ែត្រក្នុងមួយម៉ោង៕

រូបភាព ៖ Delux cambodia

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី