ពិធីករ សុខ រ៉ាស៊ី ចែក​រំលែក​បទ​ពិសោធន៍​ឈឺ​ក្បាល ពេល​ទិញ​រថយន្ត​បន្ត​ពី​ជនជាតិ​បរទេស ប្រិយមិត្ត​គួរ​ដឹង

  • 2020-04-22 03:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សុខ រ៉ាស៊ី ពិធីករ​ទូរទស្សន៍ ថ្មី​ៗ​នេះ លោក​បាន​ជួប​រឿង​ឈឺ​ក្បាល​មួយ​កើត​ចេញ​ពី​ការ​ទិញ​រថយន្ត​បន្ត​ពី​ជនជាតិ​បរទេស ហើយ​មិន​ទាន់​បាន​កាត់​ឈ្មោះ។

លោក រ៉ាស៊ី បាន​បញ្ចេញ​ពី​ករណី​នេះ នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​លោក​ចង់​ទុក​វា​ជា​បទ​ពិសោធន៍​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​មាន​តម្រូវ​ការ​ប្រើ​ប្រាស់​រថយន្ត គួរ​ប្រយ័ត្ន ចៀសវាង​មាន​បញ្ហា​ដូច​ជា​រូប​លោក។ ពិធីករ​ទូរទស្សន៍​បាន​ឲ្យ​ដឹង​ថា កាល​ពី​ប៉ុន្មាន​ខែ​មុន​លោក បាន​ទិញ​រថយន្ត​មួយ​គ្រឿង​ម៉ាក មែសឺដេស ក្នុង​តម្លៃ​មួយ​ដែល​លោក​មិន​បាន​បញ្ចេញ​ឲ្យដឹង។

រថយន្ត​នោះ លោក​បាន​ទិញ​បន្ត​ពី​ជន​បរទេស​មួយ​រូប ដែល​មិន​ទាន់​បាន​ផ្ទេរ​កម្មសិទ្ធិ​នៅ​ឡើយ ហើយ​ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​លោក​បាន​ជួប​រឿង​ឈឺ​ក្បាល​នៅ​ពេល​នេះ។ "សូម​ប្រយ័ត្ន អ្នក​ដែល ទិញ​រថយន្ត​ពី​ជនបរទេស មិន​ទាន់ ផ្ទេរ​កម្មសិទ្ធិ សូម​ប្រយ័ត្ន​ជួប បញ្ហា​ដូច​ខ្ញុំ"។

រូប​តំណាង

បញ្ហា​ដែល​លោក រ៉ាស៊ី ចង់​ចែក​រំលែក​ដល់​ប្រិយមិត្ត​អ្នក​គាំទ្រ ក៏​ដូច​ជា​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​នោះ គឺ​ថា រយៈ​ពេល​ជាង ៣ខែ​មក​ហើយ លោក​នៅ​មិន​ទាន់​អាច​ធ្វើ​ការ​ផ្ទេរ​កម្មសិទ្ធិ​លើ​ចលនទ្រព្យ​មួយ​នេះ​បាន​នៅ​ឡើយ។ មូលហេតុ បុរស​ជនជាតិ​បរទេស​ជា​ម្ចាស់​រថយន្ត​មុន​នោះ មិន​ទាន់​បាន​ចូល​ខ្លួន​មក​ធ្វើ​ឯកសារ​ផ្ទេរ​សិទ្ធិ​ឲ្យ​លោក​ដែល​ជា​ម្ចាស់​ទ្រព្យ​ក្រោយ​នៅ​ឡើយ។

តាម​លោក​ រ៉ាស៊ី បុរស​ជនជាតិ​បរទេស​ដែល​មិន​ដឹង​ថា​មាន​ឈ្មោះ​អ្វី​នោះ បច្ចុប្បន្ន​បាន និង​កំពុង​រស់នៅ​ខេត្ត​ព្រះសីហនុ។ ប៉ុន្តែ​ម្ចាស់​ដើម​រថយន្ត​រូប​នេះ បាន​ខកខាន​ចូល​ខ្លួន​មក​ធ្វើ​ឯកសារ​ផ្លូវ​ច្បាប់​លើ​ទ្រព្យ​ដែល​បាន​ដោះដូរ​នេះ​ម្ដង​ជា​ពីរ​ដង។ "គាត់​នៅ ក្រុង​ព្រះសីហនុ គាត់​បាន​ឆ្លង​ឆ្លើយ ជាមួយ​ខ្ញុំ​ថា ថ្ងៃ​នេះ ថ្ងៃ​នោះ ឥលូវ​ជិត 3ខែ ទើប​គាត់​ប្រាប់​ថា ចង់​អោយ​គាត់​ទៅ(មក​ជួយ​ផ្ដិត​មេដៃ​លើ​លិខិត​ផ្ទេរ​សិទ្ធិ) លុះ​ត្រា​យើង​ចំណាយ​លុយ ខ្លួន​ឯង"។

តាម​ប្អូន​ប្រុស​លោក អៀង ចេនឡា ម្ចាស់​ដើម​រថយន្ត បាន​តម្រូវ​ឲ្យ​លោក​ជួយ​ចេញ​ការ​ចំណាយ​លើ​សំបុត្រ​យន្តហោះ សម្រាប់​ការ​ធ្វើដំណើរ​របស់​គេ ទើប​គេ​ព្រម​មក។ ដូច្នេះ​ហើយ មក​ត្រឹម​ថ្ងៃ​ទី ២២ មេសា នេះ លោក​មិន​ទាន់​អាច​ដំណើរ​ការ​ផ្ទេរ​សិទ្ធិ​លើ​ទ្រព្យ​របស់​លោក​បាន​នៅ​ឡើយ ដោយ​លោក​រង់ចាំ​អស់​រយៈ​ពេល3ខែ​កន្លង​មក​ហើយ។

"ការ​ផ្ទេរ​កម្មសិទ្ធិ​រថយន្ត​ពី ជនបរទេស បើ​គ្មាន​សាមី​ខ្លួន ជា​ជន​បរទេស មក​ផ្ដិត​មេដៃ​ទេ មិន​អាច​ផ្ទេរ​សិទ្ធ បានទេ! សូម​អ្នក​ដែល​យល់​ដំណោះ​ស្រាយ រឿង​នេះ ជួយ ផ្តល់​យោបល់​ផង!”។ លោក សុខ រ៉ាស៊ី បញ្ជាក់​បន្ថែម៕

អត្ថបទ៖ ទារិកា