រមណីយដ្ឋាន «ភ្នំប្រាំពីរ» នៅខេត្តបាត់ដំបងបង្កើតទៅជាតំបន់បេតិកភណ្ឌធម្មជាតិ

  • 2020-05-26 06:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមអនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌភ្នំប្រាំពីរ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតរមណីយដ្ឋាន «ភ្នំប្រាំពីរ» ស្ថិតនៅឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលស្ថិតលើផ្ទៃដី ៣៥៣ហិកតា និង៩អា (៣៥៣,៩ហិចតា)។

ការសម្រេចបង្កើតរមណីយដ្ឋាន «ភ្នំប្រាំពីរ» ជាតំបន់បេតិកភណ្ឌធម្មជាតិនេះ ក៏មានគោលបំណងផ្តល់សេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ ការគ្រប់គ្រង ការការពារនិងការអភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់។

ក្នុងអនុក្រឹត្យ បានកំណត់ឱ្យក្រសួងបរិស្ថាន ជាអ្នកមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិភ្នំប្រាំពីរ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តបាត់ដំបង និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។

រមណីយដ្ឋាន «ភ្នំប្រាំពីរ» ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានប្រជាប្រិយភាពមួយនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ រមណីយដ្ឋានភ្នំប្រាំពីរ ជារមណីយដ្ឋានមួយតភ្ជាប់គ្នាដោយភ្នំចំនួន៧ ហើយមានទេសភាពដ៏ល្អប្រណីត។

សូមមើលអនុក្រឹត្យដូចខាងក្រោម៖

ប្រភព៖​ មន្ទីរទេសចរណ៏ខេត្តបាត់ដំបង

អត្ថបទ៖ Tep Sovannmoly