Podolski ៖ Ozil នៅតែ​អស្ចារ្យ ខណៈ Arteta ល្អជាង Emery

  • 2020-05-19 09:33:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Mesut Ozil នៅ​តែ​ជា​កីឡាករ​អស្ចារ្យ​ម្នាក់ ចំណែក Mikel Arteta ស័ក្ដិសម​ជាង Unai Emery ក្នុង​នាម​ជា​គ្រូបង្គោល​ Arsenal ដឹកនាំ​​ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​អាល្លឺម៉ង់។ នេះ​ជា​ការ​លើក​ឡើង​របស់ Lukas Podolski អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​កាំភ្លើងធំ។

OZil និង Lukas Podolski

Podolski ប្រាប់ Sky Sport អំពី​កីឡាករ​ជួយ​ឱ្យ​អាល្លឺម៉ង់​ឈ្នះ World Cup ឆ្នាំ​២០១៤ រូប​នេះ​ថា ៖"គ្មាន​អី​និយាយ​ច្រើន​ទេ គាត់​ជា​កីឡាករ​អស្ចារ្យ​ម្នាក់។ ពេល​ខ្លះ​មាន​បញ្ហា​​ជាមួយ​គ្រូ​បង្វឹក ឬ​មាន​បញ្ហា​របួស។ ​​រឿង​ដែល​តែង​កើត​ឡើង​នៅ​ក្នុង​បាល់​ទាត់ ហើយ​ពេល​ខ្លះ​អ្នក​ត្រូវ​ដោះស្រាយ​ចំពោះ​ស្ថានការណ៍​នេះ"។

Podolski ដែល​លេង​ឱ្យ Arsenal បាន ៦០​ប្រកួត អំឡុង​ឆ្នាំ ២០១២-២០១៥ យល់​ឃើញ​ថា Ozil និងArteta ហាក់​ល្អ​ជា​មុន ព្រោះ​ពួកគេ​ធ្លាប់​លេង​ជាមួយ​គ្នា និង​យល់​ចិត្តគ្នា។ Ozil បានត្រឡប់​មក​ទីលាន​វិញ ហើយលេង​ល្អ​ជាង​មុន​ ខុសកាលពីអតីតគ្រូបង្គោល​ Unai Emery នៅដឹកនាំ។

កីឡាករ​ក្លឹប​ទួរគី Antalyaspor ​បញ្ជាក់​បែប​នេះ ៖"ពេល​ខ្លះ​អ្នក​មាន​គ្រូ ហើយ​អ្នក​​មិន​អាច​ដោះស្រាយ​ជាមួយ​គាត់​បាន។ គាត់ (គ្រូ)​ មាន​ការ​យល់​ឃើញ​លើ​បាល់ទាត់​ខុស​គ្នា។ Arteta ត្រឡប់​មក Arsenal វិញ អ្នក​ឃើញ​ទេ ក្រុម​មាន​ការ​រៀបចំ​​ ប្រឹងប្រែង និង​មាន​វិន័យ​​ច្រើន​ជាង​មុន។ ខ្ញុំ​សង្ឃឹម​ថា ពួកគេ​អាច​បង្កើត​បាន​ក្រុម​ល្អ​មួយ សម្រាប់​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត។ ពួកគេ​អាច​ធ្វើ​បាន តែ​ត្រូវ​ធ្វើ​ជាមួយ​គ្នា"។

OZil និង Mikel Arteta

រដូវ​កាល​នេះ Arsenal ហាក់​កាន់​តែ​យ៉ាប់​ខ្លាំង ដោយ​ឈរ​នៅ​លេខរៀង​ទី​៩​ក្នុង​តារាង Premier League ប៉ុន្តែ​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​យល់​ឃើញ​ថា ការ​ប្រជែង​នៅ​លីគ​កំពូល​អង់គ្លេស មិន​ងាយ​ស្រួល​ឡើយ បើ​ទោះ​ប្រកួត​ជាមួយ​ក្រុម​តូចៗ​ក្ដី មិន​ដូច​លីគ​ប្រទេស​ផ្សេង មាន​តែ​២​បី​ក្រុម​​ខ្លាំងៗ​ប៉ុណ្ណោះ ដណ្ដើម​គ្នាលើក​ពាន៕

Per Mertesacker , Lukas Podolski និង Mesut Ozil

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ