សាហាវ! តន់ ចន្ទសីម៉ា វាយផ្ដាច់លើ youtube ដោយមានអ្នកទស្សនាប្រមាណ 100 លានដងត្រឹមដើម 2020 ប៉ុណ្ណោះ
- 2020-04-24 03:54:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាហាវ! តន់ ចន្ទសីម៉ា វាយផ្ដាច់លើ youtube ដោយមានអ្នកទស្សនាប្រមាណ 100 លានដងត្រឹមដើម 2020 ប៉ុណ្ណោះ
ចន្លោះមិនឃើញ
បន្ទាប់ពីឈានជើងចូលក្នុងផលិតកម្ម Galaxy តារាចម្រៀងស្រី តន់ ចន្ទសីម៉ា ដែលមានការយកចិត្តទុកដាក់ខ្លាំងពីអ្នកគ្រប់គ្រងផលិតកម្មផងនោះ នាងទទួលបានបទល្អៗជាច្រើនយកមកច្រៀង ហើយតាមរយៈបទទាំងនោះ គិតត្រឹមដើមឆ្នាំ ២០២០ នេះ មានអ្នកចូលទស្សនាបទចម្រៀងនាងរហូតដល់ជាង 100 លានដងទៅហើយ។
តន់ ចន្ទសីម៉ា ត្រូវបានគេដឹងថា ទើបតែចូលជាមួយផលិតកម្ម Galaxyកាលពីពាក់កណ្ដាលឆ្នាំ ២០១៩ ដោយបានចុះកុងត្រារយៈពេល ៥ឆ្នាំ។ ការវិវត្តន៍ខ្លួនពីតារាចម្រៀងឯករាជ្យ មកជាតារាចម្រៀងមានទ្រនំច្បាស់លាស់នេះ ត្រូវបានគេមើលឃើញថា នេះជាការជ្រើសរើសផ្លូវដ៏ត្រឹមត្រូវមួយ ពីព្រោះថា តាំងពីឈានជើងចូលឆ្នាំ ២០២០ មានការប៉ាន់ប្រមាណរួចទៅហើយថា នាងនឹងផ្ទុះខ្លាំងនៅក្នុងឆ្នាំនេះ។
ការប៉ាន់ប្រមាណនោះ ដោយផ្នែកលើហេតុផលមួយចំនួនដូចជា ទី១សមត្ថភាពរបស់នាង ទី២ ឱកាស និងទី៣ គឺការលើកតម្កើងរបស់ទ្រនំដែលនាងជ្រក (លម្អិតសូមចុចទីនេះ)។ ផ្អែកលើកត្តាទាំងនោះ ជាក់ស្ដែងបច្ចុប្បន្ននាងកំពុងស្ថិតនៅក្នុងកម្រិតជាតារាចម្រៀងអាជីព ដ៏មានទេពកោសល្យម្នាក់ ដោយសារតែបទចម្រៀងរបស់នាងស្ទើរទាំងអស់ ទទួលបានគាំទ្រយ៉ាងច្រើនលើសលប់តាំងពីក្នុងស្រុក រហូតដល់អន្តរជាតិទៀត។
បទរបស់នាងមានច្រើននៅក្នុងផលិតកម្ម Galaxy ប៉ុន្តែនៅពេលនេះ សូមលើកយកបទចម្រៀងរបស់នាងតែ១០បទប៉ុណ្ណោះ មកបង្ហាញជូន ដោយក្នុងនោះ មួយបទៗមានអ្នកចូលទស្សនាច្រើនលានដងឯណោះ។ បទទាំងនោះមានដូចជា៖
ទី១/ បទ"គេនោះជាស្រីកាប់ដាវ" មានអ្នកចូលទស្សនាជាង១២លានដង។ ទី២/ បទ"យល់ច្រឡំថាគេស្រឡាញ់យើង" មានអ្នកចូលទស្សនាជាង១១លានដង។ ទី៣ បទ"ឡានសារ៉ែន" មានអ្នកចូលទស្សនាជាង២៥ លានដង។ ទី៤/បទ "ក្រមុំឥសានក៏លាបឡេ"មានអ្នកចូលទស្សនាជាង ៥ លានដង។ ទី៥/បទ "ដណ្ដឹងអូនទៅ"មានអ្នកចូលទស្សនាជិត១០លានដង។ ទី៦/បទ "បើមិនស្មោះស្រឡាញ់គ្នារកងាប់អី" មានអ្នកចូលទស្សនាជិត៥លានដង។ ទី៧/បទ "កាកសង្សារ" មានអ្នកចូលទស្សនាជិត៥លានដង។ ទី៨/បទ "ជំងឺដាច់លុយ" មានអ្នកចូលទស្សនាជិត១០លានដង។ ទី៩/បទ "មិត្តប្រុសចេះ marketing" មានអ្នកចូលទស្សនាជិត៣លានដង។ ទី១០/បទ "ស្រីគ្នាយើង" មានអ្នកចូលទស្សនាជិត៣លានដង។
ចំនួនដង នៃការចូលទស្សនាបទចម្រៀងខាងលើរបស់ សីម៉ា គឺរាប់តែអ្នកចូលទស្សនាដោយផ្ទាល់ youtube របស់ Galaxy Navatra ប៉ុណ្ណោះ ដោយមិនរាប់បញ្ចូល បណ្ដា youtube Channel និង Facebook ផ្សេងទៀតដែលយកទៅផុសបន្ត នោះឡើយ។
ការកើនឡើងប្រជាប្រិយភាពរយៈពេលខ្លីនេះ តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា បានក្លាយជាតារាចម្រៀងជួរមុខ ដោយមិនដឹងខ្លួន។ បែបនេះ ក៏មានដំណឹងល្ហិចល្ហៀងថា តម្លៃខ្លួននាងសម្រាប់ការចេញច្រៀងតាមកម្មវិធីផ្សេងៗនោះ ក៏ត្រូវបានកំណត់ជាថ្មីដោយផលិតកម្មរបស់នាងដែរ ពោលគឺស្ថិតក្នុងកម្រិតមួយខ្ពស់ជាងមុន យ៉ាងណាតួលេខនេះ មិនទាន់ត្រូវបានគេបញ្ចេញឲ្យដឹងនៅឡើយ៕