រឿងរ៉ាវពីក្រោយប្អូនស្រី គីម ជុងអ៊ុន អាចសក្ដិសមជាមេដឹកនាំស្រីទី១នៃកូរ៉េខាងជើង

  • 2020-04-28 06:05:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្អូនស្រី​បង្កើត​​​របស់​មេ​ដឹក​នាំ​​កូរ៉េ​ខាងជើង​ លោក​ គីម ជុងអ៊ុន គឺ​អ្នកស្រី ​គីម យ៉ូជុង កើត​នៅ​ថ្ងៃទី​ ២៦ កញ្ញា​ ឆ្នាំ ១៩៨៧​ ​ដែល​នាង​​បាន​រៀប​ការ​ជាមួយ​លោក​ ឆូ ស៊ុង ​កូន​ប្រុស​នៃ​អនុសេនីយ៍​ទោល​លោក​ ឆូ រីយ៉ុងហេ។

ការ​អប់​រំ​

នៅ​ឆ្នាំ ១៩៩៦​ គីម យ៉ូជុង​ ​ត្រូវ​បាន​បញ្ជូន​ទៅ​រៀន​នៅ​ប្រទេស​ស្វីស​ ហើយ​បាន​​សិក្សា​សាលា​រដ្ឋ​មួយ​ឈ្មោះថា​ Liebefeld Hessgut ហើយ​ក្រោយ​មក​បងប្រុស​របស់​នាង​ លោក​ គីម ជុងអ៊ុន ក៏​បាន​មក​សិក្សា​នៅ​ប្រទេស​នេះ​ដែរ​ ប៉ុន្តែ​សាលា​ផ្សេង​គ្នា​។ អ្នក​ទាំង​ពីរ​ត្រូវ​បន្លំ​ខ្លួន​សិក្សា​នៅ​​ប្រទេស​គេ​ និង​រស់​នៅ​ជាមួយ​មីង​ និង​ពូ​ ដោយ​មាន​អ្នកបម្រើ​ និង​អ្នកយាម​គ្រប់​ពេល​វេលា។

យ៉ាង​ណា​មិញ​ គេ​មិន​ដឹង​ច្បាស់​ពី​សកម្មភាព​របស់​ប្អូន​ស្រី​តែមួយ​ លោក​ គីម​ ជុងអ៊ុន​​ នៅ​ពេល​ត្រឡប់​មក​កូរ៉េ​ខាង​ជើង​នៅ​អំឡុង​ឆ្នាំ​២០០០ និង​២០០១ឡើយ។ រហូត​ដល់​ឆ្នាំ​ ២០០៧​ នាង​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ គីម អ៊ីលស៊ុង​ ទីក្រុង​ព្យុងយ៉ាង ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ។

​មនុស្ស​ជំនួយ​ការ​ជំនិត​នៃ​មេ​​ដឹកនាំ​កូរ៉េខាងជើង​

​គីម យ៉ូជុងបាន​ចូលរួម​កិច្ច​ការ​ការងារ​បក្ស​ពលករ​កូរ៉េ​ (Workers' Party of Korea)​ នៅ​ឆ្នាំ​២០០៧ ដែល​​ធ្វើ​​ជា​លេខា​ផ្ទាល់​របស់​ឪពុក​គឺ​លោក​គីម ជុង​អ៊ីល រហូតដល់​លោក​ទទួល​មរណភាព​នៅ​ឆ្នាំ​២០១១។ ប្អូន​ស្រី​ គីម ជុងអ៊ុន បាន​​​បន្ត​ធ្វើ​ការងារ​បក្ស​ និង​មាន​ប្រជា​ប្រិយភាព​មិន​ចាញ់​បងប្រុស​ខ្លួន​ប៉ុន្មាន​ឡើយ។ នាង​បាន​ក្ដោប​ដំណែង​ជា​អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​ឃោសនា​ និង​ការពារ​ការ​កេង​ប្រវ័ញ្ច និង​ក្រោយ​មក​ក្លាយ​ជា​សមាជិក​តំណាង​នៃ​បក្ស។

រំលឹក​កាល​ពី​ចូល​រួម​ការងារ​បក្ស​ដំបូង​នៅ​ឆ្នាំ​ ២០០៧​ គីម យ៉ូជុង ធ្លាប់​មាន​ស្នា​ដៃ​ជោគជ័យ​លើ​គម្រោង​ជា​ច្រើន​ រហូត​ដល់​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​លេខា​របស់​​ឪពុក។ នាង​​ ត្រូវ​បាន​រៀប​ចំ​ឲ្យ​ធ្វើ​ជា​អ្នក​​ដឹក​នាំ​ក្រុម​នារី​ប្រចាំ​ប្រទេស​​ ជំនួស​ដោយ​មីង​​របស់​ខ្លួន​នៅចុង​ឆ្នាំ​ ២០១៣។

ក្រោម​ការ​បញ្ជា​របស់​បង​ប្រុស​ នាង​ត្រូវ​បាន​ចាត់​ធ្វើ​ជា​អគ្គនាយិកា​សកម្ម​នៃ​គណៈ​កម្មការ​ការពារ​ជាតិ នៅ​​មុន​ពេល​ឡើង​ជា​​អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​ឃោសនា​ និង​ការពារ​ការ​កេង​ប្រវ័ញ្ច នៅ​ចុង​​ឆ្នាំ​ ២០១៤។

នាង​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ ជា​ជំនួយ​ការ​ផ្ទាល់​​​ដែល​​ដើរ​តាម​បង​ប្រុស​ខ្លួន​យ៉ាង​ជិត​ស្និទ្ធ​ រហូត​បាន​រៀប​ចំ​ឲ្យ​មាន​ជំនួប​ធំ​​​រវាង​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ ដូណាល់ ត្រាំ​ និង​កូរ៉េ​ខាង​ជើង​នៅ​ឆ្នាំ​ ២០១៨​ នា​រដូវ​កាល​កីឡា​អូឡាំពិក។

ការ​ទម្លាក់​ឋានៈ​នៅ​ឆ្នាំ​២០១៩

ប៉ុន្តែ​ក្រោយ​នៅ​ឆ្នាំ២០១៩​ លោក​ស្រី​ គីម យ៉ូជុង​ ត្រូវ​បាន​ទម្លាក់​ឋានៈ​ បន្ទាប់ពី​​រៀប​ចំ​កិច្ចចរចា​សម្រាប់​ជំនួប​​លើកទី២ រវាង ប្រធានាធិបតី​អាមេរិក លោក ​ដូណាល់ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន ​កាលពី​ចុង​ខែ​កុម្ភៈ នៅ​ក្រុង​ហាណូយ ប្រទេស​វៀតណាម មិន​ទទួល​បាន​ផ្លែផ្កា​។ ប្អូនស្រី​មេដឹកនាំ​ខាង​លើ​ បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ឡើង​វិញ​ នៅ​ក្នុង​រយៈពេល ៥២ថ្ងៃ​ ក្រោយ​ស្ថាន​ការណ៍​ ដើម្បី​បន្សាប​នូវ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា អ្នក​ស្រី​ត្រូវ​រង​ការ​ពិន័យ​ដាក់​ទោស​ដោយសារ​ការ​បរាជ័យ​ជុំវិញ​ជំនួប​កំពូល​​កន្លង​មក​។

ប្អូន​ស្រី​បង្កើត គីម ជុងអ៊ុន អាចនឹង​ក្លាយ​ជា​មេដឹកនាំ​ស្រីទី១នៃកូរ៉េខាងជើង​​ដែរឬទេ?​

ស្រប​ពេល​ថ្មីៗ​ក្នុង​ខែ​​មេសា​ ២០២០​ សារព័ត៌មាន​អន្តរជាតិ​​ CNN បាន​ចុះ​ផ្សាយ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​របស់​មេដឹក​​នាំ​កូរ៉េ​ខាង​ជើង​លោក​គីម​ ជុង​អ៊ុន​​ រហូត​ដល់​ស្លាប់​ ហើយ​គេ​ងាក​មក​ចាប់​អារម្មណ៍​លើ​អ្នក​ស្នង​តំណែង​ថ្មី នឹង​បាន​ទៅ​លើ​ប្អូន​ស្រី​បង្កើត​វ័យ​ ៣៣ឆ្នាំ​​​ជា​មិន​ខាន ក្រោម​មូល​ហេតុ​អ្នក​ដឹកនាំ​ប្រទេស​ ត្រូវ​តែ​ជា​សាច់ឈាម​ត្រកូល" ​គីម" ខណៈ​ដែល​បង​ប្រុស​ធំ​ម្នាក់​​ទៀត លោក​ គីម​ ជុង​ណាម​​ ត្រូវ​បាន​គេ​ធ្វើ​ឃាត​កាល​ពី​ឆ្នាំ​ ២០១៧​ នៅ​ប្រទេស​ម៉ាឡេស៊ី។ យ៉ាងណាមិញ ចំពោះការឡើងបន្តរបស់អ្នកស្រី នៅមិនទាន់មានការបញ្ជាក់បែបណាឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Biography   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត