ដល់បាត់ ចេញមុខតួឯកស្រីក្នុងរឿងចំនួន ៦ សុទ្ធតែវ័យក្មេងៗ និងស្អាតផូរផង់ណាស់
- 2020-05-27 04:45:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់បាត់ ចេញមុខតួឯកស្រីក្នុងរឿងចំនួន ៦ សុទ្ធតែវ័យក្មេងៗ និងស្អាតផូរផង់ណាស់
ចន្លោះមិនឃើញ
តារាស្រីវ័យក្មេងរបស់កម្ពុជា ចំនួន ៥នាក់ ដែលសុទ្ធតែស្អាតៗ ត្រូវបានបញ្ចេញឲ្យដឹងថា គឺជាតួឯកស្រីក្នុងខ្សែភាពយន្តរៀងខ្លួនចំនួន ៥ ដែលគ្រោងនឹងដាក់បញ្ចាំងជូនប្រិយមិត្តបានទស្សនាឆាប់ៗនេះ។
ទូរទស្សន៍ PNN បានបញ្ចេញពីរឿងនេះ ធ្វើឲ្យប្រិយមិត្តមួយចំនួន ពិសេសអ្នកដែលនិយមតាមដានខ្សែភាពយន្តភាគខ្មែររំជើបរំជួល។ នៅក្នុងសារខ្លីមួយ ទូរទស្សន៍ក្នុងស្រុកមួយនេះ បានឲ្យដឹងថា កញ្ញា នៅ ម៉ារីសា ឆាយ នីតា ស៊ឹម ស្រីមុំ យ៉ា សុផាន់ម៉ៃ សិទ្ធី នីកា និងកញ្ញា រឿន ណាត គឺជាតួឯកស្រីក្នុងខ្សែភាពយន្តថ្មីរបស់ខ្លួន។
តាមដំណឹងដដែលនោះ គឺថា កញ្ញា នៅ ម៉ារីសា ជាតួឯកស្រីក្នុងរឿង "រសជាតិអ្នកមានវគ្គ១"។ កញ្ញា ឆាយ នីតា ជាតួឯកស្រីក្នុងរឿង "ចំណងអាពាហ៍ពិពាហ៍" ដែលក្នុងនោះ សាច់រឿងនេះ គឺមានតួឯកស្រីដល់ទៅ៣នាក់ឯណោះ។ យ៉ាង២នាក់ មិនត្រូវបានម្ចាស់ផលិតបញ្ចេញឲ្យដឹងជាសាធារណៈនៅឡើយ ដោយ ភីអិនអិន បញ្ជាក់ថា នឹងបង្ហាញនៅពេលក្រោយទៀត។
តួឯកបន្តមកទៀត គឺ កញ្ញា យ៉ា សុផាន់ម៉ៃ ជាតួឯកស្រីក្នុងរឿង "រសជាតិអ្នកមានវគ្គ២"។ ងាកមកកញ្ញា ស៊ឹម ស្រីមុំ គឺជាតួឯកស្រីក្នុងរឿង "អ្នកទីបី"។ ឯតារាស្រីវ័យក្មេងដ៏ស្រស់សោភាដែលទើបនឹងសម្រាលបុត្រ សិទ្ធី នីកា ក៏ត្រូវបានប្រកាសថាជាតួឯកស្រីដែរ ពោលគឺនាងជាតួឯកស្រីក្នុងរឿង "ពណ៌ជីវិត"។ ចុងក្រោយគេ អតីតបវរកញ្ញាកម្ពុជាឆ្នាំ ២០១៨ កញ្ញា រឿន ណាត គឺតួឯកស្រីក្នុងរឿង "ផ្កាព្រៃ"។
រឿងទាំងអស់ខាងលើ គ្រោងនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនៗបន្តបន្ទាប់។ យ៉ាងណា មិនទាន់មានកាលបរិច្ឆេទពិតប្រាកដនៃការចាក់បញ្ចាំងត្រូវបានបញ្ចេញឲ្យដឹងនៅឡើយ ព្រោះតែក្នុងនោះម្ចាស់ផលិតចង់ឲ្យទស្សនិកជនទាយមើលសិនថា តួស្រីដ៏ស្រស់ស្អាតមួយណាក្នុងចំណោមទាំង ៦រូបនេះ នឹងត្រូវឡើងលើកញ្ចក់ទូរទស្សន៍ជាមួយសាច់រឿងរបស់ខ្លួនមុនគេ។
ក្នុងករណីដែល កាលបរិច្ឆេទសម្រាប់ការដាក់បញ្ចាំងខ្សែភាពយន្តទាំងប៉ុន្មានខាងលើមិនទាន់បញ្ចេញ ក៏ព្រោះតែមូលហេតុត្រូវបានគេដឹងថា បច្ចុប្បន្ន ទូរទស្សន៍ក្នុងស្រុកខាងលើ បាន និងកំពុងដំណើរចាក់បញ្ចាំងខ្សែភាពយន្តភាគខ្មែរនៅក្នុងកម្មវិធីរបស់ខ្លួនមួយចំនួនមិនទាន់ចប់នៅឡើយ។ រឿងទាំងនោះមានដូចជា "កាំបិតមុខ២" និងរឿង "សង្គ្រាមមរតក" ជាដើម។
ដូច្នេះគេជឿថា ខ្សែភាពយន្តរបស់ស្រីស្អាតទាំង៦ នឹងចូលខ្លួនមកបន្តបន្ទាប់ បន្ទាប់ពីរឿងភាគខ្មែរដែលកំពុងចាក់បញ្ចាំងបច្ចុប្បន្នបានបញ្ចប់សិន៕