ប្រើទឹកខ្ពុរមាត់ច្រើនជាង២ដងក្នុងមួយថ្ងៃ អាចកើតមហារីក
- 2014-11-20 17:58:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើទឹកខ្ពុរមាត់ច្រើនជាង២ដងក្នុងមួយថ្ងៃ អាចកើតមហារីក
ចន្លោះមិនឃើញ
ការសិក្សារបស់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថាការប្រើទឹកថ្នាំខ្ពុរមាត់ច្រើនជាង ២ដងក្នុងមួយថ្ងៃ អាចបង្កឲ្យកើតរោគមហារីកមាត់។
អាល់កុល ដែលមាននៅក្នុងទឹកថ្នាំខ្ពុរមាត់ អាចបង្កើនសារធាតុបង្កជារោគមហារីក ដូចជាសារធាតុនីកូទីន រួចជ្រាបចូលទៅក្នុងស្រទាប់មាត់ខាងក្នុង។ ទឹកថ្នាំខ្ពុរមាត់ ក៏អាចផលិតនូវសារធាតុមួយចំនួនទៀតដែលមានផលប៉ះពាល់ចំពោះសុខភាពមាត់ធ្មេញ និងអាចមានការកើនឡើងខ្លាំងនៅពេលប្រើវាខ្ពុរក្នុងមាត់។
វេជ្ជបណ្ឌិត David Conway ដែលជាអ្នកដឹកនាំការស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Glasgow បានបញ្ជាក់ថា "យើងបានរកឃើញថា ការប្រើទឹកថ្នាំខ្ពុរមាត់ជាប្រចាំ ៣ដង ឬច្រើនជាងនេះ ក្នុងមួយថ្ងៃ អាចបង្កើនហានិភ័យចំពោះរោគមហារីកមាត់"។ លោកបានបន្ថែមទៀតថា ជាទូទៅមនុស្សដែលជក់បារី និងទទួលទានស្រាតែងប្រើទឹកថ្នាំខ្ពុរមាត់ ដើម្បីបំបាត់ក្លិនមាត់ ដូច្នេះហើយទើបលោកផ្ដល់ដំបូន្មានថាមិនគួរប្រើវាជាប្រចាំទៀតទេ។ ជំនួសមកវិញ លោកបានណែនាំឲ្យដុសធ្មេញទៀងទាត់ជាមួយថ្នាំដុសធ្មេញ និងប្រើខ្សែសម្អាតធ្មេញ ហើយលើសពីនេះគួរពិនិត្យជាប្រចាំជាមួយពេទ្យធ្មេញ។
ការប្រើខ្សែសម្អាតធ្មេញ ជំនួសទឹកថ្នាំខ្ពុរមាត់
លទ្ធផលនៃការសិក្សានេះ គឺផ្អែកទៅលើ អ្នកមានជំងឺមហារីកមាត់ ឬបំពង់ក ចំនួន ១៩៦២នាក់ និងអ្នកគ្មានជំងឺ ១៩៩៣នាក់ទៀត នៅសាកលវិទ្យាល័យ១៣ ក្នុងប្រទេស៩។ ក្រុមអ្នកស្រាវជ្រាវ ក៏បានរកឃើញទៀតថា អ្នកដែលមិនសូវយកចិត្តទុកដាក់លើសុខភាពមាត់ធ្មេញ ជាពិសេសអ្នកមិនសូវដុសធ្មេញ ក៏មានហានិភ័យខ្ពស់នៃក្នុងការកើតរោគមហារីកមាត់ដែរ។
នេះគឺជាការស្រាវជ្រាវថ្មីមួយ ដែលបង្ហាញកាន់តែច្បាស់ទៅលើផលប៉ះពាល់ចំពោះការប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់។ ចំណែកឯការស្រាវជ្រាវដាច់ដោយឡែកមួយ ដែលចុះផ្សាយតាំងពីឆ្នាំ ២០០៩នៅប្រទេសអូស្ត្រាលី បានរកឃើញថាការប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ អាចបង្កើនហានិភ័យនៃការវិវឌ្ឍទៅរកមហារីកមាត់ ៩ដង ច្រើនជាងអ្នកជក់បារី៕
ចុចអាន៖ បុរសគួរកក់សក់ច្រើនបំផុតត្រឹម ៣ដងក្នុងមួយសប្ដាហ៍
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ mirror