Rolls-Royce បង្កើតកម្មវិធីប្រកួតឌីហ្សាញឡានអនាគត កោះហៅអ្នកឌីហ្សាញវ័យក្មេងទូទាំងពិភពលោកឲ្យចូលរួម

  • 2020-04-21 10:08:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rolls-Royce Motor Cars គឺជាក្រុមហ៊ុនមួយដែលលើកទឹកចិត្តឲ្យគ្រប់គ្នាចាប់យកក្ដីស្រមៃ ហើយពេលនេះអ្នកឌីហ្សាញជំនាន់ថ្មីត្រូវបានលើកទឹកចិត្តឲ្យពួកគេប្រែក្លាយក្ដីស្រមៃទៅជាការពិតតាមរយៈកម្មវិធីប្រកួតពិសេសឈ្មោះថា "Young Designer Competition”។

កម្មវិធីប្រកួតពិសេសនេះ ត្រូវបានបង្កើតឡើងដើម្បីជួយបង្កើតឲ្យមានជាសកម្មភាពនៅតាមផ្ទះ ខណៈពេលដែលពិភពលោកជួបប្រទះវិបត្តិជំងឺកូវីដ១៩ ដែលតម្រូវឲ្យមនុស្សជាច្រើនសំងំនៅក្នុងផ្ទះដើម្បីកាត់បន្ថយឱកាសនៃការឆ្លង។ កម្មវិធីនេះគឺសម្រាប់អ្នកឌីហ្សាញដែលមានអាយុ ១៦ ឆ្នាំចុះក្រោម ដែលបើកទទួលសម្រាប់អ្នកឌីហ្សាញមកពីជុំវិញពិភពលោកតែម្ដង។ អ្នកឌីហ្សាញអាចធ្វើការស្រមើស្រមៃ និងប្រើប្រាស់ភាពច្នៃប្រឌិតសម្រាប់ការឌីហ្សាញរថយន្តនាពេលអនាគត ខណៈពេលដែលពួកគេស្ថិតនៅឯផ្ទះរៀងៗខ្លួន។

Rolls-Royce តែងធ្វើការឌីហ្សាញ និងផលិតរថយន្តដែលមានលក្ខណៈពិសេសជាងគេក្នុងលោក ដែលរថយន្តនីមួយៗបង្ហាញចេញនូវបុគ្គលិកលក្ខណៈ ការស្រមើស្រមៃ និងភាពច្នៃប្រឌិតរបស់ម្ចាស់រថយន្តផ្ទាល់។ ដូចនេះអ្នកឌីហ្សាញដែលចូលរួមការប្រកួតនេះ អាចប្រើប្រាស់ភាពច្នៃប្រឌិត និងការស្រមើស្រមៃរបស់ខ្លួនដើម្បីឌីហ្សាញនូវរថយន្តកំពូលប្រណីតសម្រាប់ខ្លួនឯងបាន។

ក្រុមឌីហ្សាញរបស់ Rolls-Royce Motor Cars នឹងមកធ្វើជាគណៈកម្មការដើម្បីជ្រើសរើសអ្នកឈ្នះ ដែលអ្នកឈ្នះនឹងទទួលបានរូបភាព Render បង្កើតចេញពីស្នាដៃឌីហ្សាញរបស់ពួកគេ ដែលជារង្វាន់មួយទោះមានក៏មិនអាចទិញបាន រួមជាមួយរង្វាន់សម្រាប់ស្នាដៃលេចធ្លោដទៃទៀតផងដែរ។ ឯអ្នកជាប់លេខពីរវិញ នឹងទទួលបានវិញ្ញាបនបត្រមានចុះហត្ថលេខាផ្ទាល់ពីលោក Torsten Müller-Ötvös នាយកប្រតិបត្តិ Rolls-Royce Motor Cars ផ្ទាល់តែម្ដង។

អ្នកឌីហ្សាញវ័យក្មេងអាចចែករំលែកស្នាដៃពោរពេញដោយភាពច្នៃប្រឌិតសម្រាប់រថយន្ត Rolls-Royce តាមរយៈវិបសាយនេះ ៖ http://rolls-royceyoungdesignercompetition.com ហើយបញ្ជាក់ផងដែរថាកាលបរិច្ឆេទផុតកំណត់នៃការទទួលពាក្យគឺនៅត្រឹមថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ នេះ៕

អត្ថបទថ្មី