ចេញ​ហើយ! ភាពយន្ត​ចិន ដែល​តួឯក​ស្រី​សម្ដែង​ដោយ​តារា​ខ្មែរ ឆាយ នីតា ពេល​នេះ​ដាក់​កំពុង​បញ្ចាំង

  • 2020-05-28 02:33:31
  • ចំនួនមតិ 61 | ចំនួនចែករំលែក 232

ចន្លោះមិនឃើញ


ភាពយន្ត​ខ្នាត​ធំ​របស់​ផលិតករ​ចិន​រឿង "អង្គរក្ស​ពិសេស​វគ្គ​២" ដែល​តួឯក​ស្រី​សម្ដែង​ដោយ​ស្រី​ស្រស់ ឆាយ នីតា នោះ​ពេល​ត្រូវ​បាន​ផលិតករ​ដាក់​បញ្ចាំង ក្រោយ​ពី​ចំណាយ​ពេល​ថត​នៅ​ស្រុក​ខ្មែរ​តាំង​ពី​ឆ្នាំ ២០១៩។

តាម​តួឯក​ស្រី បាន​បង្ហើប​កាល​ពី​ដើម​ឆ្នាំ​នេះ នៅ​ក្នុង​ខ្សែ​ភាពយន្ត​ខាង​លើ តួ​ខ្មែរ មាន​តែ​២-៣នាក់​ប៉ុណ្ណោះ គឺ​រូប​នាង និង​ទី​២​តួ​ប្រុស​លោក មុន្នី ជា​ដើម ក្រៅ​ពី​នេះ សុទ្ធ​ជា​ជនជាតិ​ចិន​ទាំង​តារា​សម្ដែង និង​ក្រុម​ផលិត ដែល​ធ្វើ​ឲ្យ​ពួក​នាង​មាន​ការ​លំបាក​ខ្លាំង​ធៀប​នឹង​បទ​ពិសោធន៍​កន្លង​មក។ "អង្គរក្ស​ពិសេស​វគ្គ​២" បាន​ចំណាយ​ពេល​ថត​ច្រើន​បំផុត​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៩។

បន្ទាប់​ពី​ថត​ចប់ ក្រុម​ផលិត​នៃ​រឿង ក៏​បាន​ត្រឡប់​ទៅ​ស្រុក​វិញ​អស់ ដោយ​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​សម្រាប់​ដាក់​បញ្ចាំង​នោះ​ទេ សូម្បី​តែ​តួឯក​ស្រី​ខ្លួន​ឯង ក៏​មិន​ដឹង​ពី​រឿង​នោះ​ដែរ។ នីតា បាន​ប្រាប់​ថា ​ការងារ​របស់​នាង គឺ​ត្រឹម​តែ​ថត​​សម្ដែង​ប៉ុណ្ណោះ ដោយ​ឡែក​លើ​ការ​ដាក់​បញ្ចាំង​ជា​រឿង​របស់​ម្ចាស់​ផលិត​នៃ​រឿង។ យ៉ាង​ណា​ក៏​ដោយ គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​នេះ ភាពយន្ត​បែប​វាយ​ប្រហារ​ខាង​លើ មាន​ដំណឹង​ថា រឿង​បាន និង​កំពុង​ដាក់​បញ្ចាំង​នៅ​ប្រទេស​ចិន​ហើយ។

ស្រី​ស្រស់ ឆាយ នីតា បាន​សរសេរ​ប្រាប់​អ្នក​គាំទ្រ​របស់​នាង​នៅ​លើ​បណ្ដាញ​សង្គម​នា​រសៀល​ថ្ងៃ​ម្សិលមិញ។ យ៉ាង​ណា​ក៏​ដោយ តួឯក​ស្រី បញ្ជាក់​ថា នាង​មិន​ប្រាកដ​ក្នុង​ចិត្ត​​ទេ​ថា រឿង "អង្គរក្ស​ពិសេស" នេះ នឹង​ត្រូវ​ផលិតករ​យក​មក​ដាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ព្រោះ​ដូច​បាន​ប្រាប់​ពី​ខាង​លើ គឺ​នាង​ដឹង​ត្រឹម​តែ​ការងារ​សម្ដែង​របស់​នាង​ប៉ុណ្ណោះ ដោយ​ឡែក​រឿង​ផ្សេង​ពី​នេះ ក៏​ដូច​ជា​រឿង​ដាក់​បញ្ចាំង​នៅ​កន្លែង​ណា​ខ្លះ​នោះ នាង​មិនបាន​ដឹង​ឡើយ។

បើ​ទោះ រឿង​នេះ​មិន​ប្រាកដ​ថា នឹង​យក​មក​ដាក់​បញ្ចាំង​នៅ​ក្នុង​ស្រុក​ឬ​ក៏​អត់​ក៏​ដោយ ប៉ុន្តែ​មិន​ជា​បញ្ហា​នោះ​ទេ ពោល​គឺ​ប្រិយមិត្ត​នៅ​តែ​អាច​ទស្សនា​រឿង "អង្គរក្ស​ពិសេស​វគ្គ​២" ទាំង​ស្រុង​បាន ដោយ​គ្រាន់​តែ​ចុច​លើ​តំណ​នេះ

អត្ថបទ៖ ទារិកា